ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិនត្រូវធ្វើការងារបន្ថែមដើម្បីដោះស្រាយបញ្ហាអត់ការងារធ្វើនិងធ្វើឱ្យមានស្ថិរភាពទីផ្សារផ្ទះសម្បែង


រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីចិន​លោក Li Qiang ជជែកគ្នា​ក្នុងអំឡុងសមាជ​ប្រចាំឆ្នាំ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីចិន​លោក Li Qiang ជជែកគ្នា​ក្នុងអំឡុងសមាជ​ប្រចាំឆ្នាំ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

មន្ត្រី​កំពូល​ចិន​បាន​ទទួល​ស្គាល់​កាលថ្ងៃ​ទី ៩​ ខែមីនា​ថា​ ប្រទេស​ចិន​ចាំបាច់​ត្រូវ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ដើម្បី​បង្កើន​ការងារនិង​ស្ថិរភាព​ទីផ្សារ​អចលនទ្រព្យ​របស់​ខ្លួន​ ខណៈអ្នក​បង្កើត​គោលនយោបាយ​ កំពុង​ប្រឹងប្រែង​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដែល​ធ្លាក់​ចុះ​របស់​ប្រទេស​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍របស់​ទី​ភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ប្រឈម​នឹង​វិបត្តិ​វិស័យ​អចលនទ្រព្យ​ដែល​អូសបន្លាយ​ ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​ដែល​មិន​ធ្លាប់​មាន​ក្នុង​កំណត់ត្រា​ និង​ការ​ធ្លាក់​ចុះ​ជាសាកល​ដែល​ប៉ះពាល់​ដល់​តម្រូវការ​ទំនិញ​របស់​ចិន។ ភាព​អត់​ការងារ​ធ្វើ​របស់យុវជនចិនបាន​កើន​ឡើង​ដល់​ចំនួន​ ២១,៣ភាគរយ​ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ពាក់​កណ្តាល​ឆ្នាំ ២០២៣ មុន​ពេល​ដែល​មន្ត្រី​បាន​ផ្អាក​ការ​ចេញផ្សាយ​តួលេខ​ប្រចាំ​ខែ​។

តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ជាច្រើន​ខែ​ ដោយ​អ្នក​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំៗ​មួយ​ចំនួន​ជួប​ការ​លំបាក​ក្នុង​ការ​បន្ត​អាជីវកម្ម​របស់​ខ្លួន។

នៅ​ក្រៅ​សមាជប្រចាំ​ឆ្នាំ​រយៈពេល​មួយ​សប្តាហ៍​ នៃ​សភាប្រថាប់ត្រារបស់ប្រទេសចិន​កាលពី​ថ្ងៃ​ទី​ ១១ ​ខែ​មីនាកន្លងទៅ​ ក្រុម​មន្ត្រីចិន​បាន​ទទួល​ស្គាល់​ការ​លំបាក​ក្នុង​ការ​ស្តារ​វិស័យ​ទាំង​ពីរ​នេះ​។

លោក Wang Xiaoping រដ្ឋមន្ត្រី​ក្រសួង​ធនធាន​មនុស្ស និង​សន្តិសុខ​សង្គម​បាន​ថ្លែង​ថា «ជា​រួម សម្ពាធ​ការងារ​មិន​ថយ​ចុះ​ទេ ហើយ​នៅ​តែ​មាន​ភាព​ផ្ទុយ​គ្នា​ខ្លាំង​ដែល​ត្រូវ​ដោះស្រាយ»។

លោក Wang បាន​ថ្លែង​ថា៖ «កម្មករ​មួយ​ផ្នែកមានបញ្ហា​ប្រឈម​ និង​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​ការងារ ហើយ​ចាំបាច់​ត្រូវ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​មាន​ស្ថិរភាព​ការងារ»។

ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ «មាន​ទំនុកចិត្ត​លើ​ការ​បន្តរក្សា​ស្ថិរភាពការងារ​»។

