ចិន​បោះជំហាន​ដ៏​សំខាន់​នៅ​ក្នុង​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍

  • Ralph Jennings

លោក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក Mike Pompeo (រូប​ឆ្វេង) និង​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi (រូប​ស្តាំ) ស្ថិត​នៅ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី ស្រប​ពេល​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើកទី៥១ នៅ​ក្នុង​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ប្លុក​ប្រទេស​ជាតិ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ព្រម​ព្រៀង​គ្នា​លើ​អត្ថ​បទ​ព្រាង​សម្រាប់​ក្រម​ប្រតិបត្តិ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដោយ​ចៃដន្យ​ខាង​នាវាចរណ៍។ សមយុទ្ធ​យោធា​អាច​កើត​មាន​ឡើង​បន្ទាប់។ ប្រទេស​ចិន​បាន​ចាត់​វិធានការ​មិន​រួញរា​ដែល​នឹង​ឈ្នះ​ប្រទេស​នា​នា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ការ​ប្រយ័ត្ន​ប្រយែង​ដោយ​យល់​ព្រម​នៅ​ខែ​នេះ​ដល់​គម្រោង​ក្រម​ប្រតិបត្តិ​សម្រាប់​សមុទ្រ​ចិន​ខាង​ត្បូង។ នេះ​តាម​ការ​បញ្ជាក់​របស់​ពួក​អ្នក​វិភាគ ​ហើយ​នឹង​មាន​សមយុទ្ធ​​យោធា​រួម​គ្នា​លើក​​ទី​មួយ​ដែល​គ្រោង​ធ្វើ​ឡើង​បន្ទាប់។

សមាជិក​១០​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​និង​ពួក​មន្ត្រី​មក​ទី​ក្រុង​ប៉េកាំង​កាល​ពី​សប្តាហ៍​មុន​បាន​យល់​ព្រម​ដល់​សេចក្តី​ព្រាង​ដែលគេ​រងចាំ​ជា​យូរ​ណាស់​មក​ហើយ​សម្រាប់​ក្រម​ប្រតិបត្តិ​ដែល​នឹង​ជួយ​រារាំងគ្រោះ​ថ្នាក់​ដោយ​ចៃដន្យ​នៅ​ក្នុង​ផ្លូវ​ទឹក​ដែល​មាន​ជម្លោះ។ ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ត្រូវ​ទាម​ទារ​ដោយ​រដ្ឋាភិបាល​ចំនួន៦​ហើយ​មាន​គ្រោះ​ថ្នាក់​ជា​ច្រើន​ចាប់​តាំង​ពី​ទសវត្សរ៍​១៩៧០​មក។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​ផ្លូវការ​នៃ​ប្រទេស​ចិន​បាន​រាយការណ៍​ថា ​លោក Wang Yi រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​បាន​និយាយថា ​អត្ថបទ​នោះ​ «នឹង​ជួយ​បង្ហាញ​ថា ​ចិន​និង​រដ្ឋ​ជា​សមា​ជិក​អាស៊ាន ​មាន​សមត្ថភាព​រក្សា​សន្តិភាពនិង​ស្ថិរភាព»។ លោក Eduardo Araral ជា​សាស្ត្រាចារ្យ​ជំនួយ​នៅ​ឯ​សាលា​គោល​នយោបាយ​សាធារណៈ​នៃ​សាកល​វិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​និយាយ​ថា៖ «កិច្ចព្រម​ព្រៀងនេះប្រ​ហែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​ជឿនលឿន​មួយ​ដើម្បី​បញ្ឈប់​ការ​ឈ្លោះប្រកែក​គ្នា​ដោយ​ចំហរនៅ​ក្នុង​សមាគម​អាស៊ាន​ហើយ​និង​រវាង​អាស៊ាន​និង​ចិន»។ កិច្ចព្រមព្រៀង​នេះ ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​នៅ​ឯ​ជំនួប​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ចិន​និង​អាស៊ាន​ហើយ​ពួក​មន្ត្រី​នៅ​ឯ​ជំនួប​នោះ​បាន​ត្រូវ​ដក​ស្រង់​សម្តី​មក​ចុះ​ផ្សាយ​ថា បន្ទាប់​មកនឹង​មាន​សមយុទ្ធ​យោធា​រួម​គ្នា​លើក​ទី១​នៅ​ចុងឆ្នាំ​នេះ។

សមាជិក​សមាគម​អាស៊ាន​មាន ​ប្រទេស​ព្រុយណេ ​ម៉ាឡេស៊ី ​ហ្វីលីពីន​និង​វៀត​ណាមបាន​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​ដែល​ជា​ផ្ទៃទឹក​ជាន់​គ្នា​ដែល​ត្រួតត្រា​ដោយ​ប្រទេស​ចិន។

ជម្លោះ​អធិបតេយ្យ​ភាព​ជាពិសេស​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​រវាង​ចិន​និង​វៀត​ណាម ហើយ​និងចិន​និង​ហ្វីលីពីន​ក្នុង​រយៈ​ពេល​ជាង​៥​ទសវត្សរ៍​កន្លង​មក​នេះ​នៅពេល​ដែល​ចិន​ពង្រីកការ​ត្រួតត្រាលើ​ប្រជុំ​កោះ​តូចៗ​ដែល​គ្មាន​មនុស្ស​រស់​នោះ ក្នុង​ករណី​ខ្លះ ចិន​បាន​ប្រើសម្រាប់​សកម្មភាព​យោធា។ការ​ពង្រីកទឹកដី​របស់​ចិន​បាន​ធ្វើ​ឲ្យ​នាវា​សហរដ្ឋ​អាមេរិក​គាំទ្រ​បណ្តា​រដ្ឋ​ដែល​មាន​យោធា​ទន់​ខ្សោយនៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផ្ទុយ​ទៅ​វិញ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រកាំ​ចិត្ត។

កាល​ពី​ឆ្នាំ​ទៅ ​ចិន​និង​សមាគម​អាស៊ាន​បាន​ព្រមព្រៀង​គ្នា​បន្ត​ការ​ពិភាក្សា​ដើម្បី​ឈាន​ទៅ​សម្រេចបានក្រម​ប្រតិបត្តិ ​បន្ទាប់​ពីជាប់​គាំង​ប្រហែល​រយៈ​ពេល​មួយ​ទសវត្សរ៍​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។​ ក្រម​ប្រតិបត្តិ​នឹង​បង្កើតវិធី​ដើម្បី​រារាំង​ការ​ប៉ះទង្គិច​គ្នា​ខាង​កប៉ាល់​ហើយ​នឹង​បញ្ចៀស​គ្រោះ​ថ្នាក់​ខាង​នាវាចរណ៍ ​ក៏ប៉ុន្តែ ក្រម​ប្រតិបត្តិ​នេះ​នឹង​មិន​ដោះស្រាយ​បញ្ហា​បូរណភាព​ទឹក​ដី​ទេ។ ក្រម​ប្រតិបត្តិ​នេះអាច​ត្រូវចុះ​ហត្ថលេខា​នៅ​ចុង​ឆ្នាំ​នេះ។

​វៀតណាម​និង​ចិន​បានប៉ះទង្គិច​ប្រកប​ដោយ​ការ​ប្រល័យ​កាលពី​ឆ្នាំ​១៩៧៤​និង​ឆ្នាំ​១៩៨៨​លើការ​ប្រកួតប្រជែង​ទាម​ទារ​ដែនទឹក។ ​នៅ​ឆ្នាំ​២០១៤ ​ភាគី​ទាំង​២​បាន​បើក​កប៉ាល់​បុកគ្នា​នៅ​ពេល​ដែល​ចិន​បាន​អនុញ្ញាត​ឲ្យក្រុមហ៊ុន​រុករក​ប្រេង​មួយ​ដំឡើង​ការដ្ឋាន​ខួង​ប្រេង​នៅ​ក្នុង​សមុទ្រ​មាន​ជម្លោះ។ នៅ​ឆ្នាំ​២០១២ កប៉ាល់​ចិនបាន​ពាក់​ព័ន្ធក្នុង​ជម្លោះ​ជាមួយ​ហ្វីលីពីន។

សហរដ្ឋ​អាមេរិក​ដែល​មាន​អំណាច​ខាង​យោធា​ខ្លាំង​ជាង​គេ​បាន​បើក​បរ​នាវា​ឆ្លង​កាត់​សមុទ្រ​នោះ​ចំនួន​៨​ដង​នៅ​ក្រោមរដ្ឋបាល​លោក​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​ដែល​ក៏​កំពុង​ដាក់​គំនាប​លើ​ប្រទេស​ចិន​អំពី​ពាណិជ្ជកម្ម​ដែរ។ សម្ព័ន្ធ​មិត្ត​របស់​សហ​រដ្ឋ​អាមេរិក ​ដូចជា​អូស្ត្រាលី ​ជប៉ុន​និង​បារាំង​ក៏បាន​បញ្ជូន​នាវា​របស់​ខ្លួន​ដើម្បី​គាំទ្រ​ជំហរ​របស់​សហរដ្ឋ​អាមេរិក​ថា ​សមុទ្រ​នោះ​ត្រូវ​តែ​បើក​ចំហរ​សម្រាប់​អន្តរជាតិ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ក៏បាន​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​ដល់​សមាជិក​របស់​អាស៊ាន​ដែល​ទាម​ទារ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​មាន​ការ​ធ្វើ​សមយុទ្ធ​នាវា​រួម​ហើយ​នឹង​លក់​អាវុធ។

លោក Oh Ei Sun គ្រូ​បង្រៀន​ការសិក្សា​អន្តរជាតិ​នៅ​សាកល​វិទ្យា​ល័យ Nanyang ​ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា៖ «ចិន​មាន​ការ​រសាប់​រសល់​ដើម្បី​បង្ហាញ​នូវ​ក្តី​សង្ឃឹម​របស់​ខ្លួន​ដើម្បី​សន្តិភាព សន្តិសុខ​និង​វិបុលភាព​នៅ​ក្នុង​សមុទ្រចិន​ខាង​ត្បូង​ ​ហើយ​ចាប់​តាំង​ពីចិន​ក្លាយ​ជាភាគី​ដ៏​សំខាន់​មួយ​នៅ​ថ្ងៃ​អនាគត​ដល់​ក្រម​ប្រ​តិបត្តិ​នេះ ​ចិន​នឹង​ឆ្លៀត​ឱកាស​នេះ​ ដោយ​ធ្វើ​ការ​បោះជំហាន​ទៅ​មុខ»។

លោក​បាន​និយាយ​ទៀត​ថា ក្រម​ប្រតិបត្តិ​ផ្តាច់​ព្រ័ត្រនៅ​ទី​បញ្ចប់​នឹង​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ផ្លូវនាវាចរណ៍​ត្រូវ​បានកម្រិត​ដោយ​ «ច្បាប់»។ ទោះជាយ៉ាង​ណា​ក៏​ដោយ ទំនាក់​ទំនង​ទាំង​នេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​អាច​ត្រូវ​បាន​តម្រូវ​ដោយ​ប្រព័ន្ធ​នយោបាយ​ផ្អែកលើ​ស្ថានភាព​ជាក់ស្តែង។

​ពួក​អ្នក​វិភាគ​និយាយថា អត្ថបទ​ចរចា​ដែល​បាន​ព្រម​ព្រៀង​គ្នា​កាល​ពី​សប្តាហ៍​មុន​រួម​មាន​សំណើ​របស់​ភាគី​ទាំងអស់​សម្រាប់ការ​ចរចា​នៅ​ពេល​អនាគត។​ កាល​ពី​អតីត​កាល ប្រទេស​កម្ពុជា និង​ឡាវ​ដែល​ជា​សមាជិក​អាស៊ាន​បាន​ជំទាស់​ការ​រិះគន់​ចិន ​ដែល​ធ្វើ​ឲ្យ​ការ​ចរចា​ស្តីពី​ក្រម​ប្រតិបត្តិ​ជាប់​គាំង។

លោក Collin Koh ជា​អ្នក​ស្រាវជ្រាវ​ខាង​សន្តិសុខ​នាវាចរណ៍​នៅឯ​សាកល​វិទ្យា​ល័យ​បច្ចេកទេស Nanyang ក្នុង​ប្រទេស​សិង្ហបុរី​ដែរ ​បាន​និយាយ​ថា ក៏ប៉ុន្តែ អត្ថបទ​កិច្ចព្រម​ព្រៀង​គ្នា​នោះ នឹង​មិន​ធ្វើ​ឲ្យ​ការ​ចរចា​កាន់​តែ​ស្រួល​ឡើង​ឬ​កាន់តែ​រហ័ស​ឡើង​ទេ។

