ប្រទេសចិន​សន្យា​ផ្តល់​ថវិកា​ចំនួន​២៣៣​លានដុល្លារ​សម្រាប់​ការពារ​ជីវៈចម្រុះ​សាកល

ប្រធានាធិបតី​ចិន​លោកXi Jinping ថ្លែង​នៅ​​ខួបទី១១០​នៃ​បដិវត្តន៍ Xinhai នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១។ (Reuters)

ប្រទេស​ចិន​កាលពី​ថ្ងៃអង្គារ​បាន​សន្យាដាក់​បញ្ចូល​ប្រាក់​ចំនួន២៣៣​លាន​ដុល្លារ​នៅក្នុងថវិកា​ថ្មី​ដើម្បី​ការពារ​ជីវៈចម្រុះនៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​អំឡុង​នៃ​សន្និសីទ​កំពូល​ស្តីពី​ការ​អភិរក្ស​ជីវៈចម្រុះ​របស់​អង្គការ​សហប្រជាជាតិ​ បើ​ទោះ​បី​ជា​មាន​ការខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​ម្ចាស់ជំនួយ​សំខាន់ៗ​ស្តីពី​កិច្ចផ្តួច​ផ្តើម​នេះ​ក៏ដោយ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ចិន​ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​កខ្វក់ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក បាន​ស្វះ​ស្វែងដើរ​តួនាទី​ដ៏សំខាន់​មួយ​នៅ​លើ​ឆាក​អន្តរជាតិ​ស្តី​ពី​ការ​អភិរក្សជីវៈចម្រុះ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​ចុង​ក្រោយ​នេះ។

ការ​សន្យាបស់​ចិន កើត​មាន​ឡើង នៅពេល​ដែល​ប្រតិភូ​មកពី​ប្រទេស​ប្រមាណ​១៩៥​បាន​ជួប​ប្រជុំ​គ្នានៅ​ក្នុង​ទីក្រុង Kunming ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ដែល​ជា​កិច្ចប្រជុំកំពូលមាន​២ផ្នែក​លើក​ដំបូង​ស្តីពីការការពារ​ព្រៃឈើ សត្វ​និង​ប្រព័ន្ធ​បរិស្ថាន។

សន្និសីទ​កំពូល​នេះ​ មាន​បំណងបង្កើត​នូវ​កិច្ចព្រម​ព្រៀង​ថ្មី​មួយ​ដើម្បី​ដាក់​ចេញ​នូវ​ទិសដៅ​សកម្មភាព​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០៣០និង​ឆ្នាំ២០៥០។

ប្រធានាធិបតី​ចិន​លោកXi Jinping បាន​ថ្លែង​សុន្ទរកថា​តាម​ប្រព័ន្ធ​អនឡាញនៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល COP15 នោះ​ថា «ចិន​នឹង​ដឹកនាំនៅ​ក្នុង​ការបង្កើត​ថវិកា​សម្រាប់​ការពារ​ជីវៈចម្រុះ​ក្នុង​កិច្ច​ប្រជុំ​ទីក្រុង Kunming ដោយ​មាន​ការរួម​វិភាគទានជា​ទឹក​ប្រាក់​ចំនួន​២៣៣​លាន​ដុល្លារ​ ដើម្បី​គាំទ្រ​នូវ​បុព្វហេតុ​អភិរក្ស​ជីវៈចម្រុះ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ប្រទេសចិនអំពាវនាវឲ្យ​គ្រប់​ភាគី​ទាំង​អស់​ ចូលរួម​ផ្តល់វិភាគ​ទាន​ថវិកា»។

អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres បាន​ព្រមាន​ថា​ ប្រទេស​ក្រីក្រ​បំផុត​នៅ​ក្នុង​ពិភព​លោក នឹង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​ ដោយ​សារ​ការ​បាត់​បង់​នូវ​ជីវៈ ចម្រុះ៕