នាយក​រដ្ឋមន្ត្រី​ចិន​ច្រានចោល​ការ​បារម្ភ​អំពី​រថយន្ត​អគ្គិសនី​និង​ឧស្សាហកម្ម​បៃតង

នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Qiang ថ្លែង​ក្នុង​អំឡុង​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​រដូវក្តៅក្រុង Davos នៅទីក្រុង Dalian ​ភាគឦសាន​របស់​ប្រទេស​ចិន នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤។

នាយក​រដ្ឋមន្ត្រី​ចិន​លោក Li Qiang ​បានច្រានចោល​កាលពី​ថ្ងៃអង្គារ​ ប្រឆាំង​នឹង​ការរិះគន់​ថា ​ក្រុមហ៊ុន​ចិន​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​មិន​យុត្តិធម៌​ និង​លើ​ការព្រួយបារម្ភ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ចិន។

នៅក្នុង​សុន្ទរកថា​មួយ​ នៅឯ​ពិធីបើក​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​រដូវក្តៅ​ក្រុង ​Davos​ នៅ​ទីក្រុង Dalian ​ភាគឦសាន​របស់​ប្រទេស​ចិន​ លោក Li​ បាន​និយាយ​អំពី​សារៈសំខាន់​នៃ​ទីផ្សារ​បើកចំហ ​និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​បៃតង។

សុន្ទរកថា​របស់​លោក Li ​កើតឡើង​ នៅពេល​ដែល​មាន​ការជំរុញ​ជាសកល​បាន​កើនឡើង​ចំពោះ​ការនាំចេញ​រថយន្ត​អគ្គិសនី​របស់​ប្រទេស​ចិន ​និង​ការព្រួយ​បារម្ភ​ថា ​ចិន​កំពុង​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃថោក ​និង​បច្ចេកវិទ្យា​បៃតង​ផ្សេងទៀត​ទៅកាន់​ទីផ្សារ​ដោយ​ធ្វើ​ឲ្យ​ហូរហៀរ​ពី​អឺរ៉ុប​ទៅដល់​ទ្វីប​អាមេរិក​ខាងជើង។

រដ្ឋបាល​លោក​ Biden ​បាន​ប្រកាស​ពី​ផែនការ​កាលពី​ខែមុន ​ដើម្បី​ដំឡើង​ពន្ធគយ​លើ​ការនាំចូល​រថយន្ត​អគ្គិសនី​ ដែល​ជា​ផលិតផល​របស់​ចិន ​និង​ផលិតផល​ថាមពល​ស្អាត​ផ្សេង​ទៀត។ សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ដាក់​ពន្ធ​គយ​លើ​រថយន្ត​អគ្គិសនី​ ចាប់​ពី​ខែ​ក្រោយ។

ថ្លែង​ទៅកាន់​អ្នកចូលរួម​ដែល​មាន​ឥស្សរជន​នយោបាយ ​និង​ធុរកិច្ច ​លោក Li​ បាន​រិះគន់​ភាពតានតឹង​ពាណិជ្ជកម្ម​ដែល​កំពុង​បន្ត ​និង​អ្វី​ដែល​លោកហៅថា ​ការផ្តាច់ចំណង​ ខណៈដែល​លោក​បាន​ធានា​ឡើងវិញ​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំពុង​រីកចម្រើន​ក្នុង​ល្បឿន​យ៉ាង​លឿន​ និង​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅ​សម្រេច​បាន​គោលដៅ​កំណើន​ចំនួន ​៥%​ នៅឆ្នាំ​នេះ។

ដោយថ្លែង​ពី​ក្តី​កង្វល់​ដែល​ថា​ប្រទេស​ចិន​កំពុង​ធ្វើ​ឲ្យ​ជន់លិច​ទីផ្សារ​ លោក Li ​បាន​និយាយ​ថា​ រថយន្ត​អគ្គិសនី​របស់​ចិន ​អាគុយ​លីចូម ​និង​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ​ «ជាដំបូង​ធានា​នូវ​តម្រូវការ​ក្នុង​ស្រុក ​ទន្ទឹមនឹង​ការពង្រឹង​ការផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​អន្តរជាតិ​ បន្ធូរបន្ថយ​សម្ពាធ​អតិផរណា​លើ​ពិភពលោក ​និង​ការរួម​ចំណែក​ជាវិជ្ជមាន​ដោយ​ប្រទេស​ចិន​ចំពោះ​ការឆ្លើយតប​ជាសកល​ចំពោះ​ការប្រែប្រួល​អាកាសធាតុ»។

ប្រទេស​ចិន​អះអាង​ថា​ ការរីកចម្រើន​របស់​ខ្លួន​នៅក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​បៃតង​ត្រូវ​បាន​ចាក់ឫស​ក្នុង​ការវិនិយោគ​ដំបូង​ ហើយ​លោក​ខាងលិច​កំពុង​ចាត់វិធានការ​មិន​សមហេតុផល​ដោយ​ការដាក់​ពន្ធគយ៕