លោកប្រធានាធិបតីចិន Xi Jinping បានថ្លែងសុន្ទរកថាបើកនៅក្នុងសន្និសីទរយៈពេលពីរថ្ងៃស្ដីពីខ្សែក្រវ៉ាត់ផ្លូវ ដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង នៅថ្ងៃអាទិត្យនេះ។
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺជាមេដឹកនាំម្នាក់ ក្នុងចំណោមមេដឹកនាំទាំង ២៩ នាក់ មកពីបណ្ដាប្រទេសនានានៅលើពិភពលោក ដែលបានចូលរួមនៅក្នុងសន្និសីទនេះ។
សន្និសីទស្ដីពីខ្សែក្រវ៉ាត់ផ្លូវនេះ គឺជាគំនិតផ្ដួចផ្ដើម ដែលបានធ្វើឡើងដើម្បីបើកឲ្យដំណើរការឡើងវិញនូវផ្លូវកាលពីសម័យបុរាណ នៃគម្រោងវិថីសូត្រកាលពីសម័យបុរាណរបស់ប្រទេសចិន ក្នុងគោលបំណងដើម្បីជំរុញឲ្យមានការអភិវឌ្ឍន៍នៅទូទាំងសាកលលោក និងដើម្បីពង្រីកផ្លូវតភ្ជាប់រវាងទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។
លោកប្រធានាធិបតីចិន Xi Jinping បាននិយាយយ៉ាងដូច្នេះថា៖ «កាលពីជាង ២ ពាន់ឆ្នាំមុន ដូនតារបស់យើង ធ្វើដំណើរដោយថ្មើរជើងកាត់តាមវាលស្មៅ និងវាលខ្សាច់ដ៏ធំធេងជាច្រើន ដែលបើកឲ្យមានផ្លូវតភ្ជាប់ទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក ដែលយើងស្គាល់នាពេលបច្ចុប្បន្ននេះថា វិថីសូត្រនោះ»។
លោក Xi Jinping បានបន្ថែមទៀតថា៖ «ដោយមានចម្ងាយរាប់ពាន់ម៉ាយ និងត្រូវបានពង្រីកអស់រយៈពេលរាប់ពាន់ឆ្នាំ កាលពីបុរាណ វិថីសូត្រសម័យបុរាណទាំងនេះ តំណាងឲ្យស្មារតីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការ ការបើកទូលាយ និងការរួមរស់នៅជាមួយគ្នា ក៏ដូចជាការស្វែងយល់ និងការទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ វិថីសូត្រទាំងនេះ បានបើកផ្លូវឲ្យមានការចូលរួមពីប្រទេសនានាដោយស្និទ្ធស្នាល ដោយបន្ថែមនូវទំព័រចម្រុងចម្រើនថ្មីមួយ ដល់ប្រវត្តិសាស្ត្រនៃដំណើរការវិវឌ្ឍរបស់មនុស្សជាតិ»។
លោក Xi Jinping បានសន្យាថា នឹងចូលរួមថវិការាប់ពាន់លានដុល្លារអាមេរិក ដល់គម្រោងវិថីសូត្រនេះ ដើម្បីតភ្ជាប់បណ្ដាញផ្លូវដែក និងផ្លូវទឹកទ្រង់ទ្រាយធំមួយ៕