ប្រធានាធិបតី​ចិន​ជួប​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​នៅ​ប៉េកាំង ខណៈ​ការ​វិនិយោគ​ថយ​ចុះ

  • ​Reuters

រូបភាពចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Xinhua បង្ហញ​ប្រធានាធិបតីចិនលោក Xi Jinping និងតំណាងក្រុមហ៊ុនធំៗរបស់​អាមេរិក ក្នុងជំនួបមួយនៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ប្រធានាធិបតីចិនលោក​ Xi Jinping បានជួប​ជាមួយ​មេដឹកនាំធុរកិច្ចអាមេរិកាំងជាច្រើន​នាក់នៅ​មហាសាល​ប្រជាជន​ចិន នា​ក្រុង​ប៉េកាំងកាល​ពីថ្ងៃ​ពុធ​ ទី ២៧ ខែមីនា​ នៅ​ពេល​រដ្ឋាភិបាល​ចិន​ប្រឹងប្រែងទាក់ទាញ​ក្រុម​អ្នក​បណ្តាក់​ទុនបរទេស​និង​ក្រុមហ៊ុន​អន្តរជាតិមក​វិញ។ ក្រុម​អ្នក​វិនិយោគ​បរទេស​និង​ក្រុមហ៊ុន​អន្តរជាតិ​ទាំង​នេះ​ស្វះស្វែង​ឱ្យ​មាន​ការធានារ៉ាប់រងជាថ្មី​អំពី​ផល​ប៉ះពាល់នៃ​បទបញ្ញត្តិ​ថ្មីៗ។

រដ្ឋាភិបាលក្រុង​ប៉េកាំងចង់បង្កើនការ​លូតលាស់នៃ​សេដ្ឋកិច្ច​ធំ​ទី​ ២ ​របស់​ពិភពលោកនេះ នៅ​ក្រោយវិនិយោគបរទេសដោយ​ផ្ទាល់​បាន​ចុះថយ​ ៨% ​ក្នុង​ឆ្នាំ​ ២០២៣ ដោយសារកង្វល់​ខ្លាំង​របស់​បណ្តា​អ្នក​បណ្តាក់​ទុនអំពី​ច្បាប់ប្រឆាំងនឹង​ចារកម្ម ​ការ​ហាមប្រាម​មិន​ឱ្យដក​ទុន​ចេញ ការ​ឆ្មក់​ចូល​ក្នុង​ការិយាល័យ​ខាង​ពិគ្រោះ​យោបល់​និង​ការស៊ើបអង្កេតផ្ទៀងផ្ទាត់​មុនអនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចាប់​ផ្តើម​ដំណើរការ។

កំណើន​ការ​ផ្តោតរបស់​លោក Xi ​លើ​សន្តិសុខជាតិបាន​នាំឱ្យ​ក្រុមហ៊ុន​ជា​ច្រើនមិន​ដឹង​ប្រាកដប្រជា​ថា​ ខ្លួន​រំលោភ​លើបទបញ្ញាត្តិ​ឬ​បែប​ណា​ទេ ទោះជា​ពួក​មេដឹកនាំ​ចិន​ស្វាគមន៍​ជា​សាធារណៈ​ចំពោះក្រុមវិនិយោគិនបរទេសក៏​ដោយ។

បើ​តាម​បណ្តាញ​ព័ត៌មានរដ្ឋ​ ​លោក Xi បាននិយាយថា៖ «ការអភិវឌ្ឍ​នៃ​ប្រទេសចិន​បាន​ឆ្លងកាត់​ការ​លំបាកនិង​ឧបសគ្គ​គ្រប់យ៉ាង​ ​ដើម្បី​អាច​មក​ដល់​ពេល​នេះ»។

លោក​បាន​បន្ថែមថា៖ «កាល​ពី​អតីតកាល ប្រទេស​ចិន​មិន​រលំ​ដោយសារ​មាន​’ទ្រឹស្តីនៃ​ការ​រលំ​របស់​ចិន’​ទេ ហើយនៅ​ពេល​នេះ​ប្រទេស​ចិន​ក៏​មិនលូតលាស់​ដល់​កម្រិត​កំពូលដែរ​ដោយ​សារ​’ទ្រឹស្តី​នៃ​ការ​ឡើង​ដល់​កំពូលរបស់​ចិន’​ដែរ»។

លោក​ Stephen Schwarzman សហ​ស្ថាបនិក​និង​ប្រធាន​កិច្ចការ​ប្រតិបត្តិនៃ​ក្រុមហ៊ុន Blackstone លោក​ Raj Subramaniam ប្រធាននៃ​ក្រុមហ៊ុន​យក្សអាមេរិកាំង​ខាង​ការ​ដឹក​ជញ្ជូន​ទំនិញ FedEx និងលោក Cristiano Amon ប្រធាន​ក្រុមហ៊ុន​ផលិតបន្ទះ​ឈីប​កុំព្យូទ័រ Qualcomm ជា​សមាជិក​នៃក្រុមបុរស​អាមេរិកាំង​ទាំង​អស់​ ២០នាក់ ​ដែល​បាន​ជួប​ជាមួយ​លោក Xi។

បើ​តាមបុគ្គល​ម្នាក់ដែល​ដឹង​ដោយ​ផ្ទាល់​អំពី​ព្រឹត្តិការណ៍​នេះថា ជំនួប​ជាមួយ​លោក Xi ដែលចាត់ចែង​ដោយ​គណៈកម្មាធិការ​ជាតិ​ទំនាក់ទំនង​សហរដ្ឋអាមេរិក-ចិន ក្រុមប្រឹក្សាធុរកិច្ច​អាមេរិក-ចិន​ (USCBC) និងអង្គការ​ស្រាវជ្រាវ​សមាគម​អាស៊ី (Asia Society) នេះ ​មានរយៈពេល​ប្រមាណ​៩០នាទី។