រដ្ឋមន្ត្រី​ក្រសួង​លំនៅឋាន​លោក​ Ni Hong បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​ស្តារទីផ្សារ​អចលនទ្រព្យឡើងវិញ​ ដែល​ធ្លាប់​រួម​ចំណែក​សេដ្ឋកិច្ច​ប្រមាណ​មួយ​ភាគ​បួន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​អស់ពេល​ជា​យូរ​មក​ហើយ​នោះ នៅ​តែ​ជា​បញ្ហា​ប្រឈម​មួយ។

លោកថ្លែងដូច្នេះ​ថា៖ «កិច្ចការ​រក្សា​ស្ថិរភាព​ទីផ្សារ​គឺ​នៅ​តែ​ពិបាក​ខ្លាំង​ណាស់» ដោយ​លោក​បានលើក​ឡើង​ពីកិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ និង​ការ​បញ្ចុះ​តម្លៃ​បង់​ប្រាក់​ដំបូង។

​លោក​ Ni​ និយាយ​ថា​ ក្រុមហ៊ុន​អចលនទ្រព្យ​ដែល «ត្រូវ​ក្ស័យធន គួរ​តែ​ក្ស័យធន​ ហើយ​ក្រុមហ៊ុន​ដែល​ត្រូវ​ការ​ការ​រៀបចំ​រចនាសម្ព័ន្ធ​ឡើង​វិញ គួរ​តែ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ»។ លោក​បន្ថែម​ទៀត​ថា​ តួអង្គ​ក្នុង​ទីផ្សារ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​មហាជន ​គួរ​តែ​ត្រូវ​បាន​ស៊ើបអង្កេត​យ៉ាង​ម៉ឺងម៉ាត់​ និង​ដោះស្រាយ​តាម​ច្បាប់»។

ប៉ុន្តែ​ទោះ​បី​ជា​មាន​បញ្ហា​ខ្លាំង​ជាមួយ​នឹង​ទីផ្សារ​លំនៅដ្ឋាន​ក៏​ដោយ ក៏​លោក​បាន​ទទូច​ថា «រឿង​ដ៏​សំខាន់​» របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​បញ្ចៀស​ «ហានិភ័យ​ជា​ប្រព័ន្ធ» នៅ​ក្នុង​វិស័យ​អចលនទ្រព្យត្រូវ​បាន​រក្សា​អនុវត្ត​។

សមាជ​សភា​ប្រជាជន​ជន​ក្នុង​ទីក្រុង​ប៉េកាំង​ក្នុង​សប្តាហ៍​កន្លង​ទៅ​ ផ្តោត​ខ្លាំង​លើ​បញ្ហា​សេដ្ឋកិច្ច​ និង​សន្តិសុខ។

កាលពីថ្ងៃ​ទី ​៥ ខែមីនា​កន្លង​ទៅ​ មេដឹកនាំ​កំពូលចិនបាន​កំណត់​គោលដៅ​កំណើន​ដោយ​មហិច្ឆតា​ក្នុង​ចំនួន ៥ភាគរយ​ក្នុង​ឆ្នាំ​២០២៤​ ដែល​ជាគោលដៅដែល​ក្រុម​អ្នក​វិភាគនិយាយ​ថា ជា​ចំនួន​ដ៏​មហិច្ឆិតាមួយ ​ដោយសារ​ផលប៉ះពាល់​ដែល​សេដ្ឋកិច្ច​ចិន​កំពុង​ជួប​ប្រទះ។

នាយក​រដ្ឋមន្ត្រី​ចិន​ លោក Li Qiang បាន​ទទួល​ស្គាល់​ថា​ ​ការ​សម្រេច​បាន​នូវ​គោលដៅ​នេះ «មិន​ងាយ​ស្រួល​ទេ» ដោយ​សារ ​«ហានិភ័យ​ដ៏​យូរ​អង្វែង​និង​គ្រោះថ្នាក់​ដែល​មើល​មិន​ឃើញ» នៅ​តែ​មាន​នៅ​ក្នុង​សេដ្ឋកិច្ច​ចិន​នៅ​ឡើយ។

​ក្រុម​វិនិយោគិន​បាន​អំពាវនាវ​ឱ្យ​មាន​វិធានការ​ច្រើន​ជាង​មុន​ពី​រដ្ឋ​ ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​ដែល​កំពុង​ជាប់​គាំង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG