ប្រមុខការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងមកបំពេញទស្សនកិច្ចនៅប្រទេសចំនួន ៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានកម្ពុជា ឥណ្ឌូណេស៊ី និង Papua New Guinea ដោយចាប់ផ្តើមក្នុងសប្តាហ៍នេះ។
ដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកាន់ប្រទេសទាំង៣នេះ នឹងចាប់ផ្តើមពីថ្ងៃទី ១៨ ដល់ទី ២៣ ខែមេសា ឆ្នាំ ២០២៤។ នេះបើតាមលោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារ។
បើតាមអ្នកនាំពាក្យ ចិនសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Wang នឹងជួយអនុវត្តការឯកភាពដែលលោកប្រធានាធិបតី Xi Jinping បានព្រមព្រៀងគ្នាជាមួយមេដឹកនាំនៃប្រទេសទាំង ៣ និងអនុវត្តគម្រោងប្រកបដោយគុណភាពខ្ពស់ ពាក់ព័ន្ធនឹងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ឬ BRI (Belt and Road Initiative)។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានហៅប្រទេសទាំង ៣ ថាជា«មិត្តល្អ និងដៃគូល្អ» ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក សមភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងការអភិវឌ្ឍរួមគ្នា។ លោកក៏បានកោតសរសើរចំពោះ«សន្ទុះនៃការអភិវឌ្ឍដ៏រឹងមាំ»នៃទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសទាំង ៣។
លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល ៦ ថ្ងៃនាពេលខាងមុខ លោក Wang នឹងចូលរួមយន្តការកិច្ចសហប្រតិបត្តិការការសន្ទនាកម្រិតខ្ពស់ជាមួយប្រទេសឥណ្ឌូណេស៊ី និងចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលចិន-កម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មិនផ្តល់ការអត្ថាធិប្បាយអ្វីឡើយ ដោយឱ្យអ្នកសារព័ត៌មានវីអូអេទាក់ទងទៅអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាវិញ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វីអូអេថា កម្មវិធីបណ្តោះអាសន្នកំពុងត្រូវបានរៀបចំឡើងដោយប្រទេសទាំងពីរ ហើយកាលបរិច្ឆេទមកដល់របស់លោក Wang មិនទាន់ត្រូវបានកំណត់នៅឡើយទេ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រសួងនឹងចេញសេចក្តីប្រកាសព័ត៌មានឆាប់ៗខាងមុខនេះ។
ដំណើរទស្សនកិច្ចរបស់លោក Wang គ្រោងធ្វើឡើងនៅពេលដែលប្រទេសចិនបង្កើនការទូតរបស់ខ្លួនជាមួយប្រទេសអាស៊ីអាគ្នេយ៍ ខណៈមានការរឹតបន្តឹងការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
អ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ លោក សេង វណ្ណលី ប្រាប់វីអូអេថា ដំណើររបស់ប្រមុខការទូតចិនមកកាន់ប្រទេសចំនួន ៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ មានសារៈសំខាន់នៅក្នុងការរឹតចំណងការទូតជាមួយប្រទេសក្នុងតំបន់។ អ្នកវិភាគរូបនេះបន្ថែមថា ការមកកាន់ទីក្រុងភ្នំពេញក៏បង្ហាញពីតួនាទីរបស់ចិនពាក់ព័ន្ធជាមួយគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម BRI និងថា រឿងគម្រោងព្រែកជីកដែលវៀតណាមកំពុងព្រួយបារម្ភ ក៏នឹងត្រូវលើកយកមកជជែកផងដែរ។
លោកថ្លែងថា៖ «ហើយខ្ញុំគិតថា ដំណើរទស្សនកិច្ចលើកនេះប្រហែលជារដ្ឋមន្ត្រីការបរទេសចិននឹងលើកបញ្ជាក់ពីការប្តេជ្ញាមុះមុតរបស់ភាគីចិនចំពោះគម្រោងព្រែកជីកហ្វូណន ក៏ដូចជាគម្រោងផ្សេងៗទៀត ដែលពន្យារពេលរបស់រដ្ឋាភិបាលចិន។ ខ្ញុំគិតថា ចិនចាប់ផ្តើមវាយលុកការទូតម្តងទៀតក្រោយបញ្ហាកូវីដ១៩»។
បើតាមលោក សេង វណ្ណលី ដំណើរការសេដ្ឋកិច្ចរបស់ចិនចាប់ផ្តើមវិលមករកប្រក្រតីភាពឡើងវិញដែលធ្វើឱ្យមហាយក្សចិនចាប់ផ្តើមផ្តល់សារៈសំខាន់ផ្នែកការទូតរបស់ខ្លួនសាជាថ្មី។
នៅមុនបន្តិចនៃការឡើងកាន់តំណែងរបស់លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា លោក Wang រដ្ឋមន្ត្រីការបរទេសចិនក៏បានមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ គឺនៅក្នុងខែសីហា កាលពីឆ្នាំមុន។ កាលនោះ ភាគីកម្ពុជា និងចិនបានប្តេជ្ញាបន្តគាំទ្រគ្នាទៅវិញទៅមក ហើយកម្ពុជាប្រកាសបន្តគាំទ្រនយោបាយចិនតែមួយដដែល។
អ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក លឹម ឆាយ ប្រាប់វីអូអេថា ចិនចង់បញ្ជាក់សាជាថ្មីពាក់ព័ន្ធនឹងវោហាសាស្ត្ររបស់ខ្លួន ពាក្យស្លោកនយោបាយ ព្រមទាំងពង្រឹងឥទ្ធិពលរបស់ខ្លួនជាមួយភាគីកម្ពុជា ជាពិសេសគោលគំនិតរបស់ប្រធានាធិបតីចិន លោក Xi ទាក់ទងនឹង«សហគមន៍នៃជោគវាសនារួម»។
បើតាមអ្នកស្រាជ្រាវរូបនេះ របៀបវារៈរបស់ចិនគឺរំពឹងថានឹងផ្តោតទៅលើបញ្ហាផ្សេងៗ ជាពិសេសពាក់ព័ន្ធជាមួយនឹងគម្រោងព្រែកជីក ដែលចិននឹងជួយស្ថាបនាសម្រាប់ប្រទេសកម្ពុជា ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន។
លោកបញ្ជាក់ថា៖ «ប្រសិនជាគម្រោងនេះត្រូវបានលើកយកមកពិភាក្សា កម្ពុជានឹងចាំបាច់ត្រូវប្រកាន់យកនូវវិធីសាស្រ្តដ៏ឈ្លាសវៃ ដោយធានាបាននូវអត្ថប្រយោជន៍អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ខ្លួន ដោយចៀសវាងការជាប់ពាក់ព័ន្ធក្នុងនយោបាយមហាអំណាច ជាពិសេសរវាងប្រទេសចិន សហរដ្ឋអាមេរិក ហើយនឹងវៀតណាម»។
កាលពីចុងខែកុម្ភៈ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីបញ្ជាក់ពីការប្តេជ្ញារបស់អាមេរិកមកកាន់កម្ពុជានិងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងពេលនោះ មន្រ្តីការទូតជាន់ខ្ពស់អាមេរិកក៏បានចោទសួររដ្ឋាភិបាលកម្ពុជាអំពីបញ្ហានៅមូលដ្ឋានទ័ពសមុទ្ររាម ហើយក៏បានជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស និងបើកលំហលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាផងដែរ។
អ្នកវិភាគនយោបាយអន្តរជាតិ លោក រ៉ូ វណ្ណៈ ប្រាប់វីអូអេថា ចិននៅតែព្យាយាមពង្រឹងនិងពង្រីកភាពជាអ្នកដឹកនាំមហាអំណាចក្នុងតំបន់របស់ខ្លួន ខណៈឥទ្ធិពលរបស់ចិនកាន់តែកើនឡើង ហើយកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសគាំទ្រគោលនយោបាយរបស់ចិន។
លោកថ្លែងថា៖ «អ៊ីចឹង ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរបស់ចិន ក្រៅតែពីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសហ្នឹង ខ្ញុំគិតថា របៀបវារៈនយោបាយតំបន់ឬក៏របៀបវារៈភូមិសាស្ត្រនយោបាយក៏ស្ថិតក្នុងការគិតគូររបស់ចិនជាមួយរដ្ឋាភិបាលកម្ពុជាដែរ»។
បើតាមលោក រ៉ូ វណ្ណៈ ដំណើរទស្សនកិច្ចនាពេលនេះក៏បង្ហាញពីការយកចិត្តទុកដាក់របស់ចិនមកលើកម្ពុជា ជាពិសេសនៅគ្រាមានការចោទប្រកាន់នានាពីសហរដ្ឋអាមេរិកនិងវៀតណាម លើគម្រោងព្រែកជីក និងថា វាក៏បង្ហាញពីការប្រទាញប្រទង់រវាងចិននិងអាមេរិកទាក់ទងកម្ពុជាផងដែរ។
កាលពីឆ្នាំមុន លោក Xi និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានប្រកាសអំពីកិច្ចសហប្រតិបត្តិការ«ត្បូងពេជ្រ» នៅទីក្រុងប៉េកាំង ក្នុងគោលបំណងបង្កើនទំនាក់ទំនងទ្វេភាគីក្នុងវិស័យនយោបាយ ផលិតភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវរបស់រដ្ឋាភិបាល លោក គិន ភា លើកឡើងថា ដំណើររបស់លោក វ៉ាង យី មកកម្ពុជា ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ដែលលោកថា «ផ្តល់ជាសន្ទុះបន្ថែមដល់ទំនាក់ទំនង»រវាងប្រទេសទាំងពីរ។ លោកបន្ថែមថា ការបង្ហាញក្តីបារម្ភនានារបស់វៀតណាមលើគម្រោងព្រែកជីកកម្ពុជា គឺដោយសារតែវៀតណាមខ្លាចបាត់បង់ឥទ្ធិពលរបស់ខ្លួនលើកម្ពុជា។ លោកបន្តថា ការមកដល់របស់លោក វ៉ាង ក៏មិនអាចលុបលាងការលាបពណ៌មកលើប្រទេសកម្ពុជាដែរ៕