សេដ្ឋកិច្ចប្រទេសចិនបានរីកចម្រើនលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដោយត្រូវបានជួយជំរុញដោយគោលនយោបាយនានាដែលមានបំណងបង្កើនការរីកចម្រើននិងតម្រូវការខ្លាំងក្លាជាងមុន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP ដែលយោងលើការបញ្ជាក់របស់រដ្ឋាភិបាលចិននៅថ្ងៃអង្គារនេះ។
សេដ្ឋកិច្ចចិនដែលជាសេដ្ឋកិច្ចធំជាងគេបង្អស់ទីពីរនៅលើពិភពលោកនេះបានរីកចម្រើនក្នុងល្បឿន ៥,៣% ប្រចាំឆ្នាំនៅរវាងខែមករានិងខែមីនាឆ្នាំនេះ ដោយរីកចម្រើនហួសការព្យាករណ៍ទុករបស់អ្នកវិភាគនានាដែលបានព្យាករណ៍ថា សេដ្ឋកិច្ចចិននឹងរីកចម្រើនក្នុងកម្រិតប្រហែល ៤,៨%។ នេះបើតាមការបង្ហាញរបស់ទិន្នន័យផ្លូវការ។ បើប្រៀបទៅនឹងត្រីមាសមុនៗ អត្រារីកចម្រើននៃសេដ្ឋកិច្ចចិនបានកើនចំនួន ១,៦%។
សេដ្ឋកិច្ចចិនបានប្រឹងប្រែងយ៉ាងត្រដាបត្រដួសក្នុងការរើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩ ដោយតម្រូវការមានភាពយឺតយ៉ាវហើយវិបត្តិអចលនទ្រព្យបានបង្អាក់ដល់ការរីកចម្រើន។
ទិន្នន័យប្រសើរជាងការរំពឹងទុកនេះដែលបង្ហាញឡើងនៅថ្ងៃអង្គារនេះបានលេចឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីចិនបានបញ្ជាក់ថាការនាំចេញរបស់ខ្លួនបានធ្លាក់ចុះ ៧,៥% កាលពីខែមីនាបើប្រៀបទៅនឹងមួយឆ្នាំមុន ហើយការនាំចូលក៏ធ្លាក់ចុះផងដែរ។ អតិផរណាមានភាពប្រសើរឡើង ដោយឆ្លុះបញ្ចាំងឱ្យឃើញសម្ពាធបរិត្តផរណាដែលកើតចេញពីតម្រូវការធ្លាក់ចុះនៅចំពេលមានវិបត្តិអចលនទ្រព្យ។
ការរីកចម្រើនខ្លាំងក្លានៅរវាងខែមករានិងខែមីនានេះគឺត្រូវបានជួយជំរុញដោយ «ការកើនឡើងបានល្អយ៉ាងទូលំទូលាយផ្នែកផលិតកម្ម» ការចំណាយកើនឡើងរបស់ក្រុមគ្រួសារនីមួយៗក្នុងរដូវឈប់សម្រាកបុណ្យចូលឆ្នាំចិន និងគោលនយោបាយដែលជួយបង្កើនការវិនិយោគ។ នេះបើយោងតាមការបញ្ជាក់របស់សេដ្ឋវិទូជំនាញខាងប្រទេសចិនអ្នកស្រី Louise Loo នៃក្រុមហ៊ុន Oxford Economics។
ការរីកចម្រើនខ្លាំងក្លារបស់សេដ្ឋកិច្ចចិន ដែលជាសេដ្ឋកិច្ចធំជាងគេបង្អស់នៅក្នុងតំបន់នេះ ជាទូទៅត្រូវបានគេមើលឃើញថាមានលក្ខណៈវិជ្ជមានសម្រាប់ប្រទេសជិតខាងរបស់ចិន ដែលប្រទេសទាំងនោះកាន់តែពឹងផ្អែកលើប្រទេសចិនសម្រាប់តម្រូវការក្នុងការផ្គត់ផ្គង់ដល់សេដ្ឋកិច្ចរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ តួលេខរីកចម្រើនខ្លាំងក្លានេះក៏ត្រូវបានគេមើលឃើញផងដែរថាជាសញ្ញាមួយដែលរដ្ឋាភិបាលចិននឹងស្ទាក់ស្ទើរក្នុងការជំរុញការរីកចម្រើនសេដ្ឋកិច្ចបន្ថែមទៀត៕