ការ​សាងសង់​មូលដ្ឋាន​យោធា​ចិន​នៅ​លើ​ប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជិត​សម្រេច​ហើយ

រូបភាព​តាម​ផ្កាយរណបរបស់មជ្ឈមណ្ឌល CSIS បង្ហាញ​ឲ្យ​ឃើញ​សំណង់សាងសង់​នៅ​លើ​កោះ​សិប្បនិម្មិត​នៅកោះ Subi នៅសមុទ្រ​ចិន​ខាង​ត្បូង កាលពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧។

មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​អន្តរជាតិ​ និង​យុទ្ធសាស្ត្រ​ (CSIS)​ បាន​វិភាគ​ទៅ​លើ​រូបភាព​ថត​ដោយ​ផ្កាយរណប​ ហើយ​បាន​រក​ឃើញ​ថា ​ការ​សាងសង់​ចំណត​យន្តហោះ​ ទីតាំង​ប្រព័ន្ធរ៉ាដា​ ឃ្លាំង​គ្រាប់​មីស៊ីល​សម្រាប់​បាញ់​កម្ទេច​គោលដៅ​នៅ​អាកាស​ និង​ផ្លូវ​យន្តហោះ​របស់​ប្រទេស​ចិន​បាន​សម្រេច​ ឬ​ជិត​បាន​សម្រេច​ហើយ។

ក្រុម​អ្នកសិក្សា​គោលនយោបាយ​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ បាន​សន្និដ្ឋាន​ថា​ ប្រទេស​ចិន​ជិត​បញ្ចប់​ការ​សាងសង់​កោះ​សិប្បនិម្មិត​ចំនួន​៣​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ការណ៍​នេះ​អាច​ឲ្យ​ប្រទេស​ចិន​ដាក់​យន្តហោះ​ចម្បាំង និង​អាវុធ​យោធា​ផ្សេងៗ​នៅ​លើ​កោះ​ទាំង​នោះ​ក្នុង​ពេល​ណា​ក៏​បាន។

មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​អន្តរជាតិ​ និង​យុទ្ធសាស្ត្រ​ (CSIS)​ បាន​វិភាគ​ទៅ​លើ​រូបភាព​ថត​ដោយ​ផ្កាយរណប​ ហើយ​បាន​រក​ឃើញ​ថា ​ការ​សាងសង់​ចំណត​យន្តហោះ​ ទីតាំង​ប្រព័ន្ធរ៉ាដា​ ឃ្លាំង​គ្រាប់​មីស៊ីល​សម្រាប់​បាញ់​កម្ទេច​គោលដៅ​នៅ​អាកាស​ និង​ផ្លូវ​យន្តហោះ​របស់​ប្រទេស​ចិន​បាន​សម្រេច​ ឬ​ជិត​បាន​សម្រេច​ហើយ។

លោក ​Gregory Poling ​អ្នក​ជំនាញ​ខាង​តំបន់​អាស៊ីអាគ្នេយ៍​នៃមជ្ឈមណ្ឌល CSIS បាន​ប្រាប់​ VOA ថា៖ «ប្រទេស​នីមួយៗ​ក្នុង​តំបន់​នេះ​ គួរ​តែ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សាងសង់​នេះ»។

លោក​ Poling​ បាន​បន្ត​ថា៖ «ប្រសិន​បើ​អ្នក​ជា​អ្នក​នេសាទ​ ឆ្មាំ​សមុទ្រ​ ហើយ​មាន​កប៉ាល់​រុករក​ប្រេង​ និង​ឧស្ម័ន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ នោះ​វា​មាន​ន័យថា​ ប្រទេស​ចិន​មាន​សមត្ថភាព​ និង​មាន​បំណង​ឃ្លាំមើល​រាល់​សកម្មភាព​របស់​អ្នក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​អាច​ធ្វើ​អន្តរាគមន៍​នៅ​គ្រប់​ទីកន្លែង​ និង​គ្រប់​ពេលវេលា​ដែល​ចិន​អាច​ធ្វើ​បាន»។

លោក​ Poling ​បាន​និយាយ​ថា​ ការ​វិវត្ត​ជា​បន្តបន្ទាប់​នេះ​គួរ​តែ​ជា​ «ក្តី​ព្រួយ​បារម្ភ​ធំ​មួយ» ​សម្រាប់​មហាអំណាច​នៅ​លើ​ពិភពលោក​ ដូចជា​សហរដ្ឋ​អាមេរិក​ ប្រទេស​ជប៉ុន​ អូស្ត្រាលី​ ឥណ្ឌា​ និង​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ ដោយសារ​ការ​ទាមទារ​របស់​ចិន​ ដែល​មាន​តាំង​ពី​យូរយារ​មក​ហើយ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​នេះ​ក្នុង​ការ​ការពារ​តំបន់​នេះ​ដោយ​កម្លាំង​យោធា ​ប្រសិន​បើ​ចាំបាច់។

រូបឯកសារ៖ នាវាបូមខ្សាច់​របស់​ចិននៅ​តំបន់ប្រជុំ​កោះ Spratly ដែល​មាន​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

ការ​រក​ឃើញ​ទាំង​នេះ​ពិតជា​គាំទ្រ​ការ​អះអាង​នេះ​ ដែល​រៀបរាប់​ថា ​ការ​សាងសង់​របស់​ប្រទេស​ចិន​នៅ​លើ​កោះ​ទាំង​នោះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​ការ​ទាមទារ​របស់​ចិន ទៅ​លើ​តំបន់​មួយ​ភាគ​ធំ​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​ចិន​បាន​សាងសង់​កោះ​សិប្បនិម្មិត​ចំនួន​ប្រាំ​ពីរ​នៅ​ក្នុងសមុទ្រ​ចិន​ខាងត្បូង ដែល​ការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ប្រទេស​ដទៃ​ទៀត។

របាយការណ៍​នេះ​ បាន​លើក​ឡើង​ថា​ ការ​សាងសង់​កោះ​សិប្បនិម្មិត​ធំ​ជាង​គេ​បង្អស់​ចំនួនបី​របស់​ចិន ​បាន​ចប់​សព្វ​គ្រប់​ ដែល​រួម​មាន​កោះ ​Fiery Cross កោះ Subi​ និង​តំបន់​ថ្ម​ប៉ប្រះទឹក Mischief ដែល​កោះ​ទាំង​អស់​នេះ​សុទ្ធ​តែ​ជាផ្នែក​នៃ​ប្រជុំ​កោះ​ Spratly។ ចិន​បាន​ទាមទារ​មួយ​ភាគធំ ឬ​មួយ​ផ្នែក​នៃ​ប្រជុំកោះ​ទាំង​នេះ ដែល​ត្រូវបាន​ទាមទារ​កាន់កាប់​ដោយ​ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះ​តៃវ៉ាន់ និង​វៀតណាម។

ចិន​ការពារ​ជំហរ​របស់​ខ្លួន

ក្រសួង​ការបរទេស​ចិន​ បាន​និយាយ​កាលពី​ចុង​ខែ​មីនា​ថា​ ពួកគេ​មិន​ដឹង​ច្បាស់ពី​ការ​រក​ឃើញ​របស់​ក្រុម​អ្នក​សិក្សាស្រាវជ្រាវ​នៃ​មជ្ឈមណ្ឌល​គោលនយោបាយ​នេះ​ទេ​ ប៉ុន្តែ​នៅ​តែ​រក្សា​ជំហរ​ថា​ ប្រទេស​ចិន​មាន​សិទ្ធិ​ក្នុង​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ការពារប្រទេស​នៅក្នុង​ទឹកដី​របស់​ចិន។

អ្នកនាំពាក្យក្រសួង​ការ​បរទេស លោកស្រី ​Hua Chunying​ និយាយ​ថា៖ «ខ្ញុំ​គិត​ថា​ នេះ​ជា​បញ្ហា​មួយ​នៅ​ក្នុង​បរិបទ​អធិបតេយ្យភាព​ប្រទេសចិន​ ហើយ​វា​ជា​សិទ្ធិ​ការពារ​ខ្លួន​ដែល​អនុញ្ញាត​ដោយ​ច្បាប់​អន្តរជាតិ​ដល់​ប្រទេស​ដែល​មាន​អធិបតេយ្យ​ភាព»។

ពី​មុនមក​ ចិន​ធ្លាប់​បាន​បដិសេធ​ការ​អះអាង​របស់​សហរដ្ឋ​អាមេរិក​ដែល​ថា ​ចិន​កំពុង​ប្រែក្លាយ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ទៅជា​តំបន់​យោធា​ បើទោះបីជានាយក​រដ្ឋមន្ត្រី​ចិន​លោក​ Li Keqiang​ បាន​មាន​ប្រសាសន៍​នៅ​ខែ​មីនា​ថា​ ភស្តុភារ​ដែល​ត្រូវ​បាន​បំពាក់​នៅ​លើ​កោះ​ទាំង​នោះ​ គឺ​ដើម្បី​រក្សា ​«សេរីភាព​ និង​ស្ថិរភាព​នាវាចរណ៍» ក៏ដោយ។

រដ្ឋាភិបាល​ចិន​បាន​និយាយ​ថា​ កោះ​ទាំង​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ស៊ីវិល​ ជា​ពិសេស​គឺ​ដើម្បី​ការពារ​នាវា​ ដែល​ដឹកជញ្ជូន​ទំនិញ​ក្នុង​តម្លៃ​ប្រមាណ​ ៥លាន​លាន​ដុល្លារ​ តាម​ផ្លូវ​ទឹក​ជារៀងរាល់​ឆ្នាំ។

រដ្ឋាភិបាល​ចិន​បាន​ធានា​ជា​ថ្មី​ថា​ ចិន​នឹង​មិន​បង្ក​ជា​ឧបសគ្គ​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​កប៉ាល់ ឬ​យន្តហោះ​នៅ​តំបន់​នោះ​ទេ​ ទោះបី​ជា​នៅ​តែ​មាន​ចម្ងល់​ថា ​តើ​នាវា និង​យន្តហោះ​ទាំងនោះ ​នឹង​រាប់​បញ្ចូល​ទាំង​នាវា​យោធា​ និង​យន្តហោះ​យោធា​ដែរ​ឬ​ទេ។

រដ្ឋាភិបាល​ចិន​មិន​បាន​បញ្ជាក់​ថា ​តើ​ពួកគេ​មាន​គម្រោង​ប្រកាស​តំបន់​ការពារ​ដែន​អាកាស​ (Air Defense Identification Zone/ADIZ) ទៅ​លើ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ ដូច​ដែល​ចិន​ធ្លាប់​បាន​ប្រកាស​នៅ​តំបន់​សមុទ្រ​ចិន​ខាង​កើត​ ឬ​យ៉ាង​ណា​នោះ​ទេ។

រូបភាពផ្កាយរណបបង្ហាញឲ្យពី​ការ​សាងសង់​ចំណត​យន្តហោះ​ ទីតាំង​ប្រព័ន្ធរ៉ាដា​ ឃ្លាំង​គ្រាប់​មីស៊ីល​សម្រាប់​បាញ់​កម្ទេច​គោលដៅ​នៅ​អាកាស​ និង​ផ្លូវ​យន្តហោះ​របស់​ប្រទេស​ចិន។

បើ​មាន​ការ​ប្រកាស​បែប​នេះ នោះ​នឹង​តម្រូវ​ឲ្យ​អ្នក​បើកបរ​យន្តហោះ​បញ្ជាក់​ពី​ភិនភាគ​យន្តហោះ​របស់​ខ្លួន​ និង​បង្ហាញ​គម្រោង​ហោះហើរ​ទៅ​កាន់​អ្នក​គ្រប់គ្រង​ចរាចរណ៍​អាកាស​របស់​ប្រទេស​ចិន​ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ពួកគេ។

លោក​ Poling​ និយាយ​ថា៖ «ប្រទេស​ចិន​ បាន​និយាយ​ដដែលៗ​ថា​ ពួកគេ​នឹង​ធ្វើ​បែប​នេះ​ នៅ​ពេលវេលា​ត្រឹមត្រូវ។ ប្រព័ន្ធ​រ៉ាដា​ និង​អំណាច​ផ្លូវ​អាកាស​ទាំង​នេះ​ មាន​ន័យ​ថា ​ប្រទេស​ចិន​នឹង​ព្យាយាម​អនុវត្ត​គម្រោង ​ADIZ​ ដូច្នេះ​ប្រទេស​ចិន​បាន​បោះ​ជំហាន​ដ៏​ធំ​មួយ»។

លោក​ Poling ​និយាយថា​ ផលវិបាក​ក្នុង​រយៈពេល​វែង​ដែល​អាច​នឹង​កើតឡើង​ពី​ការ​តម្លើង​ឃ្លាំង​មីស៊ីល​ ប្រព័ន្ធ​រ៉ាដា​ និង​ភស្តុភារ​ផ្សេងៗ​នៅ​លើ​កោះ​ទាំង​នេះ​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង។

លោក​បាន​លើក​ឡើង​ថា៖ «មិន​យូរ​មិន​ឆាប់​ ពួកយើង​នឹង​ឃើញ​វត្តមាន​របស់​កងទ័ព​ជើង​ទឹក​ ទ័ព​អាកាស​ ឆ្មាំ​សមុទ្រ​ និង​យោធា​ប៉ារ៉ា​របស់​ប្រទេសចិន​គ្រប់​ពេលវេលា​ គឺ​២៤ម៉ោង​ក្នុងមួយថ្ងៃ និងប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ពាសពេញ​ផ្នែក​ខាង​ត្បូង​នៃ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូងជា​លើក​ដំបូង​បង្អស់»។

លោក​ Poling​ បាន​ព្យាករណ៍​ថា​ ប្រជាជន​ពី​ឥណ្ឌូនេស៊ី​ ម៉ាឡេស៊ី​ និង​ប្រជាជន ​ដែល​ទាញ​ប្រយោជន៍​ពី​សមុទ្រ​ចិន​ខាងត្បូង​ នឹង​ចាប់​ផ្តើម​ទទួល​រង​ «សម្ពាធ​ឥត​ឈប់ឈរ» ដែល​ប្រជាជនវៀតណាម​បាន​ទ្រាំទ្រ​អស់​រាប់​ទសវត្សរ៍​មក​ហើយ​ក្នុង​ជម្លោះ​ជាមួយ​ប្រទេស​ចិន​ពាក់ព័ន្ធ​នឹង​តំបន់​ប្រជុំ​កោះ​ Paracel។

លោក​ Poling ​បាន​និយាយ​ទៀត​ថា៖ «ការ​តតាំង​គ្នា​ជាមួយ​កម្លាំង​យោធា​ចិន​ នឹង​កើតឡើង​កាន់តែ​ញឹកញាប់​ ហើយ​នេះ​មាន​ន័យ​ថា ​វិបត្តិ​ជា​បន្ទាប់​នឹង​កើត​ឡើង​ជា​មិនខាន​ គ្រាន់​តែ​មិនដឹង​ថា​នៅ​«ពេល​ណា»៕

ប្រែ​សម្រួល​ដោយ វិញ សុជាតា