នៅថ្ងៃពុធនេះ ប្រទេសចិនបានបញ្ជាក់ជាថ្មីថា ខ្លួននឹងប្រើកម្លាំងយោធាប្រសិនបើចាំបាច់ដើម្បីត្រួតត្រាកោះតៃវ៉ាន់។ ការព្រមានរបស់ចិននេះបានធ្វើឡើង បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធាបែបគំរាមកំហែងនៅជុំវិញកោះតៃវ៉ាន់អស់រយៈពេលជាច្រើនថ្ងៃមក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Associated Press។
សេចក្ដីថ្លែងការណ៍របស់ចិននេះបានចេញផ្សាយដោយការិយាល័យកិច្ចការតៃវ៉ាន់នៃគណៈរដ្ឋមន្ត្រីចិននិងដោយស្ថាប័នព័ត៌មានរបស់ខ្លួន។
អត្ថបទជាភាសាអង់គ្លេសនៃសេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ថា រដ្ឋាភិបាលចិននឹង «ធ្វើការប្រកបដោយភាពស្មោះត្រង់ជាទីបំផុតនិងខិតខំប្រឹងប្រែងឱ្យបានខ្លាំងបំផុតដើម្បីសម្រេចឱ្យបាននូវការបង្រួបបង្រួមជាថ្មីដោយសន្តិវិធី [ជាមួយនឹងតៃវ៉ាន់]»។
សេចក្ដីថ្លែងការណ៍នេះបានបន្តថា៖ «ប៉ុន្តែ យើងនឹងមិនបោះបង់ចោលនូវការប្រើកម្លាំងនោះទេ ហើយយើងនៅរក្សានូវជម្រើសនៃការចាត់វិធានការចាំបាច់ទាំងអស់។ ករណីនេះគឺដើម្បីការពារប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅនិងប្រឆាំងនឹងសកម្មភាពផ្ដាច់ខ្លួនទាំងអស់»។
សេចក្ដីថ្លែងការណ៍នេះបានបន្ថែមថា៖ «យើងនឹងតែងតែត្រៀមលក្ខណៈរួចជាស្រេចដើម្បីឆ្លើយតបដោយការប្រើកម្លាំងឬក៏មធ្យោបាយចាំបាច់ផ្សេងទៀតចំពោះការជ្រៀតជ្រែកពីកម្លាំងខាងក្រៅឬក៏ចំពោះសកម្មភាពជ្រុលនិយមរបស់ក្រុមផ្ដាច់ខ្លួននានា។ គោលបំណងចុងក្រោយបង្អស់របស់យើងគឺដើម្បីធានាធ្វើយ៉ាងណាឱ្យសម្រេចបាននូវក្ដីរំពឹងនៃការបង្រួបបង្រួមឡើងវិញដោយសន្តិវិធីរបស់ចិន [ជាមួយនឹងតៃវ៉ាន់]»។
រដ្ឋាភិបាលចិនថា វិធានការទាំងនេះគឺធ្វើឡើងដោយសារតែដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីសប្ដាហ៍មុន។ ប៉ុន្តែ តៃវ៉ាន់បានអះអាងថា ដំណើរទស្សនកិច្ចដូចនេះគឺមានជាធម្មតានិងថាចិនបានប្រើករណីនេះដើម្បីធ្វើជាលេសនៅក្នុងការគំរាមកំហែងដូច្នេះតែប៉ុណ្ណោះ៕
ទីក្រុងប៉េកាំង ប្រទេសចិន —