ប្រធានាធិបតីចិនលោក Xi Jinping បានបញ្ជាក់ជាថ្មីអំពីការអំពាវនាវរបស់លោកឱ្យប្រទេសចិន «បង្រួបបង្រួមឡើងវិញ» ជាមួយតៃវ៉ាន់ ក្នុងអំឡុងលោកថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទមុនការប្រារព្ធថ្ងៃឈប់សម្រាកបុណ្យជាតិចូលមកដល់នៅថ្ងៃអង្គារនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងការថ្លែងទៅកាន់មនុស្សរាប់ពាន់នាក់ដែលចូលរួមនៅក្នុងការប្រារព្ធពិធីអបអរខួបទី ៧៥ ឆ្នាំនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi បានអំពាវនាវឱ្យមានការប្រឆាំងទៅនឹង «សកម្មភាពផ្ដាច់ខ្លួន» របស់ក្រុមគាំទ្រឯករាជ្យភាពតៃវ៉ាន់។
លោក Xi បាននិយាយថា៖ «ការសម្រេចបាននូវការបង្រួបបង្រួមជាតិឡើងវិញទាំងស្រុងគឺជាក្ដីប្រាថ្នារួមរបស់ប្រជាជនចិន»។
កន្លងមក ចិនបានបញ្ជាក់ថាខ្លួននឹងប្រើកម្លាំងប្រសិនបើចាំបាច់ដើម្បីដណ្ដើមយកតៃវ៉ាន់ឱ្យមកស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួន និងបានបង្កើនវោហារសាស្ត្រអំពី «ការបង្រួបបង្រួមឡើងវិញ» នេះ។
សាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើងនៅថ្ងៃទី ១ ខែតុលា ឆ្នាំ ១៩៤៩ បន្ទាប់ពីកងទ័ពកុម្មុយនីស្តបានប្រយុទ្ធឈ្នះកងកម្លាំងគួមីងតាង (Kuomintang) ជាតិនិយមនៅចុងបញ្ចប់នៃសង្គ្រាមស៊ីវិលដែលមានរយៈពេល ២ ទសវត្សរ៍៕