លោក​ Koh ​និយាយ​ទៀត​ថា ការ​ចាប់​ផ្តើម​សមយុទ្ធ​ខាង​យោធា​រវាង​ចិន​និង​សមាគម​អាស៊ាននឹង​មិន​ធ្វើ​ទូលំទូលាយ​ទេ​នៅ​ពេល​មុនដំបូង។ សមយុទ្ធ​យោធា​នោះ​នឹង​គ្រប​ដណ្តប់ការ​ឆ្លើយ​តប ​«ក្នុង​គ្រាអាសន្ន​ខាង​នាវា​ចរណ៍» ហើយ​ប្រហែល​យក​តាម​ការណែ​នាំ​ពី​ក្រម​សម្រាប់​ការ​ប្រឈម​មិន​គ្រោង​ទុក​នៅឯ​សមុទ្រ​ ឬ Code for Unplanned Encounters at Sea (CUES) ដែល​មាន​ប្រទេស​២១​ចូល​រួម​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០១៤។

លោក Kohបាន​និយាយ​បន្ត​ទៀត​ថា៖ «នៅ​មាន​ការខ្វះ​ទំនុក​ចិត្ត​រវាង​ភាគី​នានា​នៅ​ពេល​គេ​ពិនិត្យ​មើល​បរិបទ​សមុទ្រ​ចិនខាង​ត្បូង ​ដូច្នេះ ​គេ​មិន​ចង់​ធ្វើ​សមយុទ្ធ​ដែល​មាន​ភាព​ស្មុគ្រ​ស្មាញ​នោះ​ទេ។​ប្រសិន​បើ ​អ្នក​ធ្វើ​ឲ្យ​បញ្ហានេះ​ស្មុគ្រ​ស្មាញ ​អ្នក​នឹង​ធ្វើឲ្យសមាជិក​អាស៊ាន​ខ្លះលែង​ជិត​ស្និទ្ធ ពីព្រោះ​តែ​នាវា​របស់​ពួកគេមិន​អាច​មាន​សមត្ថភាព​ដើម្បី​ចូលរួម​ប្រភេទ​សមយុទ្ធ​បែបនេះ»។

ដោយ​សារ​សកម្មភាព​ខាង​យោធា​របស់​ចិន​នៅ​កោះ​តូចៗ​ក្នុង​ប្រជុំ​កោះ Spratly ​និង​កោះ​ដ៏ទៃទៀត​ក្នុង​ប្រជុំ​កោះ Paracel ​បានធ្វើ​ឲ្យ​មាន​សកម្មភាព​ខាង​យោធា​កាល​ពី​ឆ្នាំ​ទៅ​ដោយ​សម្ព័ន្ធមិត្ត​លោក​ខាង​លិច។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទាម​ទារកោះ​តូចៗ​ទាំង​នោះ​រួម​ជាមួយ​សមុទ្រប្រ​ហែល​៩០ភាគរយ​នៃ​សមុទ្រ​ទាំងអស់​ដែល​មាន​ទំហំ៣លាន​៥សែន​គីឡូ​ម៉ែត្រ​ការ៉េ ​ដែល​សម្បូរ​ទៅ​ដោយត្រី ផ្លូវនាវា​ចរណ៍ ប្រេង​កាត​និងឧស្ម័នធម្មជាតិ។​ ពួក​មន្ត្រី​ចិនផ្អែកលើ​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ដល់​ការ​ទាមទារ​របស់​ខ្លួន។ ពួកគេ​បាន​ធ្វើ​សមយុទ្ធ​យោធា​របស់​ខ្លួន​នៅ​ខែមេសា។

សមយុទ្ធ​នាវា RIMPAC ដែល​ដឹកនាំ​ដោយ​នាវាសហរដ្ឋ​អាមេរិកកាល​ពីខែមិថុនា​និង​កក្កដា ​មិនបាន​អញ្ជើញ​ប្រទេស​ចិន​ឲ្យ​ចូលរួម​ទេ។ សមយុទ្ធ​បាញ់​គ្រាប់​ពិតៗ​និង​លំហាត់​សមយុទ្ធ​ជា​បន្តបន្ទាប់​មាន​កងទ័ព​២ម៉ឺន៥ពាន់​នាក់​មក​ពី​ប្រទេស​២៥​បាន​ចូលរួម រួមមាន​ប្រទេស​ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន​និង​វៀតណាម៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន