ជំនួយ​ក្រៅ​ប្រទេស​​របស់​​ចិន​ដើម្បី​​ប្រឆាំង​នឹង​វីរុសកូរ៉ូណា​កំពុង​ពង្រីក​ឥទ្ធិពល​និង​បង្វែរ​ការ​ស្តី​បន្ទោស

  • Brian Padden

រូ​បឯកសារ៖ ជំនួយចិនប្រឆាំងនឹងជំងឺកូវីដ១៩ បានមកដល់ក្រុងកាប៊ុល។

ស្រប​ពេល​ប្រទសអេស្ប៉ាញ និង​អ៊ីតាលី​កំពុង​តែ​ប្រឈម​នឹង​ការ​ឆ្លង​វីរុស​កូរ៉ូណា​យ៉ាង​ឆាប់រហ័ស ហើយ​ការ​រាលដាល​នៃ​មេរោគ​នេះ​បាន​កើតមានតាម​នៅ​បណ្តា​ប្រទេស​ដទៃ​ទៀតកាល​ពី​ខែ​មីនា ប្រទេស​ចិន​បាន​ចាប់ផ្តើម​បញ្ជូន​ប្រដាប់ប្រដា​ធ្វើ​តេស្ត គ្រឿង​បំពាក់​ការពារ និង​ជំនួយ​ផ្នែក​សុខាភិបាល​សំខាន់ៗ​ដទៃ​ទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។

​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ខ្លាំង បាន​ស្វាគមន៍​ជំនួយ​នោះ បើ​ទោះបី​ជា​គ្រឿង​សម្ភារៈ​មួយ​ចំនួន​ខូច​ក៏​ដោយ។ ប្រទេស​ចិន​នៅ​តែ​ជា​ប្រទេស​ដែល​ផលិតឧបករណ៍ការពារ​ផ្នែក​វេជ្ជសាស្រ្ត​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ លោក Robert Daly អ្នក​វិភាគ​ពី​ប្រទេស​ចិន​នៅ​វិទ្យាស្ថាន​ Wilson Center ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​និយាយ​ថា គ្រឿង​សម្ភារៈ​ទាំងអស់​នោះ ក៏ដូចជា ប្រដាប់ប្រដា​ធ្វើតេស្ត និង​បទពិសោធន៍​ដែល​គ្រូ​ពេទ្យ​ចិន​មាន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩ កំពុង​ត្រូវ​បាន​បណ្តា​ប្រទេស​ដទៃទៀត ដែល​កំពុង​ប្រឈម​ជាមួយ​នឹង​វិបត្តិ​សុខាភិបាល​ សាទរ។

លោក​ Daly បាន​និយាយ​ថា៖ «ភាព​វិជ្ជមាន​ផ្នែក​ការទូត​របស់​ចិន​ផ្អែក​លើ​ទំនិញសាធារណៈ ជា​ពិសេសនៅ​តាម​ប្រទេស​កំពុង​អភិវឌ្ឍ ឬ​ប្រទេស​មិន​សូវ​មាន​ការអភិវឌ្ឍ ប្រហែល​នឹង​ជួយ​គួប​ផ្សំ​ជាអត្ថប្រយោជន៍​ដល់​ឥទ្ធិពល​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​របស់​ចិន»។

នៅ​ពេល VOA សួរ​នៅ​ដើម​ខែ​មេសា​អំពី​ជំនួយ​ប្រទេស​ចិន ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា លោក​ស្វាគមន៍​ជំនួយ​នោះ។

​លោក​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី០១ ខែ​មេសា​ថា៖ «យើង​មាន​ប្រទេស​ចំនួន ១៥១​ នា​ពេល​នេះ ដែល​កំពុង​ត្រូវ​ហ៊ុមព័ទ្ធ​ដោយ​វីរុស។ ហើយ​ប្រសិន​បើ​ប្រទេស​ចិន​អាច​ជួយ​ពួកគេ​ ខ្ញុំ​ក៏​គាំទ្រ​តាម​ហ្នឹង​ដែរ។ ខ្ញុំ​គាំទ្រ​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»។

