ក្រសួងការបរទេសចិនមិនបានបដិសេធថាមាន ឬមិនមានកិច្ចព្រមព្រៀងសម្ងាត់ស្តីពីមូលដ្ឋានយោធាជើងទឹកចិននៅប្រទេសកម្ពុជាទេ ដោយគ្រាន់តែបញ្ជាក់ថា ចិនមានកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយនឹងរដ្ឋាភិបាលកម្ពុជា ហើយអ្វីៗធ្វើឡើងដោយបើកចំហរ។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយពង្វាងសំណួរអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ អំពីវត្តមានយោធាជើងទឹកចិន និងកិច្ចព្រមព្រៀងសម្ងាត់នៃប្រទេសទាំងពីរថា៖
«តាមខ្ញុំដឹង គឺភាគីកម្ពុជាបានបដិសេធរឿងនេះ។ ក្នុងនាមជាប្រទេសជិតខាងល្អជាប្រពៃណី ប្រទេសចិននិងកម្ពុជាមានកិច្ចសហប្រតិបត្តិគ្រប់វិស័យ។ កិច្ចសហប្រតិបត្តិការរបស់យើងគឺបើកចំហរ មានតម្លាភាព ស្មើភាពនិងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ យើងសង្ឃឹមថា រឿងនេះមិនត្រូវបានគេបកស្រាយហួសហេតុពេកទេ»។
នៅពេលដែលអ្នកសារព័ត៌មានសួរបន្ថែមចំៗថា តើចិនក៏បដិសេធដូចកម្ពុជាដែរទេ លោក Geng Shuang ឆ្លើយដដែលថា «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងមិនបកស្រាយហួសហេតុពីកិច្ចសហប្រតិបត្តិការធម្មតារវាងចិននិងកម្ពុជាទេ»។
រដ្ឋាភិបាលកម្ពុជាបានបដិសេធនិងថ្កោលទោសសេចក្តីរាយការណ៍របស់កាសែតអាមេរិកាំង The Wall Street Journal ថាជាព័ត៌មាន«ប្រឌិត» «ក្លែងក្លាយ» និង«ជាចេតនាដ៏អាក្រក់បំផុតប្រឆាំងនឹងកម្ពុជា» នៅពេលដែលសារព័ត៌មាននេះ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយជាមួយនឹងកម្ពុជាកាលពីនិទាឃរដូវ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា ដែលនេះជាដំណើរការបង្កើនសមត្ថភាពយោធារបស់ក្រុងប៉េកាំង ក្នុងការពង្រីកឥទ្ធិពលយោធានៅជុំវិញពិភពលោក។
កាសែត The Wall Street Journal បានរាយការណ៍យោងលើប្រភពព័ត៌មានមន្ត្រីសហរដ្ឋអាមេរិកដែលបានឃើញសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនោះ ដោយបញ្ជាក់ច្បាស់ថា កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនមួយផ្នែកនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិន ហើយអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយ:ពេល៣០ឆ្នាំ ដើម្បីដាក់កងទ័ព គ្រឿងសព្វាវុធ និងកន្លែងចតនាវាជាដើម៕