រដ្ឋាភិបាលចិន និងរដ្ឋាភិបាលរុស្ស៊ី នឹងធ្វើសមយុទ្ធយោធាជើងទឹករយៈពេល ៨ ថ្ងៃ នៅក្នុងសមុទ្រចិនខាងត្បូងស្ថិតចេញពីឆ្នេរនៃខេត្ត Guangdong នៅថ្ងៃចន្ទស្អែកនេះ។ នេះបើតាមការបញ្ជាក់របស់យោធាជើងទឹកចិន។
ការធ្វើសមយុទ្ធនេះធ្វើឡើងចំពេលដែលមានភាពតានតឹងនៅក្នុងដែនទឹកដែលមានជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីតុលាការអាជ្ញាកណ្ដាលអន្តរជាតិនៅក្នុងទីក្រុងឡាអេកាត់សេចក្ដីកាលពីខែកក្កដាកន្លងទៅនេះថា ប្រទេសចិនគ្មានសិទ្ធិផ្អែកលើប្រវត្តិសាស្ត្រណាមួយនៅក្នុងសមុទ្រចិនខាងត្បូងនោះទេ និងបានរិះគន់ការបំផ្លិចបំផ្លាញបរិស្ថានដែលធ្វើឡើងដោយប្រទេសចិននៅតំបន់នោះ។ ប្រទេសចិនបានបដិសេធនូវការសម្រេចនេះ និងបានបដិសេធចូលរួមនៅក្នុងរឿងក្ដីដែលប្តឹងដោយប្រទេសហ្វីលីពីននេះ។
ការធ្វើសមយុទ្ធក្នុងសមុទ្ររួមគ្នាប្រចាំឆ្នាំ ២០១៦ នេះ នឹងមានបង្ហាញពីនាវាចម្បាំង នាវាមុជទឹក យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រដែលដឹកតាមកប៉ាល់ និងទាហានម៉ារីន។ នេះបើតាមការបញ្ជាក់របស់យោធាជើងទឹកចិននៅក្នុងរបាយការណ៍មួយនាថ្ងៃអាទិត្យនេះនៅក្នុង microblog ផ្លូវការរបស់ខ្លួន។
របាយការណ៍នេះបានបន្ថែមថា ប្រទេសទាំងពីរនឹងធ្វើប្រតិបត្តិការកិច្ចការពារ ជួយសង្គ្រោះ និងកិច្ចប្រតិបត្តិការប្រឆាំងនឹងនាវាមុជទឹក ក៏ដូចជាប្រតិបត្តិការ «ដណ្ដើមយកកោះ» និងសកម្មភាពផ្សេងៗទៀត។
កាលពីឆ្នាំទៅ ប្រទេសចិន និងរុស្ស៊ីបានធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសមុទ្រជប៉ុន និងសមុទ្រមេឌីទែរ៉ានេ។
ប្រទេសចិន និងរុស្ស៊ីជាសមាជិកដែលមានសិទ្ធិវេតូនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយប្រទេសទាំងពីរនេះមានទស្សនៈស្រដៀងគ្នាចំពោះបញ្ហាសំខាន់ៗនៅក្នុងពិភពលោក ដូចជាបញ្ហាស៊ីរីជាដើម ដែលជារឿយទស្សនៈទាំងនេះផ្ទុយពីទស្សនៈរបស់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបខាងលិច៕