ទីផ្សារភាគហ៊ុនចិនធ្លាក់ចុះក្នុងពេល ៥ ឆ្នាំកន្លងមក ខណៈនិយតករសន្យាការពារក្រុមវិនិយោគិនតូចតាច

មនុស្សម្នាក់ដើរកាត់​ផ្ទាំងអេក្រង់បង្ហាញពី​ទិន្នន័យផ្សារភាគហ៊ុន​ប្រចាំទីក្រុងសៀងហៃ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពី​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ ភាគហ៊ុន​នៅ​ប្រទេស​ចិន​នៅតែ​វិលវល់​ក្នុង​កម្រិត​មួយ​ទាប​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មក​នេះ បន្ទាប់ពី​និយតករ​ទីផ្សារ​បាន​ប្រឹងប្រែង​ធានា​ចំពោះ​វិនិយោគិន​ដោយ​សន្យា​បង្ក្រាប​ការ​ក្រឡុក​តម្លៃ​ភាគហ៊ុន​និង​ការ​ខ្ចី​ភាគហ៊ុន​និង​លក់​ភ្លាមៗ​ទៅកាន់​ទីផ្សារ​ដើម្បី​ផល​ចំណេញ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

ទីផ្សារ​ភាគហ៊ុន​នៅ​ក្នុង​ទីក្រុង​សៀងហៃ​និង​ទីផ្សារ​ភាគហ៊ុន​តូចៗ​នៅ​ក្នុង​ទីក្រុង Shenzhen ជិត​ទីក្រុង​ហុងកុង​បាន​ឡើងចុះ​រវាង​ការ​ខាតបង់​ច្រើន​និង​ការ​ចំណេញ​តិចតួច​នៅ​ថ្ងៃ​នោះ។ ទីផ្សារ​ភាគហ៊ុន​ចិន​បាន​ចុះខ្សោយ​ដោយសារ​ការ​លក់​ភាគហ៊ុន​អចលនទ្រព្យ​ខ្លាំងក្លា ដែល​ករណី​នេះ​ធ្វើ​ឱ្យ​មាន​ការ​ធ្លាក់ចុះ​នៅ​ក្នុង​ទីផ្សារ​អចលនទ្រព្យ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​ថា គណៈកម្មការ​និយតកម្ម​មូលធនប័ត្រ​នៃ​ប្រទេស​ចិន (CSRC) បាន​រៀបចំ​ការ​ប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី ៤ ខែ​កុម្ភៈ ដោយ​ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​ទីផ្សារ​ភាគហ៊ុន​មាន​ស្ថិរភាព​ឡើងវិញ។

សេចក្តី​ប្រកាស​មួយ​របស់​គណៈកម្មការ​នេះ​ដែល​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​របស់​ខ្លួន​ហាក់ដូចជា​ធានា​ចំពោះ​វិនិយោគិន​ម្នាក់ៗ​ឱ្យ​មាន​ទំនុកចិត្ត។ ភាគហ៊ុន​របស់​វិនិយោគិន​ទាំងនោះ​មាន​ចំនួន​ជាង​ពាក់​កណ្តាល​នៃ​បរិមាណ​នៃ​ការ​ជួញដូរ​ភាគហ៊ុន។ គណៈកម្មការ​នេះ​បាន​សន្យា​បង្ក្រាប​ដោយ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​សម្រាប់​ការ​ជួញដូរ​ភាគហ៊ុន​ផ្ទៃក្នុង​និង​ការ​រំលោភ​បំពាន​ផ្សេងទៀត។

ការ​សន្យា​ទាំងនេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​បាន​លើកឡើង​អំពី​សេចក្តី​ត្រូវការ​នៅ​ក្នុង​ការ​ស្តារ​ស្ថិរភាព​ទីផ្សារ​ភាគហ៊ុន​ឡើងវិញ។

អ្នក​តាមដាន​ស្ថានការណ៍​ទីផ្សារ​ភាគហ៊ុន​បាន​និយាយ​ថា មាន​សញ្ញា​កាលពី​ថ្ងៃ​ទី ៥ ខែ​កុម្ភៈ​ថា អាជ្ញាធរ​បាន​បញ្ជា​ឱ្យ​ស្ថាប័ន​វិនិយោគ​ធំៗ​បង្កើន​ការ​ទិញ​ភាគហ៊ុន​របស់​ធនាគារ​រដ្ឋ​និង​ក្រុមហ៊ុន​ធំៗ​ផ្សេង​ទៀត។ ភាគហ៊ុន​ជា​ច្រើន​ក្នុង​បណ្តា​ភាគហ៊ុន​ទាំងនោះ​បាន​ឡើង​តម្លៃ​ច្រើន។

ប៉ុន្តែ​ជារួម ភាគហ៊ុន​នៅតែ​ធ្លាក់​តម្លៃ​ភាគច្រើន ហើយ​ភាគហ៊ុន​បច្ចេកវិទ្យា​ឋិត​ក្នុង​ចំណោម​ភាគហ៊ុន​ដែល​ធ្លាក់​តម្លៃ​ច្រើន​ជាងគេ​បំផុត។

សន្ទស្សន៍​ភាគហ៊ុន Shenzhen Component បាន​ខាតបង់ ១,១% បន្ទាប់ពី​បាន​ធ្លាក់ចុះ​រហូត​ដល់​ទៅ ៤,៤%។ សន្ទស្សន៍​ភាគហ៊ុន Shanghai Composite បាន​ធ្លាក់ចុះ ១% មក​នៅ​ត្រឹម ២.៧០២,១៩ បន្ទាប់ពី​បាន​ខាតបង់​អស់ ៣,៥% កាលពី​មុន។

ពលរដ្ឋចិនដើរកាត់តំបន់ពាណិជ្ជកម្មនិងផ្សារទំនើបមួយកន្លែង នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Stephen Innes នៃ​ក្រុមហ៊ុន SPI Asset Management បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​មួយ​ថា៖ «ស្ថានភាព​នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​របស់​ចិន​ហាក់ដូចជា​ច្របូកច្របល់ ដែល​នាំ​ឱ្យ​មាន​ក្ដី​កង្វល់​ខ្លាំង​អំពី​ភាព​មិន​ប្រាកដប្រជា​ផ្នែក​និយតកម្ម​និង​អន្តរាគមន៍​របស់​រដ្ឋាភិបាល»។

ក្រុមហ៊ុន​ចិន​បាន​ខាតបង់​ភាគហ៊ុន​អស់​រាប់​ពាន់​លាន​ដុល្លារ ដោយសារតែ​វិនិយោគិន​នានា​បាន​ដកខ្លួន​ចេញ​ពី​ទីផ្សារ​ភាគហ៊ុន​នៅ​ហុងកុង​និង​ចិន​ដីគោក​ដើម្បី​ស្វែងរក​ទីផ្សារ​ផ្សេង​ដែល​អាច​ផ្ដល់​ផល​ចំណេញ​ប្រសើរ​ជាង​នេះ។

សន្ទស្សន៍​ភាគហ៊ុន Nikkei 225 របស់​ប្រទេស​ជប៉ុន​បាន​ឡើង​ថ្លៃ​នៅ​ក្នុង​ទីផ្សារ​ជួញដូរ​ភាគហ៊ុន​អស់​រយៈពេល​ជិត ៣៥ ឆ្នាំ​កន្លង​មក បើ​ទោះបីជា​មួយ​ផ្នែក​គឺ​ដោយសារតែ​ការ​ផ្លាស់ប្តូរ​នៅ​ក្នុង​បទបញ្ញត្តិ​វិនិយោគ​ដែល​ទាក់ទាញ​ហិរញ្ញវត្ថុ​ឱ្យ​ហូរ​ចូល​ក្នុង​ទីផ្សារ​ក៏ដោយ។

ក្រៅពី​វិបត្តិ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ចិន ដែល​ក្រុមហ៊ុន​អចលនទ្រព្យ​នានា​ប្រឹងប្រែង​យ៉ាង​ត្រដាបត្រដួស​ដើម្បី​ឱ្យ​បញ្ជី​ចំណូល​ចំណាយ​របស់​ខ្លួន​បាន​ប្រសើរ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​បាន​បង្ក្រាប​លើ​ការ​ខ្ចី​ប្រាក់​ច្រើន​ហួស​កម្រិត​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​មក ដំណើរ​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​ចិន​ដែល​ជា​សេដ្ឋកិច្ច​ធំ​ជាងគេ​បង្អស់​ទី​ពីរ​នៅ​លើ​ពិភពលោក​បាន​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ។

ភាព​ស្រពិចស្រពិល​ទាក់ទិន​នឹង​ភាព​តានតឹង​របស់​ចិន​ជាមួយ​សហរដ្ឋ​អាមេរិក​ក៏​មិន​បាន​ជួយ​អ្វី​ដែរ។ អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​គំរាម​យក​ពន្ធ ៦០% លើ​ទំនិញ​នាំចូល​ពី​ចិន នៅ​ចំ​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​រារាំង​មិន​ឱ្យ​ចិន​មាន​លទ្ធភាព​ទទួល​បាន​បន្ទះ​ឈីប​កុំព្យូទ័រ​ទំនើប​និង​បច្ចេកវិទ្យា​រសើប​ផ្នែក​យុទ្ធសាស្ត្រ​ផ្សេង​ទៀត។

កាលពី​ឆ្នាំ ២០១៨ លោក Trump បាន​ចាប់ផ្តើម​សង្គ្រាម​ពាណិជ្ជកម្ម​ដោយ​ដំឡើង​ពន្ធ​ខ្លាំងក្លា​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន។ ចិន​បាន​សងសឹក​ត្រឡប់​ទៅ​វិញ​ដោយ​ការ​យក​ពន្ធ​លើ​ទំនិញ​ដែល​នាំចូល​មកពី​សហរដ្ឋ​អាមេរិក។ ការ​យក​ពន្ធ​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំងពីរ​នេះ​នៅតែ​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