​ប៉ុន្តែ​ការ​ចូលជួយ​របស់​ចិន​ត្រូវ​បាន​យល់​ឃើញ​ថា ជា​ផ្នែក​សំខាន់​មួយ​នៃ​ផែនការ​របស់​រដ្ឋាភិបាល​ក្រុងប៉េកាំង​ ដើម្បី​បញ្ចៀស​ការ​ស្តីបន្ទោស​នៃ​ការ​រាលដាល​វីរុសកូរ៉ូណា​ជា​សាកល ដែលប្រភពជាក់លាក់​ពិតប្រាកដ​នៅក្នុង​ប្រទេស​ចិន​មិនទាន់​ត្រូវ​បានគេ​ដឹង​ច្បាស់ ហើយមនុស្ស​មួយ​ចំនួន​បន្ត​មាន​មន្ទិល​ទៅ​លើ​តួលេខ​ផ្នែក​សុខាភិបាល និង​សេដ្ឋកិច្ច​ផ្លូវការ​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​រដ្ឋាភិបាល​ចិន។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ មន្រ្តី​ចិន​បាន​ជំរុញ​នូវ​រឿង​ប្រឌិត​ថា យោធា​អាមេរិក​បាន​នាំ​វីរុស​កូរ៉ូណា​មក​ប្រទេស​ចិន។

ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​កង្វះ​តម្លាភាព​របស់ចិន​ជុំវិញ​ការ​រាលដាល​ជំងឺ​កូវីដ១៩ ប្រហែល​កំពុង​ចាប់​ផ្តើម​បង្កជាផលវិបាកហើយ​ដល់នយោបាយការ​ទូត​ចិន​ហើយ​ ជាមួយ​បណ្តា​ប្រទេស​នានា​ ដែល​កំពុង​ប្រឈម​នឹង​វិបត្តិផ្នែកសុខាភិបាល និង​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន។

លោក Dan Runde អ្នក​វិភាគ​លើ​ប្រទេស​ចិន​នៅ​ឯ​វិទ្យាស្ថានយុទ្ធសាស្រ្ត​ និងសិក្សា​អន្តរជាតិ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​និយាយ​ថា ជំនួយ​បរទេស​មិន​អាច​ស្តារ​ការ​ខូចខាត​ពី​ការ​ចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ប្រភព​មិនច្បាស់លាស់​នៃ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​កង្វះ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​ការ​បកស្រាយ​ពីកម្រិតស្ថានភាព​ដុនដាប​នៅ​ក្នុង​ប្រទេស​នោះ​ទេ។ ​

លោក Runde បាន​និយាយ​ថា៖ «ចិន​គឺ​ជា អ្នក​បង្ក​អគី្គភ័យ​ ដែល​ឥឡូវ​បែរ​ជា​មកព្យាយាម​រត់ចុះ​ឡើង ដើម្បី​ពន្លត់​ភ្លើង​ដែល​ខ្លួន​បាន​បង្ក​ឡើង។ ហើយ​តើ​យើង​ពិត​ជា ចង់​សាទរពួកគេ​ក្នុង​រឿង[​ពន្លត់​ភ្លើង​ដែល​ខ្លួន​បង្ក​]នេះ​ឬ?»។

​ស្រប​ពេល​ដែល​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ​បន្ត​កើត​ឡើង ចិន​បាន​ចាប់​ខ្លួន​អ្នក​ទម្លាយ​រឿង​រាលដាលនៃ​ជំងឺ​នេះ បំបិទ​ការ​ផ្សព្វផ្សាយ ហើយ​បន្ទាប់​មក​ផ្លាស់ប្តូរ​ចំណុច​ជា​ច្រើន​ដង​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​នៃ​អ្នក​ដែល​មាន​ជំងឺ​ពិតប្រាកដ និង​រារាំង​ក្រុម​អ្នកស្រាវជ្រាវ​ដែល​ព្យាយាម​រៀន​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ចិន ដើម្បីរៀប​ចេញ​ជា​គំរូទស្សន៍ទាយនៃ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ​មក​ប្រើ​នៅ​ក្នុង​ប្រទេសរៀងៗខ្លួន។

​ការ​រឹតត្បិត​របស់​ចិន និង​ភាព​អសកម្ម​របស់​សហរដ្ឋអាមេរិក

​សូម្បី​តែ​ពួកអ្នករិះគន់ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​ចិន​ទៅ​នឹង​ការ​រាលដាល​ជំងឺ​កូវីដ១៩ និយាយ​ថា គេ​ពិបាក​នឹងការ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ចំពោះកង្វះខាត​ការ​ត្រៀម​លក្ខណៈ​របស់​បណ្តា​ប្រទេស​ដទៃ​ទៀត​ ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍​ ខណៈ​ដែល​វីរុស​នោះ​បាន​រីករាលដាល​ជុំវិញ​ពិភពលោក។

លោក Daly ដែល​ជា​អ្នកវិភាគបាន​និយាយ​ថា៖ «ចិន​ពិត​ជា​បានបិទបាំង​រឿង​នេះនៅ​ក្នុង​បែបផែន​ភ័យខ្លាច​ហួសហេតុមួយ។ យើង​ដឹង​ថា នេះ​ជា​ការ​ផ្តល់​ព័ត៌មាន​ខុស ជា​ការ​ឃោសនា និង​ការ​ចាប់​ខ្លួន​ក្រុម​អ្នករិះគន់។ ហើយ​ទាំងអស់​នេះ​ជា​ការពិត»។

លោក​បាន​បន្ត​ថា៖ «ប៉ុន្តែការ​វាយតម្លៃ​ពី​រដ្ឋបាល​លោក​ត្រាំ​ហាក់​ដូចជា​បង្ហាញ​ថា ប្រសិន​បើ​ចិន​មាន​តម្លាភាព​ពិត​ប្រាកដ​ សហរដ្ឋអាមេរិក​ប្រហែល​មាន​យុទ្ធសាស្រ្ត​ដ៏​ល្អ​មួយ​នៅ​ក្នុង​ការ​ឆ្លើយតប​នឹង​បញ្ហា​នេះ។ ហើយ​យើង​ដឹង​ថា នេះ​មិនមែន​ជា​ការ​ពិត​នោះ​ទេ»។

លោក​ប្រធានាធិបតីត្រាំ​បាន​លើក​ឡើង​ថា រដ្ឋបាល​របស់​លោក​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​គំរាមកំហែង​នៃ​ជំងឺ​កូវីដ១៩ ប៉ុន្តែ​ពួក​អ្នក​នយាបាយ​ប្រឆាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ​បាន​រិះគន់​យ៉ាង​ចាស់​ដៃ ដោយ​បានសំដៅ​ទៅ​លើ​ការណ៍​ដែល​លោក​ត្រាំ​មិន​សូវ​និយាយ​មុតមាំ​ពី​ការ​គំរាមកំហែង​នៃ​វីរុសកូរ៉ូណា​អស់​រយៈពេល​ជា​ច្រើន​សប្តាហ៍ ហើយ​ពេល​ខ្លះ​ថែម​ទាំង​និយាយ​ថា នេះ​ «គ្រាន់​តែ​ជា​រឿង​ប្រឌិត​ឡើង» តែ​ប៉ុណ្ណោះ មុន​ពេល​ផ្លាស់ប្តូរ​ជំហរ​របស់​ខ្លួន និង​ណែនាំ​ឲ្យ​ពលរដ្ឋ​ស្នាក់​នៅ​ផ្ទះ។

ក្រុម​អ្នករិះគន់​និយាយ​ថា ការណ៍​នេះ​បង្ហាញ​ថា ការ​ឆ្លើយតប​របស់​រដ្ឋបាល​អាមេរិក​គឺ​ត្រូវ​បាន​ជំរុញ​ដោយ​ហេតុផល​នយោបាយ ការ​បំបាក់​មុខ​ចិន​ជា​សាធារណៈ ការ​ហៅ​វីរុស​កូរ៉ូណា​ជា​វីរុស​វូហាន ដែល​នេះ​ជា​ការ​ប្រឹងប្រែង​មួយ​ដើម្បី​បង្វែរ​ការ​បន្ទោស​ពីការ​ឆ្លើយតប​យឺតយ៉ាវ​នា​គ្រា​ដំបូង​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

ទោះ​បី​ជា​សហរដ្ឋអាមេរិក​បាន​ផ្តល់​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា​នៅលើសាកលលោក សេតវិមាន​កំពុង​បង្ហាញ​ថា គ្រឿង​បំពាក់​ការពារ​មួយ​ចំនួន​មិន​គួរត្រូវ​បញ្ជូន​ទៅ​ក្រៅ​ប្រទេស​ ដើម្បី​ផ្តល់​អាទិភាព​ដល់​ការ​ប្រយុទ្ធប្រឆាំង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ដែល​ឥឡូវ​នេះ​មាន​ស្ថានភាព​រាតត្បាត​ជំងឺ​កូវីដ​១៩​ធ្ងន់ធ្ងរ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។

ការ​ផ្តោត​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ​ទៅ​លើ​តម្រូវ​ការ​របស់​សហរដ្ឋអាមេរិក​គឺ​សមស្រប​ជាមួយ​នឹង​គោល​នយោបាយ​ដែល​លោក​ប្រធានាធិបតី​បាន​សន្យា​នៅ​ពេល​ដែល​លោក​បាន​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ​២០១៦។

លោក Daly បាន​និយាយ​ថា «និយាយ​រួម​ទៅ វីរុសកូរ៉ូណា​គ្រាន់​តែ​ធ្វើ​ឲ្យ​និន្នាការ​ដែល​មាន​ស្រាប់​ពី​មុន​មក ​កាន់​តែ​អាក្រក់​ និង​លឿន​ជាង​មុន​ប៉ុណ្ណោះ»៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា​