ប្រទេសចិននិងមីយ៉ាន់ម៉ាមានកំណត់ត្រាបរិយាកាសសេរីភាពអ៊ីនធឺណិតអាក្រក់បំផុតដូចគ្នានៅលើពិភពលោក ខណៈដែលសេរីភាពឌីជីថលបានធ្លាក់ចុះនៅទូទាំងសាកលលោកក្នុងរយៈពេល ១៤ ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់អង្គការ Freedom House ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៦ ខែតុលាកន្លងទៅនេះ។
លោក Kian Vesteinsson សហអ្នកនិពន្ធនៃរបាយការណ៍នេះ បានលើកឡើងថា ការធ្លាក់ចុះជាសាកលនេះគឺជាការគួរឱ្យព្រួយបារម្ភជាពិសេសបើពិនិត្យមើលទៅលើចំនួននៃការបោះឆ្នោតនៅឆ្នាំនេះ។ ប្រទេសជាច្រើននៅលើពិភពលោកបានបោះឆ្នោតឬកំពុងត្រៀមធ្វើការបោះឆ្នោតថ្នាក់ជាតិរបស់ខ្លួននៅក្នុងឆ្នាំ ២០២៤ នេះ។
លោកថ្លែងប្រាប់ VOA ថា៖ «បណ្ដាញអ៊ីនធឺណិតដែលសេរីនិងបើកចំហមានសារៈសំខាន់ណាស់សម្រាប់លទ្ធិប្រជាធិបតេយ្យដែលដំណើរការល្អនៅក្នុងសតវត្សរ៍ទី ២១ នេះ។ ប៉ុន្តែនៅពេលមនុស្សជាច្រើននៅលើពិភពលោកត្រូវទៅបោះឆ្នោត ពួកគេមានការពិបាកក្នុងការទទួលបានព័ត៌មានដែលអាចទុកចិត្តបានតាមអនឡាញ»។
របាយការណ៍ប្រចាំឆ្នាំស្ដីពីសេរីភាពអ៊ីនធឺណិតរបស់អង្គការ Freedom House នេះត្រូវបានចងក្រងឡើងផ្អែកលើការស្ទង់មតិនៅក្នុងប្រទេសចំនួន ៧២ ដែលមានអ្នកប្រើប្រាស់អ៊ីនធឺណិតរហូតដល់ទៅ ៨៧% នៃអ្នកប្រើប្រាស់សរុបនៅលើពិភពលោក។ ក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសចំនួន ៤១ បានបោះឆ្នោតឬគ្រោងនឹងរៀបចំការបោះឆ្នោតនៅឆ្នាំនេះ។
នៅក្នុងផ្នែកដែលនិយាយអំពីប្រទេសដែលរៀបចំការបោះឆ្នោត អង្គការ Freedom House បានរកឃើញថា រដ្ឋាភិបាលនៅក្នុងប្រទេសចំនួន ២៥ បានរាំងខ្ទប់វេបសាយមួយចំនួន រឹតត្បិតការប្រើប្រាស់បណ្ដាញសង្គមអនឡាញ ឬបានកាត់ផ្ដាច់បណ្ដាញអ៊ីនធឺណិតទាំងស្រុងតែម្ដង។ នៅក្នុងករណីស្ទើរតែទាំងអស់ អ្នកធ្វើអត្ថាធិប្បាយដែលគាំទ្ររដ្ឋាភិបាលបានកេងចំណេញពីការបញ្ចេញព័ត៌មានតាមអនឡាញ និងជារឿយៗបានជំរុញការកុហកនានាអំពីដំណើរការប្រជាធិបតេយ្យ។
របាយការណ៍ដដែលនេះបានរកឃើញថា ការវាយប្រហារហិង្សានិងការចាប់ខ្លួនបែបសងសឹកត្រូវបានប្រើជាវិធីបំបិទការបញ្ចេញមតិនានានៅតាមអនឡាញ។
លោក Vesteinsson អះអាងថា វិធានការដាក់សម្ពាធដែលអង្គការ Freedom House បានរកឃើញ «បានកើនឡើងកាន់តែច្រើន» នៅចំពេលដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកត្រៀមចេញទៅបោះឆ្នោត។ លោកថា៖ «ករណីនេះធ្វើឱ្យប៉ះពាល់ដល់ភាពងាយស្រួលក្នុងការបញ្ចេញមតិអំពីរឿងនយោបាយតាមអនឡាញ»។
ទោះជាយ៉ាងណាក៏ដោយ អង្គការការពារសិទ្ធិមនុស្សមួយនេះបានកត់ត្រាអំពីការរីកចម្រើនសេរីភាពតាមអនឡាញនៅក្នុងប្រទេសចំនួន ១៨។ ប្រទេសអ៊ីស្លង់នៅតែរក្សាបានចំណាត់ថ្នាក់ជាប្រទេសដែលមានបរិយាកាសសេរីភាពអ៊ីនធឺណិតល្អជាងគេបំផុតនៅលើពិភពលោក។ ប៉ុន្តែបើមើលទៅលើមួយជ្រុងទៀត ការការពារសិទ្ធិមនុស្សតាមអនឡាញបានធ្លាក់ចុះនៅក្នុងប្រទេសចំនួន ២៧។ នេះបើយោងតាមរបាយការណ៍ដដែលនេះ។
របាយការណ៍នេះបានរកឃើញថា បច្ចុប្បន្ននេះចិននិងមីយ៉ាន់ម៉ាមានបរិយាកាសសេរីភាពអ៊ីនធឺណិតអាក្រក់ជាងគេបំផុតដូចគ្នានៅលើពិភពលោក។ របាយការណ៍នេះអះអាងថា នេះជាលើកទីមួយហើយដែលប្រទេសផ្សេងមានកម្រិតសេរីភាពអ៊ីនធឺណិតទាបបំផុតស្មើនឹងប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។
សេរីភាពអ៊ីនធឺណិតនៅក្នុងប្រទេសមីយ៉ាន់ម៉ាមានសភាពកាន់តែដុនដាបជាងមុនតាំងពីពេលដែលក្រុមយោធាបានឡើងកាន់អំណាចតាមរយៈការធ្វើរដ្ឋប្រហារនៅឆ្នាំ ២០២១ មក។ នេះបើតាមការលើកឡើងរបស់លោក Vesteinsson។ យុទ្ធវិធីរបស់របបយោធាមីយ៉ាន់ម៉ាមានដូចជាការរារាំងវេបសាយព័ត៌មានឯករាជ្យនិងការបង្ខំឱ្យមានការបិទប្រព័ន្ធអ៊ីនធឺណិតជាច្រើនជាដើម។
លោក Vesteinsson បាននិយាយថា៖ «នេះគឺជារបៀបដែលពួកយោធាបានចាត់វិធានការពីមួយទៅមួយក្នុងគោលបំណងកាត់ផ្ដាច់បណ្ដាញអ៊ីនធឺណិតដែលសេរីនិងបើកចំហចេញពីប្រជាជនមីយ៉ាន់ម៉ា»។
ទាំងក្រសួងការបរទេសចិននិងយោធាមីយ៉ាន់ម៉ាមិនបានឆ្លើយតបចំពោះការស្នើសុំមតិយោបល់ពី VOA នោះទេ។
លោក Vesteinsson បានបញ្ជាក់ថា ទោះបីជាចិននិងមីយ៉ាន់ម៉ាមានចំណាត់ថ្នាក់អាក្រក់បំផុតដូចគ្នាក៏ដោយ ក៏ទិដ្ឋភាពនៃសេរីភាពអ៊ីនធឺណិតនៅក្នុងប្រទេសទាំងពីរមានស្ថានភាពខុសគ្នាស្រឡះ។ ភាពខុសគ្នានោះគឺថាប្រជាជនចិនបានប្រឈមនឹងការរឹតត្បិតជាប្រព័ន្ធនេះអស់រយៈពេលរាប់ទសវត្សរ៍មកហើយ ចំណែកឯប្រជាជនមីយ៉ាន់ម៉ាវិញគឺទើបតែប្រឈមនឹងការរឹតត្បិតនេះតែប៉ុណ្ណោះដោយកំពុងរៀនរស់នៅនៅក្រោមរបបរឹតត្បិតថ្មីនេះ។
របាយការណ៍នេះបានរកឃើញទៀតថា ប្រទេសកៀហ្ស៊ីស៊ីស្ថានគឺជាប្រទេសដែលមានសេរីភាពអ៊ីនធឺណិតធ្លាក់ចុះខ្លាំងជាងគេទាំងអស់បើប្រៀបធៀបទៅនឹងចំណាត់ថ្នាក់របស់ខ្លួនកាលពីឆ្នាំមុន។
របាយការណ៍នេះបានបង្ហាញបន្ថែមថា ប្រទេសផ្សេងទៀតដែលមានពិន្ទុធ្លាក់ចុះខ្លាំងបំផុតដែរបើប្រៀបធៀបទៅនឹងឆ្នាំមុនមានដូចជាប្រទេសអាស៊ែបៃហ្សង់ បេឡារុស អ៊ីរ៉ាក់ និងស៊ីមបាវ៉េ។
ខណៈដែលទិដ្ឋភាពទូទៅនៃសេរីភាពអ៊ីនធឺណិតមានភាពអាប់អួរខ្លាំង គេឃើញមានចំណុចល្អលេចឡើងនៅក្នុងប្រទេសសំប៊ី ដោយសេរីភាពនៅក្នុងប្រទេសនេះមានការរីកចម្រើនយ៉ាងខ្លាំងក្នុងចំណោមប្រទេសទាំងអស់ដែលត្រូវបានធ្វើការស្ទង់មតិ។
ចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០២១ នៅក្នុងប្រទេសសំប៊ីមក ការរឹតត្បិតរបស់រដ្ឋាភិបាលបានថយចុះ ហើយលំហសម្រាប់សកម្មជនតាមអនឡាញត្រូវបានបើកចំហ។ នេះបើយោងតាមរបាយការណ៍ដដែលនេះ៕