ក្រុមហ៊ុនចិន BYD បានសម្ពោធរោងចក្រផលិតរថយន្តអគ្គិសនីនៅថៃ កាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែកក្កដា ដែលជារោងចក្រដំបូងរបស់ក្រុមហ៊ុននេះនៅតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារផលិតរថយន្តអគ្គិសនីក្នុងតំបន់កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយថៃបានក្លាយជាអ្នកដើរតួចម្បង។
នាយកប្រតិបត្តិនិងប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បានថ្លែងអំឡុងពេលសម្ពោធថា៖ «ថៃមានទស្សនវិស័យស្តីពីរថយន្តអគ្គិសនីច្បាស់លាស់ ហើយកំពុងឈានជើងចូលសម័យកាលថ្មីនៃផលិតកម្មយានយន្ត។ យើងនឹងនាំយកបច្ចេកវិទ្យាពីចិនមកថៃ»។
រោងចក្រ BYD ជាផ្នែកមួយនៃការវិនិយោគជាបន្តបន្ទាប់ក្នុងតម្លៃជាង ១.៤៤ ពាន់លានដុល្លារ ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិននានា ដែលកំពុងបង្កើតរោងចក្រនៅថៃ ហើយដែលកំពុងទទួលបានជំនួយទំនុកបម្រុងពីរដ្ឋាភិបាលថៃ ក៏ដូចជាការលើកទឹកចិត្តផ្នែកពន្ធដារ។
ថៃដើរតួជាមជ្ឈមណ្ឌលផ្គុំនិងនាំចេញរថយន្តក្នុងតំបន់ ហើយសម្បូរទៅដោយក្រុម ហ៊ុនផលិតរថយន្តជប៉ុនដូចជា ក្រុមហ៊ុន Toyota Motor ក្រុមហ៊ុន Honda Motor Co និងក្រុមហ៊ុន Isuzu Motors។
នៅត្រឹមឆ្នាំ ២០៣០ ថៃមានគោលដៅប្រែក្លាយ ៣០ ភាគរយនៃផលិតកម្មរថយន្ត ២ លាន ៥សែនគ្រឿង ទៅជារថយន្តអគ្គិសនី។ នេះបើយោងទៅតាមផែនការរបស់រដ្ឋាភិបាល។
លោក Narit Therdsteerasukdi អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគថៃបានថ្លែងថា៖ «ក្រុមហ៊ុន BYD កំពុងប្រើប្រាស់ថៃជាកន្លែងផលិតកម្មសម្រាប់នាំចេញទៅកាន់អាស៊ាននិងប្រទេសមួយចំនួនដទៃទៀត» ដោយសំដៅទៅប្លុកប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
ជាផ្នែកនៃការពង្រីកខ្លួននៅខាងក្រៅចិន ក្រុមហ៊ុន BYD កំពុងសាងសង់មូលដ្ឋានផលិតកម្មដំបូងរបស់ខ្លូននៅប្រទេសហុងគ្រីក្នុងតំបន់អឺរ៉ុប។ ដោយត្រៀមចាប់ផ្តើមប្រតិបត្តិការនៅក្នុងរយៈពេលបីឆ្នាំ រោងចក្រ BYD នឹងផលិតរថយន្តអគ្គិសនី និងរថយន្តប្រភេទ Hybrid សម្រាប់ទីផ្សារអឺរ៉ុប ជាទីដែលគណៈកម្មការអឺរ៉ុបបានប្រថាប់ពន្ធរហូតដល់ជិត ៣៨ ភាគរយ លើរថយន្តអគ្គិសនីផលិតដោយចិន។
រថយន្តអគ្គិសនីផលិតនៅចិនរបស់ក្រុមហ៊ុន BYD នឹងត្រូវប្រឈមពន្ធប្រមាណ១៧ភាគរយ។
រោងចក្រផលិតដ៏ធំរបស់ក្រុមហ៊ុន BYD នៅថៃ ដែលត្រូវបានប្រកាសឡើងកាលពីពីរឆ្នាំមុន និងមានតម្លៃ ៤៩០ លានដុល្លារ មានសមត្ថភាពផលិតរថយន្ត ១៥០.០០០ គ្រឿងក្នុងមួយឆ្នាំ ដែលរួមមានរថយន្តប្រភេទ Hybrid ផងដែរ។
រថយន្តអគ្គិសនីចង្កូតស្តាំដែលត្រូវបានផលិតនៅរោងចក្រនេះ នឹងអនុញ្ញាតឱ្យក្រុម ហ៊ុន BYD ជៀសផុតពីការយកពន្ធនៅសហភាពអឺរ៉ុប ដែលត្រូវបានដាក់មកលើរថ យន្តផលិតនៅចិន។
លោក Liu Xueliang នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD បាននិយាយថា៖ «យើងក៏នឹងផ្គុំអាគុយនិងគ្រឿងបន្លាស់ដទៃទៀតនៅទីនេះផងដែរ»។
ថៃគឺជាទីផ្សារធំបំផុតនៅក្រៅប្រទេសសម្រាប់ក្រុមហ៊ុន BYD ដែលមាន ៤៦ ភាគរយនៃចំណែករថយន្តអគ្គិសនីនៅក្នុងប្រទេសក្នុងត្រីមាសដំបូង និងជាអ្នកដើរតួធំបំផុតទីបីនៅក្នុងផ្នែករថយន្តដឹកអ្នកដំណើរ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Counterpoint។
គូប្រជែងផ្នែករថយន្តអគ្គិសនីដទៃទៀតនៅក្នុងទីផ្សារក្នុងស្រុករួមមាន ក្រុមហ៊ុន Great Wall Motor ដែលមានរោងចក្រមួយនៅថៃ និងក្រុមហ៊ុនផលិតរថយន្តអាមេរិក Tesla៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា