នៅក្នុងការប្រជុំមួយតាមវីដេអូកាលពីថ្ងៃទី១មេសា ពួកមេដឹកនាំសហភាពអឺរ៉ុបបានសុំដល់ប្រទេសចិនឱ្យតឹងរ៉ឹងជាងមុនជាមួយរដ្ឋាភិបាលម៉ូស្គូ ដែលនាំឱ្យមានការរអាក់រអួលថែមទៀតដល់ទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិន។
ពួកអ្នកវិភាគនិយាយថា ការអត់ធ្មត់របស់ចិនជាមួយប្រទេសរុស្ស៊ីអំពីសង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យមានការថយក្រោយនៃចំណងទាក់ទងរបស់ខ្លួនជាមួយសហភាពអឺរ៉ុប ទោះជាមានការចម្រើនខ្លះកាលពីឆ្នាំទៅក៏ដោយ។
នៅក្នុងសន្និសីទកំពូលលើកទីមួយរវាងសហភាពអឺរ៉ុបនិងប្រទេសចិនក្នុងពេលជិតពីរឆ្នាំនៅថ្ងៃទី១ខែមេសា សហភាពអឺរ៉ុបបានព្រមានចិនប្រឆាំងនឹងការគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនឬជ្រៀតជ្រែកជាមួយការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងរដ្ឋាភិបាលក្រុងម៉ូស្គូ។ នៅក្នុងការប្រជុំពីរម៉ោងតាមវីដេអូ ពួកមន្ត្រីសហភាពអឺរ៉ុបបានសុំដល់ប្រទេសចិនដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ឱ្យជំរុញរុស្ស៊ីបញ្ឈប់សង្គ្រាមនេះ។
ចិនចាត់ទុកខ្លូនឯងថាជាប្រទេសអព្យាក្រឹតមួយពាក់ព័ន្ធនឹងសង្គ្រាមនេះ នៅពេលរក្សាចំណងទាក់ទងខាងសេដ្ឋកិច្ចនិងខាងយុទ្ធសាស្ត្រជិតស្និទ្ធជាមួយរុស្ស៊ី។
លោក Alan Chong ដែលជាសាស្ត្រាចារ្យជំនួយនៅឯមហាវិទ្យាល័យសិក្សាអន្តរជាតិ S. Rajaratnam នៅប្រទេសសិង្ហបូរីបាននិយាយថា«ការណ៍នេះនាំឱ្យមានការមួម៉ៅរបស់សហភាពអឺរ៉ុបប្រឆាំងនឹងចិនដែលបានគាំទ្រអ្វីដែលដូចជាការរំលោភជាក់ស្តែងលើច្បាប់អន្តរជាតិ។់
រុស្ស៊ីបានចាប់ផ្តើមលុកលុយប្រទេសអ៊ុយក្រែននៅថ្ងៃទី២៤កុម្ភៈហើយបានបន្តវាយប្រហារប្រទេសជិតខាងនេះយ៉ាងខ្លាំង ទោះជាមានកិច្ចចរចាគ្នានិងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាលក្រុងម៉ូស្គូក៏ដោយ។
កាលពីខែតុលាឆ្នាំមុន ប្រធានាធិបតីចិនលោកXi Jinpingបាននិយាយជាមួយមន្ត្រីជាន់ខ្ពស់អឺរ៉ុបពីរនាក់ដើម្បីកែលម្អទំនាក់ទំនង។ ទោះជាភាគីទាំងពីរមិនបានសម្រេចកិច្ចព្រមព្រៀងជាដុំកំភួនក៏ដោយ ក៏ពួកគេបាននិយាយគ្នាដោយរាក់ទាក់នៅក្រោយអឺរ៉ុបបានបង្កកកិច្ចព្រមព្រៀងវិនិយោគមួយជាមួយរដ្ឋាភិបាលក្រុងប៉េកាំងកាលពីដើមឆ្នាំ ២០២១និងបានបញ្ជូនគណៈប្រតិភូសភាមួយទៅកោះតៃវ៉ាន់។ ចិនបានចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងដោយខ្លួនឯងថាជាផ្នែកមួយនៃដែនដីរបស់ផងខ្លួន។
ពួកអ្នកវិភាគបាននិយាយប្រាប់វីអូអេកាលពីឆ្នាំទៅមិញថា ចិនសង្ឃឹមថានឹងធ្វើឱ្យមានចំណងទាក់ទងខាងពាណិជ្ជកម្មនិងខាងវិនិយោគជាមួយប្រទេសអឺរ៉ុបនិមូយៗនៅពេលដែលមហាអំណាចអាស៊ីនេះមានភាពជូរចត់កន្លះទសវត្សរ៍មកហើយជាមួយគូ ប្រជែងខ្លួនក្នុងសម័យសង្គ្រាមត្រជាក់ គឺសហរដ្ឋអាមេរិក។
លោក Chong បាននិយាយថា ចំណងទាក់ទងរវាងចិននិងអឺរ៉ុបបានល្អប្រសើរជាងមុន«បន្តិចបន្តូច»នៅក្រោយព្រឹត្តិការណ៍កាលពីខែតុលា ហើយចិនបានចាត់ទុកសហភាពអឺរ៉ុបថាជាមុខមាត់«អាចទទួលយកបាន»នៃក្រុមប្រទេសលោកខាងលិច បើប្រៀបធៀបជាមួយអាមេរិក។ លោកបានថ្លែងថាមេដឹកនាំខ្លះក្នុងសហភាពអឺរ៉ុបដែលមានប្រទេស២៧ជាសមាជិក«គិតតែពីសាច់ការ»ជាងមុនចំពោះប្រទេសចិន។
លោក Sean King ជាអនុប្រធានជាន់ខ្ពស់នៃអង្គការពិគ្រោះយោបល់ខាងនយោបាយ Park Strategies មានមូលដ្ឋាននៅបូរី New York។ លោកបាននិយាយថា សង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យមានការថយក្រោយដល់ការស្វែងរកមិត្តដោយចិនក្នុងអឺរ៉ុប។ លោកបានថ្លែងថា៖ «នេះជាថ្ងៃថ្មីមួយក្នុងអឺរ៉ុបហើយមិនមែនជាថ្ងៃស្វាគមន៍មួយដល់លោកPutin និង Xi ដែលជាអ្នកកាន់អំណាចផ្តាច់ការទេ»។
ការកាត់បន្ថយពាណិជ្ជកម្មរបស់ចិនប្រឆាំងនឹងប្រទេសលីទុយអានីបានកើតមានជាថ្មី ជាបញ្ហារកាំរកូសមួយរវាងចិននិងសហភាពអឺរ៉ុបនៅថ្ងៃទី១មេសា ហើយការចូលរបស់ក្រុមហ៊ុនអឺរ៉ុបក្នុងទីផ្សារចិនក៏ជាបញ្ហាមួយទៀតដែរ។
ប្រទេសលីទុយអានីដែលជាសមាជិកសហភាពអឺរ៉ុបបានធ្វើឱ្យរដ្ឋាភិបាលប៉េកាំងអន់ចិត្តដោយសារបានឱ្យកោះតៃវ៉ាន់ប្រើឈ្មោះខ្លួននៅក្នុងស្ថានទូតតាមព្រឹត្តន័យនៅក្នុងប្រទេសអឺរ៉ុបនេះ។
លោក Stephen Nagy ជាសាស្ត្រាចារ្យជំនួយជាន់ខ្ពស់ខាងការសិក្សានយោបាយនិងការសិក្សាអន្តរជាតិនៅសាកលវិទ្យាល័យគ្រឹស្តសាសនាអន្តរជាតិនៅតូក្យូ។ លោកបាននិយាយថា ពួកមេដឹកនាំអឺរ៉ុបយល់ឃើញថាសកម្មភាពនេះរបស់ប្រទេសចិនប្រឆាំងនឹងប្រទេសលីទុយអានីជាការបំផ្លាញឯកភាពជាប្លុករបស់ពួកគេហើយ«នាំឱ្យមានការបង់ខាតដល់តម្លៃថ្លៃថ្នូរ»ដូចជាលទ្ធិប្រជាធិបតេយ្យជាដើម។ ចិនបានតបតប្រឆាំងនឹងសាធារណរដ្ឋឆែកកាលពីឆ្នាំ២០២០ ដោយសារចំណងទាក់ទងជិតស្និទ្ធរបស់ខ្លួនជាមួយកោះតៃវ៉ាន់។
លោក Nagy បានថ្លែងថា៖ «ការបង្ខិតបង្ខំខាងសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសលីទុយអានីនិងសាធារណរដ្ឋឆែកជាឧទាហរណ៍នៃការសម្លុតពួករដ្ឋជាសមាជិកសហភាពអឺរ៉ុបពិតប្រាកដ។
នៅក្នុងសន្និសីទកំពូលនោះ ពួកមេដឹកនាំសហភាពអឺរ៉ុបបានលើកឡើងជាថ្មីបញ្ហានៃការប្រព្រឹត្តិរបស់ប្រទេសចិនដល់ក្រុមជនភាគតិចរបស់ខ្លួនផ្ទាល់ ដោយមានរួមបញ្ចូលទាំងក្រុមជនអំបូរ Uyghurs ក្នុងតំបន់ Xinjiang ផងដែរ។
ខាងវិស័យសេដ្ឋកិច្ចវិញ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបបាននិយាយនៅក្រោយសន្និសីទកំពូលកាលពីថ្ងៃទី១មេសាអំពីការធ្វើឱ្យទំនាក់ទំនងរបស់ពួកគេ «មានយុត្តិធម៌ជាងមុន» ការបង្កើតឱ្យមានសិទ្ធិស្មើគ្នា» និងការធ្វើឱ្យមានតុល្យភាពជាថ្មីដល់«ពាណិជ្ជកម្មទ្វេភាគីនិងទំនាក់ទំនងខាងវិនិយោគ»។
លោក Jayant Menon អ្នកស្រាវជ្រាវជាន់ខ្ពស់នៅឯផ្នែកសិក្សាស្រាវជ្រាវខាងសេដ្ឋកិច្ចតំបន់នៃវិទ្យាស្ថាន ISEAS-Yusof Ishak។ លោកបាននិយាយថាពួកមេដឹកនាំអឺរ៉ុបតូចចិត្តនឹងភាគកម្មសិទ្ធិរបស់រដ្ឋាភិបាលចិនក្នុងក្រុមហ៊ុនធំៗនិងការផ្តល់ជំនួយប្រាក់កាសបន្ថែមឱ្យក្រុមហ៊ុនទាំងនេះ។
លោក Menon បានថ្លែងថា៖ «ទាំងនេះជាអ្វីដែលខ្ញុំយល់ថាជាការនាំឱ្យគេចាត់ទុកចិនថាជាបញ្ហានៅក្នុងពាណិជ្ជកម្មពិភពលោក ហើយខ្ញុំគិតថាពួកអឺរ៉ុបក៏យកបញ្ហានេះមកនិយាយដែរ»។
ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មលេខ១របស់សហភាពអឺរ៉ុបនិងជាប្រភពនៃវិនិយោគដោយផ្ទាល់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ លោក Chen Yi-fan ជាសាស្ត្រាចារ្យជំនួយខាងការទូតនិងទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Tamkang ក្នុងកោះតៃវ៉ាន់។ លោកបាននិយាយថា តែបញ្ហារបស់ពួកគេបាន«ជាប់គាំង»ក្រោយការចរចាគ្នា៨ឆ្នាំដើម្បីឱ្យមានកិច្ចព្រមព្រៀងទូលំទូលាយរវាងសហភាពអឺរ៉ុបនិងចិនអំពីការបណ្តាក់ទុន។ កិច្ចចរចាគ្នាបានគាំងកាលពីឆ្នាំទៅមិញទៀត។
កិច្ចព្រមព្រៀងនេះអាចដោះស្រាយការបើកចំហទីផ្សារនិងការផ្ទេរបច្ចេកវិទ្យាដោយយកក្រុមអ្នកវិនិយោគអឺរ៉ុបជាទីដៅ។
ចិនហាក់ដូចជាមានការសម្របសម្រួលក្រោយសន្និសីទកំពូលកាលពីសប្តាហ៍ចុងក្រោយនៃខែមីនា។ ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការរបស់រដ្ឋាភិបាលក្រុងប៉េកាំងបានផ្សាយកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុបនិងប្រទេសចិនត្រូវតែ«នាំមុខគេក្នុងការការពារប្រព័ន្ធអន្តរជាតិដោយមានអ.ស.ប.ជាស្នូលនៃប្រព័ន្ធនេះ»និងព្រមតាមច្បាប់អន្តរជាតិផងដែរ។ Xinhua បានបន្ថែមថា ប្រទេសចិន «នឹងប្តេជ្ញាធ្វើកំណែទម្រង់ស៊ីជម្រៅនិងបើកចំហថែមទៀត»នូវទីផ្សាររបស់ខ្លួន ដោយដកស្រង់ពាក្យសម្តីប្រធានាធិបតី Xi៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