ប្រទេសចិនបានធ្វើការព្រមានជាថ្មីម្តងទៀតនៅថ្ងៃអង្គារ ក្នុងជម្លោះការទូតនិងពាណិជ្ជកម្មដ៏ជូរចត់មួយរបស់ខ្លូនជាមួយប្រទេសអូស្រ្តាលី ដោយបើកការស៊ើបអង្កេតការនាំចូលស្រាពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសចិន។
ក្រសួងពាណិជ្ជកម្មប្រទេសចិនបានឲ្យដឹងថា ការស៊ើបអង្កេតនេះធ្វើឡើង តាមសំណើរបស់សមាគមភេសជ្ជៈមានជាតិស្រវឹងរបស់ចិន ដែលបានចោទប្រកាន់អ្នកផលិតស្រាក្នុងប្រទេសអូស្ត្រាលីថា បានបញ្ចុះតម្លៃផលិតផលស្រាអូស្រ្តាលីដែលកំពុងលក់ក្នុងប្រទេសចិនក្នុងកម្រិតមួយដ៏ទាប ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃស្រាដែលផលិតក្នុងស្រុករបស់ចិន។
អាជ្ញាធរចិននិយាយថា ការស៊ើបអង្កេតនេះនឹងមានរយៈពេលមួយឆ្នាំពេញ ហើយអាចបន្តការស៊ើបអង្កេត៦ខែបន្ថែមទៀត រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
ការប្រកាសរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងបណ្តាលឲ្យប៉ះពាល់ដល់ភាគហ៊ុនរបស់ក្រុមហ៊ុន Treasury Wine Estates ដែលមានមូលដ្ឋានក្នុងប្រទេសអូស្តា្រលី។ ក្រុមហ៊ុននេះជាក្រុមហ៊ុនផលិតស្រាឯករាជ្យដ៏ធំបផុតមួយរបស់ពិភពលោក ដោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះចុះប្រមាណ២០% ក្នុងពេលមួយកាលពីថ្ងៃអង្គារ មុនពេលដែលវាត្រូវផ្អាកការធ្វើជំនួញជាបណ្តោះអាសន្នមួយសន្ទុះ ហើយបានធ្លាក់ចុះក្នុងពេលរសៀលក្នុងកម្រិត១៣%។
ប្រទេសចិនជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ការនាំចេញស្រារបស់ប្រទេសអូស្ត្រាលី ដោយមានទំហំទឹកប្រាក់ជាង៧៩០លានដុល្លារក្នុងការលក់មកប្រទេសចិនកាលពីឆ្នាំទៅ ឬស្មើប្រមាណ៣៧%នៃការនាំចេញស្រារបស់អូស្ត្រាលី ហើយប្រទេសបារាំងឈរក្នុងលំដាប់ទី២ ដោយផ្គត់ផ្គង់ទីផ្សារ២៧%សម្រាប់ស្រាអូស្ត្រាលី។
ដោយឡែកក្រុមហ៊ុនផលិតស្រា Treasury Wine Estates បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបញ្ជាក់ថា ខ្លួននឹងសហការជាមួយអាជ្ញាធរប្រទេសចិនឬប្រទេសអូស្រ្តាលី ប្រសិនបើមានសំណើសុំឲ្យក្រុមហ៊ុនផ្តល់ព័ត៌មានផ្សេងៗទាក់ទងនឹងបញ្ហានេះ។
ដោយឡែករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មសហព័ន្ធរបស់ប្រទេសអូស្ត្រាលីលោក Simon Birmingham បានហៅការស៊ើបអង្កេតរបស់ប្រទេសចិនទាក់ទងនឹងរឿងនេះថា ជាការវិវត្តមួយដ៏គួរឲ្យខកចិត្ត និងមានគួរឲ្យងឿងឆ្ងល់។
ការស៊ើបអង្កេតអំពីការទម្លាក់ថ្លៃស្រានេះជាវិធានការចុងក្រោយរបស់ចិនដែលទំនងដើម្បីសងសឹកចំពោះការណ៍ដែលអូស្ត្រាលីជំរុញឲ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះប្រភពដើមនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ ដែលត្រូវបានគេរកឃើញដំបូងនៅទីក្រុងវូហានភាគកណ្តាលប្រទេសចិន។ កន្លងមកចិនបានបង្កើនពន្ធនាំចូលខ្ពស់ចំពោះស្រូវសាលីអូស្ត្រាលីនិងផ្អាកការនាំចូលសាច់គោអូស្ត្រាលី ហើយក៏បានស្នើឲ្យពលរដ្ឋខពិចារណាមិនទៅសិក្សាឬទស្សនាប្រទេសអូស្ត្រាលី ដោយសារការអះអាងថាមានការរើសអើងជាតិសាសន៍នៅទីនោះ៕