កិច្ចព្រមព្រៀង​វិនិយោគ​ចិនត្រូវ​បាន​មើល​ឃើញ​ថា ​ជា​​ការ​សាកល្បង​ទៅ​លើ​សាមគ្គីភាព​របស់​សហភាព​អឺរ៉ុប

រូបឯកសារ៖ ប្រធានគណៈកម្មការសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបលោក Charles Michel អ្នកស្រី Angela Merkel លោក Emmanuel Macron និងលោក Xi Jinping ចូលរួមកិច្ចប្រជុំរួមគ្នាមួយតាមប្រព័ន្ធអ៊ីនធឺណិត កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។

កិច្ច​ព្រមព្រៀង​វិនិយោគ​មួយ​ ដែល​ត្រូវ​បានយល់​ព្រម​ជា​គោលការណ៍​រវាង​សហភាព​អឺរ៉ុបនិ​ង​ប្រទេស​ចិន​ កាល​ពី​ដំណាច់​ឆ្នាំ​ទៅ​មិញ​ កំពុង​ប្រឈម​នឹង​ការ​រិះគន់ទាំង​ខាង​ក្នុង​និងខាង​ក្រៅ​សហភាព​អឺរ៉ុប។

ក្រុម​អ្នក​វិភាគ​ចង្អុល​បង្ហាញ​ការ​យល់ព្រម​ដល់​កិច្ចព្រមព្រៀង​នេះ​ថា ​ជា​ភស្តុតាង​នៃ​ភាព​ប៉ិន​ប្រសប់​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ក្នុង​ការ​វាយតម្លៃ​អំពី​ការ​ប្រជែង​ឥទ្ធិពល​នៅ​ខាង​ក្នុង​សហភាព​អឺរ៉ុប។

អ្នក​ស្រី Didi Kirsten Tatlow បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​តាមទូរស័ព្ទ​ថា៖ «ប្រសិន​បើ​លោក​អ្នក​ពិនិត្យ​មើល​គោលនបាយ​នៃ​ប្រទេសចិន ​កាល​ពី​មួយ​ទសវត្សរ៍​មុន​នេះ​ចំពោះ​ទ្វីប​អឺរ៉ុប​ ចិនផ្តោត​ខ្លាំង​ណាស់​អំពី​ការ​បំបែក​បំបាក់អឺរ៉ុប​ជា​ផ្នែក​ផ្សេងគ្នា ​គឺ​អឺរ៉ុប​កណ្តាល​ និង​អ៊ឺរ៉ុប​ខាង​កើត​ ជា​ប្លុកមួយ​ ហើយ​ប្រទេស​អាល្លឺម៉ង់​ បារាំ ង​និង​ចក្រភព​អង់គេ្លស​ នៅ​ពេល​អង់គ្លេស​ជា​ផ្នែក​មួយ​នៃ​សហភាព​អឺរ៉ុប​ ជា​ប្លុក​មួយ​ទៀត​ ដោយ​ចិន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់​លើ​ការអំពាវ​នាវ​ដល់​ផលប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​នៃ​ប្រទេសទាំង​នេះ។ លោក​អ្នក​ដឹង​ទេ​ថា​ ចំណាត់​ការ​នៃ​ប្រទេស​ចិន​ពិត​ជា​បានការ»។

អ្នក​ស្រី Tatlow គឺ​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ក្នុង​កម្មវិធី​អាស៊ី​នៃ​ក្រុម​ប្រឹក្សា​អាល្លឺម៉ង់​ អំពី​ទំនាក់ទំនង​ការបរទេស​ក្នុង​ក្រុងប៊ែរឡាំង។ អ្នក​ស្រី​បាន​និយាយ​យោង​ដល់​ទំនាក់​ទំនង​របស់​ប្រទេសចិន​ជា​មួយ​ប្រទេសអាល្លឺម៉ង់​ជា​ករណីមួយ​ក្នុង​ចំណុច​នេះ។

អ្នក​ស្រី​ Tatlow​ បាន​និយាយ​ថា៖ «​ចិន​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រទេស​អាល្លឺម៉ង់​យូរយា​មក​ហើយ។ ​ខ្ញុំ​មិន​យល់​ថា ​ប្រទេស​ចិន​មាន​ប្រាក់​ច្រើន​រហូត​ទេ។ ខ្ញុំ​យល់​ថា​ ចិន​ពូកែ​ណាស់​ខាង​យុទ្ធសាស្ត្រ»។

