ការនាំចេញទំនិញរបស់ចិនទៅកាន់តំបន់អាស៊ីអាគ្នេយ៍បានធ្លាក់ចុះក្នុងរយៈពេល៣ខែជាប់ៗគ្នាដោយផ្អែកលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ នៅពេលដែលតម្រូវការចុះខ្សោយមកពីពួកប្រទេសអភិវឌ្ឍបានបង្អាក់ការដឹកជញ្ជូនផលិតផលប្រើប្រាស់ទៅកាន់តំបន់នោះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Caixin Global ដែលរាយការណ៍អំពីពាណិជ្ជកម្មចិន ពីទីក្រុងប៉េកាំង ប្រទេសចិន។
តម្លៃទំនិញសរុបដែលដឹកជញ្ជូនទៅកាន់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបង្អស់របស់ចិនបានធ្លាក់ចុះ២១,៤ភាគរយកាលពីខែកក្កដាបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំទៅ បន្ទាប់ពីមានការធ្លាក់ចុះ១៦,៩ភាគរយកាលពីខែមិថុនានិង១៥,៩ភាគរយកាលពីឧសភា។ នេះបើតាមទិន្នន័យរបស់គយ ដែលរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Caixin Global។
នៅក្នុងប្រទេសជប៉ុនវិញ ទូរទស្សន៍អាមេរិក CNBC បានរាយការណ៍ថា ការនាំចេញរបស់ជប៉ុនបានធ្លាក់ចុះ០,៣ភាគរយនៅក្នុងខែកក្កដាចាប់តាំងពីដើមឆ្នាំមក ដែលនេះជាលើកទី១ហើយចាប់តាំងពីខែកុម្ភៈឆ្នាំ២០២១មក។
លោក Sayuri Shirai ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Keio នៅរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក បានប្រាប់ទូរទស្សន៍ CNBC ថា ការនាំចេញទំនិញតិចជាងមុនពីប្រទេសជប៉ុនទៅកាន់ចិននិងអាស៊ីគឺជារឿងគួរឱ្យព្រួយបារម្ភ។
ការនាំចូលទំនិញរបស់ជប៉ុនបានធ្លាក់ចុះ១៣,៥ភាគរយកាលពីខែកក្កដាដែលជាការធ្លាក់ចុះ៤ខែជាប់ៗគ្នា៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន