កាលពីថ្ងៃទី ២៣ ខែកក្កដា កន្លងទៅនេះ រុស្ស៊ី និងចិន បានច្រានចោលការព្រមានរបស់សហរដ្ឋអាមេរិកទាក់ទងនឹងការបង្កើនកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ចរបស់ពួកគេ នៅក្នុងតំបន់អាកទិក ដែលការប្រែប្រួលអាកាសធាតុកំពុងបើកឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រុស្ស៊ីបានបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់អាកទិក ដោយការបើកឡើងវិញ និងធ្វើទំនើបកម្មមូលដ្ឋានយោធា និងអាកាសយានដ្ឋានជាច្រើនកន្លែងដែលត្រូវបានបោះបង់ចោលចាប់តាំងពីចុងសម័យសូវៀត ខណៈដែលប្រទេសចិនបានចំណាយប្រាក់ទៅលើការរុករក និងស្រាវជ្រាវតំបន់ប៉ូល។
អនុរដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក អ្នកស្រី Kathleen Hicks បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី ២២ ខែកក្កដាថា៖ «យើងឃើញថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងសាធារណរដ្ឋប្រជាមានិតចិន (PRC) និងរុស្ស៊ីនៅក្នុងតំបន់អាក់ទិកកាន់តែមានខ្លាំងឡើង ដោយចិន គឺជាអ្នកផ្តល់មូលនិធិដ៏សំខាន់សម្រាប់ការឆ្លៀតយកចំណេញផ្នែកថាមពលរបស់រុស្ស៊ីនៅក្នុងតំបន់អាកទិក»។
ចំណែកឯកិច្ចសហប្រត្តិការយោធាក៏មានការកើនឡើងផងដែរ «ដោយរុស្ស៊ី និងចិន ធ្វើសមយុទ្ធរួមគ្នានៅមិនឆ្ងាយពីឆ្នេរសមុទ្រ Alaska»។ អ្នកស្រី Hicks បាននិយាយយ៉ាងដូច្នេះ នៅពេលដែលក្រសួងការពារជាតិសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍យុទ្ធសាស្ត្រនៅតំបន់អាកទិកឆ្នាំ ២០២៤ របស់ខ្លួន។
អ្នកស្រី Hicks បាននិយាយទៀតថា៖ «បញ្ហាប្រឈមទាំងអស់នេះត្រូវបានរីកកាន់តែធំឡើងដោយសារតែឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុគឺសីតុណ្ហភាពឡើងក្តៅយ៉ាងឆាប់រហ័ស និងផ្ទាំងទឹកកកកាន់តែស្តើង ហើយវាជួយដល់សកម្មភាពទាំងអស់នោះ»។
ការរលាយទឹកកកយ៉ាងឆាប់រហ័សនៅតំបន់ប៉ូលបានធ្វើឱ្យមានសកម្មភាពច្រើនហួសហេតុនៅក្នុងតំបន់នោះ ខណៈដែលប្រទេសនានាសម្លឹងមើលវិធីរកប្រាក់តាមរយៈការរុករកប្រេង ឧស្ម័ន និងរ៉ែ ក៏ដូចជាផ្លូវដឹកជញ្ជូននៅក្នុងតំបន់ដែលមានភាពស្មុគស្មាញទាក់ទងនឹងការប្រកួតប្រជែងគ្នាទាមទារកាន់កាប់ដែនដី។
រដ្ឋាភិបាលក្រុងមូស្គូកំពុងផ្សព្វផ្សាយយ៉ាងខ្លាំងអំពីផ្លូវសមុទ្រខាងជើងរបស់ខ្លួន (Northern Sea Route) ដែលជាផ្លូវដឹកទំនិញមួយផ្សេងទៀតសម្រាប់នាវាដែលធ្វើដំណើរទៅមករវាងអឺរ៉ុបនិងអាស៊ី។
«ជម្លោះនិងភាពតានតឹង»
កាលពីថ្ងៃទី ២៣ ខែកក្កដាកន្លងទៅនេះ ទាំងប្រទេសចិនទាំងប្រទេសរុស្ស៊ីបានការពារគោលនយោបាយរបស់ខ្លួននៅក្នុងតំបន់អាកទិក។
ទីក្រុងប៉េកាំងបាននិយាយថា ខ្លួនធ្វើសកម្មភាពលើ«គោលការណ៍នៃការគោរព កិច្ចសហប្រតិបត្តិការ ភាគីទាំងពីរទទួលបានផលប្រយោជន៍ដូចគ្នា និងនិរន្តរភាព» ហើយបានបន្ថែមទៀតថា ខ្លួនបាន«ប្តេជ្ញាចិត្តក្នុងការរក្សាសន្តិភាព និងស្ថិរភាព» នៅក្នុងតំបន់នោះ។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយថា៖ «សហរដ្ឋអាមេរិកបំភ្លៃគោលនយោបាយនៅតំបន់អាកទិករបស់ចិន និងធ្វើការកត់សម្គាល់ដោយមិនបានគិតលើសកម្មភាពធម្មតារបស់ចិននៅតំបន់អាកទិក (ដែល) ជាសកម្មភាពស្របតាមច្បាប់អន្តរជាតិ»។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ប្រទេសរុស្ស៊ី«ធ្វើកិច្ចការដែលខ្លួនត្រូវធ្វើដើម្បីធានាថា តំបន់អាកទិកនឹងមិនក្លាយជាដែនដីនៃជម្លោះ និងភាពតានតឹងនោះទេ»។
លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា កិច្ចសហប្រតិបត្តិការរបស់រុស្ស៊ីជាមួយចិន«រួមចំណែកធ្វើឱ្យមានបរិយាកាសស្ថិរភាព និងអាចព្យាករណ៍ទុកជាមុនបាន»នៅក្នុងតំបន់អាកទិក ហើយសកម្មភាពរបស់ចិននិងរុស្ស៊ីមិនត្រូវបានគេកំណត់គោលដៅថា ជាសកម្មភាពប្រឆាំងនឹងប្រទេសផ្សេងទៀតឡើយ។
របាយការណ៍យុទ្ធសាស្ត្រនៅតំបន់អាកទិករបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពណ៌នាតំបន់នេះថាជា«តំបន់សំខាន់ជាយុទ្ធសាស្ត្រ»សម្រាប់សហរដ្ឋអាមេរិកដែលរួមមាន «ផ្លូវពីភាគខាងជើងឆ្ពោះទៅកាន់មាតុភូមិ» និង«ហេដ្ឋារចនាសម្ពន្ធការពារជាតិសំខាន់ៗរបស់សហរដ្ឋអាមេរិក»។
របាយការណ៍យុទ្ធសាស្ត្រនៅតំបន់អាកទិកបានឱ្យដឹងទៀតថា ការប្រែប្រួលអាកាសធាតុអាចបណ្តាលឱ្យតំបន់អាក់ទិកជួបប្រទះរដូវក្តៅដោយគ្មានទឹកកកជាលើកដំបូងនៅឆ្នាំ ២០៣០»។
របាយការណ៍យុទ្ធសាស្ត្រដដែលនោះបានឱ្យដឹងបន្ថែមទៀតថា៖ «ការកើនឡើងនៃសកម្មភាពរបស់មនុស្សនឹងបង្កើនហានិភ័យនៃគ្រោះថ្នាក់ ការគណនាខុស និងការធ្វើឱ្យខូចបរិស្ថាន» ហើយកងកម្លាំងសហរដ្ឋអាមេរិក«ត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីកាត់បន្ថយហានិភ័យដែលទាក់ទងនឹងឧបទ្ទវហេតុដែលអាចកើតមាននៅក្នុងតំបន់អាក់ទិក»៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់