អ្នក​ស្រី​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​មែន​គ្រាន់​តែ​ «បើក​ទ្វារ​ខ្លួន​ទទួលឧស្សាហកម្ម​រថយន្ត​និង​ទំនិញ​ឯ​ទៀតៗ​របស់​អាល្លឺម៉ង់​ប៉ុណ្ណោះ​ទេ​» តែ​ប្រទេស​នេះ​បាន​ផ្តល់​ឱ្យ​ប្រទេស​អាល្លឺម៉ង់​នូវ​ការ​ចូល​ទាក់​ទង​មិន​ធម្មតា​ខាង​នយោបាយ​ថែម​ទៀត​ផង។

អ្នកស្រី​បាន​ពោល​ថែម​ទៀត​ថា​៖ «ប្រទេស​អាល្លឺម៉ង់​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​អឺរ៉ុប ​ដែល​មាន​អ្វី​ហៅ​ថា «ការ​ប្រជុំ​គណរដ្ឋ​មន្ត្រី» ជា​មួយ​ប្រទេស​ចិន​ច្រើន​ឆ្នាំ​មក​ហើយ» ​ហើយ​គេ​យល់​ឃើញ​ថា ​ការ​ចូល​រួម​ក្នុង​ការ​ប្រជុំ​ទាំង​នេះ​ ជា«កិត្តិយស​ខ្ពស់»​មួយ។

រូបឯកសារ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron អធិការបតីអាល្លឺម៉ង់អ្នកស្រី Angela Merkel និងប្រធានាធិបតីចិនលោក Xi Jinping ក្រោយជំនួបរួមគ្នាមួយនៅវិមាន Elysee ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។

អ្នក​ស្រី Tatlow បាន​ចង្អុល​បង្ហាញ​ថា​ បន្ថែម​លើ​ការ​ចាត់​ចែង​ឱ្យ​មាន​ចំណង​ទាក់ទង​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​មហា​អំណាច​ធំៗ ​ដូចជា​ប្រទេស​អាល្លឺម៉ង់ ​និងប្រទេស​បារាំង​ជា​ដើម​នោះ ​រដ្ឋាភិបាល​ក្រុងប៉េកាំង​ប្រើ​គ្រប់​វិធី​ទាំង​អស់​ដែល​ខ្លួន​មាន​ ដោយ​មាន​រួម​បញ្ចូល​ការ​បើក​ទីផ្សារ​ខ្លួន​ជាដើម​ ដើម្បី​ទាក់ទាញ​ប្រទេស​ឯ​ទៀតៗ ​ក្នុង​ដែន​ឥទ្ធិពល​របស់​ផង​ខ្លួន។​

ជា​ឧទាហរណ៍ ​អ្នក​ស្រី​បាន​ថ្លែង​យោង​ដល់​សេចក្តី​សម្រេច​របស់​ចិន​ក្នុ​ង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ ជាមួយប្រទេស​ស្លូវ៉ាគី​ អំពី​ការ​ដឹក​ជញ្ជូន​សាច់​ទៅ​លក់​ក្រៅ​ប្រទេស​ក្នុង​ពេល​ខ្លី នៅ​មុន​រដ្ឋាភិបាល​ក្រុងប៉េកាំង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​សន្និសីទ​កំពូល​ជា​មួយ​ប្រទេស​ទាំង ​១៧​ នៃ​ផ្នែក​កណ្តាល​និង​ប៉ែក​ខាង​កើត​ទ្វីប​អឺរ៉ុប​ ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែ​កុម្ភៈ។

អ្នកស្រី​ Tatlow និង​ជន​ឯ​ទៀត​បាន​និយាយ​ថា​ ទោះ​ជា​យ៉ាង​នេះក៏​ដោយ ​ក៏​មាន​ភាព​មិន​ស្រួល​ចិត្ត​ក្នុង​ចំណោម​រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប ​អំពី​ការ​ជិត​ស្និទ្ធ​ពេក​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ​ថា​តើ​ការណ៍​នេះ​នឹង​នាំ​ឱ្យ​រដ្ឋ​មួយ​ជា​សមាជិក​ក្នុង​ចំណោម​រដ្ឋ​សមាជិក​ទាំង​ ២៧​ នៃ​សហភាព​នេះ​ នឹង​បោះឆ្នោត​វ៉េតូ​នឹង​កិច្ច​ព្រមព្រៀង​វិនិយោគ​ជាមួយ​រដ្ឋាភិបាល​ក្រុងប៉េកាំង​បែប​ណា​ទេ។

លោក Jakub Janda ដែល​ជា​នាយក​នៃមជ្ឈមណ្ឌល​តម្លៃ​អឺរ៉ុប​ សម្រាប់នយោបាយ​សន្តិសុខ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Prague បាន​និយាយ​ថា៖ «តាម​ទ្រឹស្តីគេ​ត្រូវ​ការ​ប្រទេស​តែ​មួយ​ ដើម្បី​វ៉េតូ​នឹង​កិច្ច​ព្រមព្រៀង​នេះ»។

