ចិន​រាយការណ៍​អំពី​​ករណី​ថ្មី​១៣៩​នៃ​​ជំងឺ​រលាក​សួត​​អាថ៌កំបាំង​​កាល​ពី​ចុង​សប្តាហ៍

មន្ត្រី​សុខាភិបាល​ដឹក​អ្នក​ជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ Jinyintan ក្នុង​ទី​ក្រុង​វូហាន ខេត្ត​ហ៊ូប៉េ ភាគ​កណ្តាល​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ​២០២០។ នៅ​មន្ទីរ​ពេទ្យ​នេះ​អ្នក​ជំងឺ​មួយ​ចំនួន​កំពុង​ទទួល​ការ​ព្យាបាល​ចំពោះ​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ​ម្យ៉ាង។

មន្ត្រី​សុខាភិបាលនៅ​ទី​ក្រុង​វូហាន (Wuhan) ភាគ​កណ្តាល​ប្រទេស​ចិន​ បាន​បញ្ជាក់​ថា ​មាន​ករណី១៣៦​ថ្មី​ទៀត​នៃ​មេរោគ​ជំងឺ​រលាក​សួត ឬ​ហៅ​ថា​កូរ៉ូណាវីរុស ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ បាន​លេច​ឡើង​ក្នុង​បី​ថ្ងៃ​ចុង​ក្រោយ​នេះ ដែល​នេះ​ជា​ការ​កើន​ឡើង​យ៉ាង​គំហុក។​

គណៈកម្មការ​សុខាភិបាល​ក្រុង​វូហាន​និយាយ​ថា ចំនួន​សរុប​នៃអ្នក​មាន​ផ្ទុក​មេរោគ​ថ្មី​នេះ​មាន​ចំនួន​លើល​ពី​២០០​នាក់​ហើយ ដោយ​រួម​មាន​ពីរករណី​បាន​លេច​ឡើង​នៅ​រដ្ឋធានី​ប៉េកាំង និង​មួយ​ករណី​ទៀត​លេខ​ឡើង​នៅ​ទីក្រុង​ស្ហិនជិន (Shenzhen) ភាគ​ខាង​ត្បូង​ប្រទេស​ចិន។ ករណី​អ្នក​ឆ្លងមេរោគ​នេះ​ភាគ​ច្រើ​ន​ត្រូវ​បាន​ពិព័ណ៌នា​ថា​មាន​លក្ខណៈ​ស្រាល ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មាន​ករណី​ស្លាប់ចំនួន​បី​ករណី​ត្រូវ​បាន​គេ​រាយការណ៍​រួច​ហើយ។

ក្រុម​គ្រូពេទ្យ​នៅ​ទី​ក្រុង​វូហាន ដែល​ជា​ទីក្រុង​ធំ​ជាង​គេ​ទី​៧​របស់​ចិន បាន​បង្កើន​ការថត​ស្គែន​និង​រក​មើល​អ្នក​សង្ស័យ​ថា​មាន​ផ្ទុក​មេរោគរលាក​សួត​នេះ។ ពួក​គេ​បាន​ទទូច​ឲ្យ​ពលរដ្ឋមាន​ការ​ប្រុងប្រយ័ត្ន​ជាង​មុន​ចំពោះ​អនាម័យ​ផ្ទាល់​ខ្លួន​និង​គ្រប​មាត់​នៅ​ពេល​ពួល​គេ​ក្រដាស​និង​ញីស​សម្បោរ។​

បុរស​ម្នាក់​ដើរ​ចេញ​ពីមជ្ឈមណ្ឌល​ព្យាបាល​ក្រុង​វូហាន ដែល​នៅ​ទី​នោះបុរស​ម្នាក់​បាន​ស្លាប់​ពី​ជំងឺ​តាម​ផ្លូវ​ដង្ហើម​មួយ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២០។

កាល​ពី​ថ្ងៃ​សុក្រ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក​បាន​ចាប់​ផ្តើម​ស្គែន​កម្តៅ​អ្នក​ដំណើរ​មក​ពីទី​ក្រុង​វូហាន​ដែល​មក​ដល់​អាកាសយានដ្ឋាន​បី​កន្លែង​របស់​អាមេរិក​ គឺ​នៅ​ ទី​ក្រុង San Francisco ក្រុង Los Angeles និង​ក្រុង​ New York។ អាកាសយានដ្ឋាន​នៅ​ប្រទេស​ជប៉ុន ថៃ កូរ៉េខាង​ត្បូង និង​សិង្ហបុរី ក៏​ចាប់​ផ្តល់​ថត​ស្គែន​ពិនិត្យ​អ្នក​ដំណើរ​ឆ្លង​កាត់​ដែរ។

អ្នក​ដំណើរ​តាមជើង​យន្តហោះ​មួយ​ដែល​មក​ដល់​ទីក្រុង San Francisco កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​និយាយ​ថា ពួក​គេ​ត្រូវ​ឆ្លង​កាត់​ការ​ថត​ស្គែន​កម្តៅ​ ហើយ​ថា​ដំណើរការ​នេះ​មាន​ភាព​ងាយ​ស្រួល។ ពួក​គេ​ត្រូវ​បាន​គេ​វាស់​កម្តៅ​និង​ត្រូវ​គេ​ឲ្យបំពេញ​បែបបទ​។

ទាំង​មន្ត្រី​សុខាភិបាល​ចិន​និង​មន្រ្តីអាមេរិក​មាន​ការ​បារម្ភ​ជា​ពិសេស​ ដោយ​សារ​ប្រជាជន​ចិន​ប្រមាណ​១.៤០០​លាន​នាក់ ភាគ​ច្រើនត្រូវ​គេ​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​នៅ​ក្នុង​ឧ៝កាស​បុណ្យ​ចូលឆ្នាំ​ចិន​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ខាង​មុខ​នេះ​ ទាំង​នៅ​ក្នុង​ប្រទេស​ចិន​និង​នៅ​ក្រៅ​ប្រទេស។

មេរោគ​រលាក​សួតមិន​ស្គាល់​អត្តសញ្ញាណ​ថ្មី​នេះ​ត្រូវ​ជឿ​ថា ​បានកើត​ឡើង​ដំបូង​នៅ​ក្នុង​ទី​ក្រុង​វូហាន​ប្រទេស​ចិន។ មេរោគ​នេះ​ស្ថិត​នៅ​ក្នុង​ប្រភេទ​ក្រុម​មេរោគតែ​មួយ​ជាមួយ​នឹង​ជំងឺ​ផ្តាសាយ​ធម្មតា និង​ជំងឺ SARS ដែល​បាន​សម្លាប់​មនុស្ស​ជិត​៨០០​នាក់​នៅ​ទូទាំង​ពិភពលោក​នៅ​ពេលវា​ផ្ទុះ​ឡើង​កាល​ពី​១៧​ឆ្នាំ​មុន គឺ​នៅ​ឆ្នាំ​២០០៣៕