ប្រភព​នេះ​ ដែល​មិនប្រាប់​ឈ្មោះ​ពី​ព្រោះ​គេមិន​ឱ្យ​និយាយជាមួយបណ្តាញ​សារព័ត៌មាន មិន​មាន​អត្ថាធិប្បាយអ្វី​ភ្លាមៗ​ទេអំពី​ចំណុច​ដែល​ត្រូវ​បាន​ពិភាក្សាទេ ហើយ​គណៈកម្មាធិការ​ជាតិ​ទំនាក់ទំនង​សហរដ្ឋអាមេរិក-ចិន​និង​សមាគម​អាស៊ី​មិន​បាន​ឆ្លើយ​តបភ្លាមៗ​ដល់​សំណើ​សុំ​អត្ថាធិប្បាយ​អំពីជំនួប​នេះ​ទេ។

សេចក្តីថ្លែងការណ៍មួយរបស់​ក្រុមប្រឹក្សាធុរកិច្ច​អាមេរិក-ចិន​ (USCBC) ចែង​ថា ​ពួកគេ​«បាន​គូស​បញ្ជាក់ពី​សារៈសំខាន់​នៃ​ការ​ធ្វើ​ឱ្យសេដ្ឋកិច្ចចិន​មាន​តុល្យភាព​វិញដោយ​បង្កើនការ​ចំណាយ​របស់​អ្នកប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ចិន​និងលើកទឹក​ចិត្ត​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយកង្វល់​យូរយារ​មក​ហើយ​អំពី​លំហូរ​ទិន្នន័យ​ឆ្លងកាត់ព្រំដែន ការ​ទិញ​ឬ​លទ្ធកម្មរបស់​រដ្ឋាភិបាល​ ​កម្មសិទ្ធិបញ្ញា​និង​ការ​កែ​លម្អបទបញ្ញត្តិស្តីពី​តម្លាភាព​និង​ការ​អាច​ប្រមើល​មើល​ជា​មុន»។​

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ចិន​បានទាក់ទង​គ្នា​ជា​ថ្មី​ជា​លំដាប់លំដោយ​នៅ​ក្រោយ​ទំនាក់ទំនងរវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​នេះ​បាន​ធ្លាក់ដល់​កម្រិត​ទាប​បំផុត​ក្នុង​ពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយសារ​ការ​ប៉ះទង្គិច​គ្នាខាង​គោល​នយោបាយពាណិជ្ជកម្ម​ អនាគតនៃកោះ​តៃវ៉ាន់​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​ទាមទារ​ទឹកដី​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

វីដេអូ​មួយចេញផ្សាយ​ដោយបណ្តាញ​ព័ត៌មាន​រដ្ឋបង្ហាញ​ឱ្យ​ឃើញជំនួប​នេះ​បាន​ធ្វើ​នៅ​ក្នុង​សាល​ខាងកើតនៃ​មហាសាល​ប្រជាជន​ចិន ​ដែលត្រូវ​បាន​បម្រុង​សម្រាប់​ធ្វើ​ពិធី​សំខាន់ៗ។ ពួក​អ្នក​ចូល​រួម​អង្គុយ​ជា​រាង​បួន​ជ្រុង​ស្មើនៅ​ជុំវិញ​កន្លែង​ដាក់​ផ្កាធំ​មួយ​ប្រកប​ដោយ​ផ្កា​ពណ៌​ក្រហម ពណ៌​លឿងទុំ​និងពណ៌​បៃតង។​

រដ្ឋមន្ត្រីពាណិជ្ជកម្ម​លោក Wang Wentao អ្នក​ការទូត​កំពូល​លោក Wang Yi និងប្រធាន​ខាង​ផែនការ​រដ្ឋ​លោក Zheng Shanjie បាន​អង្គុយក្នុង​សាល​នោះ​ជាមួយ​លោក Xi។

សវនាការជាមួយ​លោក​ Xi នេះ​កើត​មាន​ឡើង​ក្រោយនាយករដ្ឋមន្ត្រី​ចិន​លោក Li Qiang មិន​បានជួប​ជាមួយក្រុម​ប្រធាន​ក្រុមហ៊ុនបរទេសនៅ​ក្នុង​វេទិកា​អភិវឌ្ឍន៍​នៃប្រទេស​ចិន​នាទី​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី២៤ និង​ទី២៥​ ខែមីនា​ កន្លង​ទៅ​នេះ។ ឱកាសនៃ​ការ​ប្តូរ​យោបល់​ជាមួយ​មេដឹកនាំលំដាប់​ទី​ពីរ​នៃ​រដ្ឋាភិបាល​ប៉េកាំងជា​ផ្នែក​សំខាន់​មួយនៃ​ជំនួបកំពូល​នេះកាល​ពី​ឆ្នាំ​មុនៗ។

ជំនួបកាល​ពី​ថ្ងៃ​ពុធ​ទី​ ២៧ ខែ​មីនា​ កើត​មានបន្ត​ពីពិធីជប់លៀងអាហារ​ពេល​ល្ងាច​កាល​ពី​ខែ​វិច្ឆិកា ​ជាមួយប្រធាន​ក្រុមហ៊ុន​ធំៗអាមេរិកាំងនៅ​ក្រុង San Francisco សហរដ្ឋ​អាមេរិក ដែល​នៅទីនោះ​ក្រុម​អ្នក​ចូលរួម​បាន​ក្រោក​ឈរ​ទះ​ដៃ​អបអរសាទរប្រធានាធិបតី​ចិន​លោក Xi៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