មន្ទីរពេទ្យនៅខាងក្នុង និងនៅជុំវិញក្រុង Wuhan ដែលជាកន្លែងរាតត្បាតខ្លាំងនៃមេរោគកូរ៉ូណាក្នុងប្រទេសចិនមានការផ្គត់ផ្គង់សម្ភារៈពេទ្យតិចតួចដែលនាំឱ្យពួកវេជ្ជបណ្ឌិតនិងក្រុមគិលានុបដ្ឋាយិកាត្រូវបានសុំឱ្យពាក់ម៉ាស់ មានគុណភាពទាប ឬពាក់កន្ទបលាមកដើម្បីមិនចាំបាច់ដូរសម្លៀកបំពាក់ការពារខ្លួនញឹកញាប់។
ការធ្វើដូច្នេះនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពរបស់ពួកពេទ្យដែលព្យាបាលជំងឺនេះនៅក្នុងប្រទេសចិន។
បុគ្គលិកពេទ្យម្នាក់នៅឯមន្ទីរពេទ្យ Puren ក្នុងក្រុង Wuhan ប្រទេសចិនដែលប្រាប់ថា ខ្លួនឈ្មោះ Xiao បាននិយាយប្រាប់ VOA កាលពីថ្ងៃចន្ទថា «ដោយសារមានការផ្តល់សម្លៀកបំពាក់ការពារខ្លួនមិនគ្រប់គ្រាន់វេជ្ជបណ្ឌិតយើងច្រើននាក់នៅទីនេះត្រូវតែចែកគ្នាប្រើសម្លៀកបំពាក់ការពារខ្លួនតែមួយ។ វេជ្ជបណ្ឌិតខ្លះត្រូវពាក់កន្ទបលាមកដើម្បីកុំឱ្យពួកគេផ្លាស់ប្តូរសម្លៀកបំពាក់ការពារខ្លួនញឹកញយ ដោយបារម្ភថា គ្មានសម្លៀកបំពាក់បែបនេះទៀត»។
អ្នកស្រី Xiao បាននិយាយបន្ថែមថា «យើងប្រឈមនឹងការខ្វះខាតសម្លៀកបំពាក់ការពារខ្លួនយ៉ាងច្រើន»។
ការខ្វះខាតការផ្គត់ផ្គង់សម្ភារៈពេទ្យ
បើតាមអ្នកស្រី Xiao ថា មន្ទីរពេទ្យនេះត្រូវការខ្លាំងណាស់នូវវ៉ែនតាពាក់ការពារភ្នែក៥ពាន់ ម៉ាស់បែប N95 ២ម៉ឺន និងសម្លៀកបំពាក់ការពារខ្លួនយ៉ាងច្រើនតាមដែលអាចរកបានពីព្រោះមន្ទីរពេទ្យនេះប្រើប្រាស់វ៉ែនតាការពារភ្នែក១ពាន់ និងម៉ាស់៣ពាន់ក្នុងមួយថ្ងៃ។
មន្ទីរពេទ្យ Puren នៅក្នុងក្រុង Wuhan ជាមន្ទីរពេទ្យមួយក្នុងបណ្តាមន្ទីរពេទ្យ២៤ដែលបានសុំវិភាគទានសម្ភារៈពេទ្យជាផ្លូវការពីសាធារណជនដែលមានរួមបញ្ចូលម៉ាស់បែប N95 និងម៉ាស់សម្រាប់ប្រើនៅពេលវះកាត់ សម្លៀកបំពាក់ការពារខ្លួននិងថ្នាំសម្រាប់លាងដៃ។
ក៏ប៉ុន្តែលទ្ធផលពីសប្បុរសជនកាលពីពីរបីថ្ងៃមុននេះមិនជាការពេញចិត្តទេពីព្រោះវិភាគទានទាំងនេះដែលភាគច្រើនជារបស់ឯកជនមិនសូវបានការទេ ពីព្រោះមិនត្រូវតាមស្តង់ដារវេជ្ជសាស្ត្រ ហើយមន្ទីរពេទ្យជាច្រើនមានការស្តាយ។
បុគ្គលិកពេទ្យម្នាក់ទៀតមានឈ្មោះ Xiao ដែរដែលធ្វើការនៅឯមន្ទីរពេទ្យលេខមួយក្នុងក្រុង Wuhan បានថ្លែងប្រាប់ VOA ថា «យើងខ្វះសម្ភារៈពេទ្យច្រើនណាស់។ ប្រសិនបើលោកអ្នកអាចធ្វើវិភាគទាន នេះជាការល្អប្រសើរ...ក៏ប៉ុន្តែបញ្ហាគឺថា សម្ភារៈពេទ្យភាគច្រើនដែលសាធារណជនធ្វើវិភាគទានមិនបានជួយអ្វីច្រើនទេ។ សម្ភារៈទាំងនេះគ្មានស្តង់ដារវេជ្ជសាស្ត្រទេ»។
បុគ្គលិកពេទ្យរូបនេះបាននិយាយបន្ថែមថា «យើងកំពុងខិតខំព្យាយាមរកមធ្យោបាយឯទៀតៗដើម្បីឱ្យមានការផ្គត់ផ្គង់សម្ភារៈពេទ្យឱ្យបានគ្រប់គ្រាន់»។
ការកសាងមន្ទីរពេទ្យថ្មីៗជាបន្ទាន់
នៅពេលដោះស្រាយការខ្វះខាតសម្ភារៈពេទ្យ អាជ្ញាធរនៅក្នុងក្រុង Wuhan ដែលជាកន្លែងកំណើតមេរោគកូរ៉ូណា ក៏ប្រញាប់ប្រញាល់កសាងមន្ទីរពេទ្យបន្ទាន់ចំនួនពីរ។ គេគ្រោងនឹងដាក់គ្រែ១ពាន់សម្រាប់ព្យាបាលអ្នកជំងឺនៅក្នុងមន្ទីរពេទ្យមួយក្នុងបណ្តាមន្ទីរពេទ្យទាំងពីរនេះដែលនឹងស្ថាបនាហើយបើកឱ្យមានដំណើរការនៅថ្ងៃទី៣ខែកុម្ភៈខាងមុខនេះ។
របាយការណ៍របស់បណ្តាញផ្សាយព័ត៌មានរដ្ឋឲ្យដឹងថា មន្ទីរពេទ្យទីពីរដែលត្រូវកសាងយ៉ាងលឿននេះនឹងមានគ្រែ១ពាន់៣រយថែមទៀតក្នុងរយៈពេលពីរសប្តាហ៍ទៀតដើម្បីព្យាបាលពួកអ្នកជំងឺដែលជាប់សង្ស័យថាមានផ្ទុកមេរោគដ៏ប្រល័យស្រដៀងគ្នានឹងជំងឺរលាកសួតដែរ។
ចំណាត់ការនេះទំនងជាបង្ហាញសញ្ញានៃការប្រយុទ្ធខ្លាំងក្លាមួយនៅពេលខាងមុខដើម្បីទប់ទល់នឹងការរាតត្បាតមេរោគនេះដែលនាំឱ្យមានបន្ទុកធ្ងន់ធ្ងរដល់មន្ទីរពេទ្យប្រមាណ២៤នៅក្នុងខេត្ត Hubei។
បណ្តាញផ្សាយព័ត៌មានរបស់រដ្ឋបានរាយការណ៍ថា មន្ត្រីសុខាភិបាលក្រុងម្នាក់បានសន្យាថា នឹងដាក់បញ្ចូលមន្ទីរពេទ្យថែមទៀតក្នុងការចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ប្រសិនបើមានកំណើនអ្នកជំងឺ។
ចំនួនមនុស្សស្លាប់ដោយសារវិបត្តិសុខភាពសាធារណៈក្នុងប្រទេសចិនចាប់តាំងពីការរាលដាលជំងឺ SARS ក្នុងឆ្នាំ២០០៣បានកើនឡើងដល់ជាង១០០នាក់ហើយ ដោយមានរួមបញ្ចូលទាំងទារកម្នាក់អាយុ៩ខែផងដែរ ហើយមានអ្នកផ្ទុកមេរោគនេះជាង៦ពាន់នាក់នៅក្នុងប្រទេសនេះ គិតដល់ថ្ងៃពុធ។
ដោយស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង ពួកពេទ្យខ្លះដែលព្យាបាលអ្នកជំងឺដោយផ្ទាល់បានបាក់ទឹកចិត្តដោយសារការរន្ធត់។
វីដេអូមួយដែលបានផ្សព្វផ្សាយតាមអ៊ីនធឺណិត បានបង្ហាញវេជ្ជបណ្ឌិតចិនម្នាក់បានយំដោយសារលោកខ្វល់ខ្វាយអំពីមន្ទីរពេទ្យខ្វះធនធានដើម្បីព្យាបាលពួកអ្នកជំងឺ។ នៅក្នុងវីដេអូមួយទៀតគេបានឃើញគិលានុបដ្ឋាយិកាម្នាក់និយាយថា អ្នកស្រីមិនបានហៅទូរសព្ទទៅកាន់ពួកជនជាទីស្រឡាញ់របស់អ្នកស្រីទេ នៅពេលបុណ្យចូលឆ្នាំថ្មីដោយបារម្ភថាទប់ទឹកភ្នែកមិនបាន។
ការបាក់ទឹកចិត្តដោយសារការរន្ធត់
គិលានុបដ្ឋាយិការូបនេះបាននិយាយថា អ្វីដែលសំខាន់ជាងនេះគឺអ្នកស្រីមិនចង់ឱ្យគ្រួសារអ្នកស្រីព្រួយបារម្ភអំពីសុវត្ថិភាពរបស់អ្នកស្រីទេ។
ពួកបុគ្គលិកពេទ្យ ដែលនៅជិតអ្នកជំងឺក៏ប៉ុន្តែគ្មានកិច្ចការពារគ្រប់គ្រាន់ទប់ទល់នឹងជំងឺនេះ និយាយថា ពួកគេមានការមិនស្រួលក្នុងចិត្តច្រើនឡើងៗ នៅក្រោយមានរបាយការណ៍ថា វេជ្ជបណ្ឌិតចិនម្នាក់ដំបូងគេបានស្លាប់កាលពីថ្ងៃសៅរ៍ដោយសារលោកបាននៅជិតអ្នកជំងឺ។
បុគ្គលិកម្នាក់នៅឯមន្ទីរពេទ្យ Jinyintang ក្នុងក្រុង Wuhan បាននិយាយប្រាប់វីអូអេកាលពីថ្ងៃចន្ទថា មន្ទីរពេទ្យនេះមានម៉ាស់ប្រើនៅពេលវះកាត់មិនគ្រប់គ្រាន់ទេហើយថា គិលានុបដ្ឋាយិកាខ្លះមិនអាចធ្វើអ្វីកើតទេ ក៏ប៉ុន្តែសង្ឃឹមថា ការពាក់ម៉ាស់ច្រើនជាន់ដែលមិនមែនសម្រាប់ប្រើក្នុងការវះកាត់អាចផ្តល់ឱ្យពួកគេនូវការការពារគ្រប់គ្រាន់នៅពេលពួកគេថែទាំពួកអ្នកជំងឺដែលអាចចម្លងមេរោគខ្លាំង។
ជាកុសលល្អ យុទ្ធនាការសុំជំនួយតាមរយៈបណ្តាញសង្គម GoFundMe បណ្តាញ Weibo និង WeChat បាននាំឱ្យមានការបញ្ជូនសម្ភារៈពេទ្យទៅកាន់ខេត្ត Hubei ទោះណាជាភាគច្រើនបានត្រូវបញ្ជូនទៅកាន់ក្រុង Wuhan ក៏ដោយ។
មន្ទីរពេទ្យមួយនៅក្នុងក្រុង Huanggang ដែលនៅជិតក្រុង Wuhan បាននិយាយថា ខ្លួនសង្ឃឹមថា ការលំបាករបស់ខ្លួនដោយសារមានធនធានមិនគ្រប់គ្រាន់អាចត្រូវសម្រាលបាននៅពេលដែលជំនួយសម្ភារៈពេទ្យនឹងទៅដល់នៅពេលបន្ទាប់។
បុគ្គលិកម្នាក់ឈ្មោះ Yang នៅឯមន្ទីរពេទ្យកណ្តាលនៃក្រុង Huanggang បាននិយាយថា «ពីព្រោះម៉ាស់និងសម្លៀកបំពាក់ការពារខ្លួនទាំងនេះសម្រាប់ប្រើតែម្តង កាលពីពេលថ្មីៗនេះយើងចាប់ផ្តើមសុំជំនួយសម្ភារៈពេទ្យ។ យើងបានទទួលសម្ភារៈទាំងនេះតិចតួចណាស់ សម្ភារៈភាគច្រើនប្រហែលកំពុងបញ្ជូនមកហើយ។ យើងដឹងមិនច្បាស់ទេថា តើមានសម្ភារៈពេទ្យប៉ុន្មានទៀតដែលយើងនឹងទទួលបាន»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