កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន បានជាប់គាំងដោយសារតែច្បាប់ថ្មីមួយដែលគាំទ្រដោយគណបក្សធំៗទាំងពីររបស់អាមេរិក ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី។ ច្បាប់នេះ គាំទ្រសកម្មជនដែលគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង។ នេះបើយោងតាមគេហទំព័រ ព័ត៌មានAxios។
បណ្ដាញផ្សាយព័ត៌មានតាមអ៊ីនធឺណិតនេះ បានដកស្រង់សម្ដីប្រភពមួយដែលស្និទ្ធនឹងក្រុមចរចារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយនិយាយថាការចរចាពាណិជ្ជកម្ម «ឥឡូវជាប់គាំង» ហើយ ដោយសារតែច្បាប់ថ្មីនេះ។
ប្រភពដដែលនិយាយថា គេត្រូវការពេលបន្ថែមទៀត ដើម្បីឱ្យបញ្ហា «នយោបាយក្នុងស្រុក» របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង «បានធូរស្រាល» សិន។
ប្រទេសចិន ក៏កំពុងចាត់វិធានការសងសឹកនឹងសហរដ្ឋអាមេរិក ដោយសារចិនចាត់ទុកថាអាមេរិកគាំទ្រចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង។
ក្រសួងការបរទេសចិន បានឱ្យដឹងកាលពីថ្ងៃចន្ទថាចិនកំពុងដាក់ទណ្ឌកម្មលើក្រុមអង្គការក្រៅរដ្ឋាភិបាលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក ដែលបានធ្វើសកម្មភាព «អាក្រក់» អំឡុងពេលមានបាតុកម្មក្នុងទីក្រុងហុងកុងកាលពីពេលថ្មីៗនេះ។
ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលរងផលប៉ះពាល់ដោយចំណាត់ការរបស់ចិនរួមមានអង្គការ Human Rights Watch អង្គការ Freedom House និងអង្គការ National Endowment for Democracy ជាដើម។
ចិនក៏បានប្រកាសកាលពីថ្ងៃចន្ទដែរថា ខ្លួន «បានសម្រេចព្យួរការពិនិត្យទៅលើពាក្យស្នើសុំរបស់នាវាអាមេរិក ក្នុងការចូលទៅកាន់ទីក្រុងហុងកុង ដើម្បីឈប់សុំចតនិងសម្រាកយកកម្លាំង គិតត្រឹមថ្ងៃនេះ»។
អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិន បាននិយាយថា៖ «ចិនជំរុញឱ្យសហរដ្ឋអាមេរិក កែកំហុសរបស់ខ្លួន ដោយបញ្ឈប់រាល់ទង្វើនិងសកម្មភាពជ្រៀតជ្រែកនានាទៅក្នុងកិច្ចការក្រុងហុងកុងនិងកិច្ចការផ្ទៃក្នុងរបស់ចិន»៕