តែ​លោក​បាន​ថ្លែង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​តាម​ទូរស័ព្ទ​ថា ​បណ្តាប្រទេស​ទំហំ​តូច​និង​ទំហំ​កណ្តាល​នៃ​សហភាព​អឺរ៉ុប​ ប្រហែល​រារែក​ក្នុង​ការ​ប្រើ​អំណាច​នេះ​ ពី​ព្រោះ​ពួក​គេ​ត្រូវ​ការ​ការ​គាំទ្រ​ពី​ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​បារាំង​ចំពោះ

អត្ថប្រយោជន៍​ស្នូល​ឯ​ទៀតៗ​ ដូចជា​ការ​ផ្តល់​ប្រាក់​ជំនួយ​បន្ថែម​ខាង​កសិកម្ម​ ដល់​ប្រទេស​ប៉ូឡូញ​ ឬ​ការ​ទ្រទ្រង់​របស់​ប្រទេស​អាល្លឺម៉ង់​ ដល់បណ្តា​រដ្ឋ​ក្នុង​តំបន់​សមុទ្រ​បាល់ទិក​ នៅក្នុង​ទំនាក់​ទំនង​ពួក​គេ​ជា​មួយ​ប្រទេស​រុស្សី។

លោក Janda ស្តាយ​ដែល​សហភាព​អឺរ៉ុប​នៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រទេសអាល្លឺម៉ង់ ​មិនទទួលបានជោគជ័យ​ក្នុង​ការ​ប្រើ​កិច្ចចរចា​អំពី​កិច្ចព្រមព្រៀង​វិនិយោគ ​ដើម្បី​ជំរុញ​តម្លៃ​ប្រជាធិបតេយ្យ​របស់​ខ្លួន​ និង​គាំទ្រ​សិទ្ធិ​មនុស្ស​ ជា​ពិសេស​នៅ​ពេល​ដែល​ក្រុងប៉េកាំង​ មាន​បំណង​ចង់​ឲ្យ​មាន​កិច្ចព្រមព្រៀង​ដែល​ជា​ការ​ផ្តល់​ឲ្យ​សហភាព​អឺរ៉ុប​ មាន​ប្រៀប​ក្នុង​ការ​ចរចា។

សហភាព​អឺរ៉ុប​ទទូច​ថា ​មាន​យន្តការ​ឯ​ទៀតៗ​ជា​ស្រេច​ ដើម្បី​ពិភាក្សា​អំពី​សិទ្ធិ​មនុស្ស តែ​លោក Janda​ មាន​ជំនឿ​ថា​ រដ្ឋាភិបាល​ក្រុងប៉េកាំង​នឹង​ខ្វល់ខ្វាយ​ខ្លាំង​ខាង​នយោបាយ​ បើ​សិន​ជា​កង្វល់​ទាំង​នេះ​ទាក់ទិន​នឹង​ពាណិជ្ជកម្ម​ ដែល​ជា​វិស័យ​ចិន​គិត​គូរ​ខ្លាំង។

លោក ​Janda​ បាន​និយាយ​ប្រាប់​វីអូអេ​ថា៖ «​ប្រសិន​លោក​អ្នក​លើក​តែ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ការ​សន្ទនា​ខាង​សិទ្ធិ​មនុស្ស​រវាងសហភាព​អឺរ៉ុប​និង​ប្រទេស​ចិន ​ហើយ​លោក​អ្នក​និយាយ​ប្រាប់​ចិន​ថា ​អ្វី​ដែល​ពួក​គេ​ធ្វើ​ក្នុង​តំបន់​ស៊ីនជាំង​ ជា​ការ​សម្លាប់ប្រល័យ​ពូជសាសន៍​ប្រជារាស្ត្រ​អំបូរ​អ៊ុយហ្គ័រ​នោះ​ ចម្លើយ​ដែល​លោក​អ្នក​នឹង​ទទួល​គឺ​ថា​ «ទេ​យើង​មិន​បាន​ធ្វើ​ដូច្នេះ​ទេ» ហើយ​នេះ​ជា​ចម្លើយ​របស់​ចិន»។

ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ដល់​អ្នក​ស្តាប់​អន្តរជាតិ​ នៅ​ឯ​ការ​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​អាត្លង់ទិក ​ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​លោក​ Charles Michel ប្រធាន​ក្រុម​ប្រឹក្សា​សហភាព​អឺរ៉ុប​ បាន​ការពារ​កិច្ចព្រមព្រៀង​បណ្តាក់​ទុន​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​ចិន៕

ប្រែ​សម្រួល​ដោយ​លោក​ឈឹម សុមេធ