​ចិន​និង​ឥណ្ឌា​ឯកភាព​​​ឲ្យ​កង​ទ័ព​របស់​ខ្លួន​បញ្ឈប់​ការ​​​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​តំបន់​ព្រំដែន​​មាន​ជម្លោះ​

រដ្ឋ​មន្ត្រី​ការបរទេស​ឥណ្ឌា S. Jaishankar (ឆ្វេង) រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov (កណ្ដាល)​ និង​លោក Wang Yi រដ្ឋ​មន្ត្រី​ការបរទេស​ចិន ក្នុង​ពេល​ជួប​គ្នា​នៅ​ទីក្រុង​មូស្គូ កាល​ពី​ថ្ងៃ​ទី​១០ កញ្ញា ២០២០។

ប្រទេស​ចិន ​និង​ឥណ្ឌា​ និយាយ​នៅ​ថ្ងៃ​សុក្រ​ថា​ គេ​បាន​ឯកភាព​គ្នា​បន្ធូរ​ភាព​តាន​តឹង​ដែល​បាន​កើត​មាន​ឡើងក្នុង​តំបន់​ព្រំ​ដែន​ជួរ​ភ្នំហិមាល័យ​ ដែល​មាន​ការ​ប្រទាញប្រទង់​គ្នា​រវា​ង​ប្រទេស​ទាំង​ពីរ​នោះ​ ដោយភាគី​ទាំង​ពីរ​បានយល់​ព្រម​បង្កើត​ឡើង​វិញ​ឲ្យ​មានភាព​ស្ងប់​ស្ងាត់​និង​សន្តិភាព បន្ទាប់មាន​ជំនួប​ប្រជុំ​ការ​ទូត​កម្រិតខ្ពស់​មួយ​ ដែល​បាន​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​មូស្គូ ប្រទេស​រុស្សី​ថ្មី​ៗ​នេះ។

ទីប្រឹក្សា​រដ្ឋ​ចិន​លោក​ Wang Yi និង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ឥណ្ឌា​ លោក​ S. Jaishankar បាន​ជួប​ប្រជុំ​គ្នា​ក្នុង​ទី​ក្រុង​មូស្គូ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​យល់​ព្រម​គ្នា​លើក​ចំណុ​ច​ចំនួន​៥​ ដែល​ក្នុង​នោះ​រួម​មាន​ការ​ព្រម​ព្រៀង​គ្នាឲ្យ​កង​ទ័ពនៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​វត្តមាន​ក្នុង​តំបន់​នោះ​ ត្រូវ​បញ្ឈប់ជា​បន្ទាន់​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ និង​បន្ថយនូវ​ភាព​តាន​តឹង នេះ​បើ​តាម​ការ​លើក​ឡើងរបស់ប្រទេស​ទាំង​ពីរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា​មួយ។

​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ក្រៅ​ជំនួប​នៃ​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រតិបត្តិការ Shanghai ​បន្ទាប់​ពីកងទ័ព​នៃ​ប្រទេស​ទាំង​ពីរមាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ ក្នុង​តំបន់​ព្រំដែន​នៃ​ជួរ​ភ្នំ​ហិមាល័យ (Himalayas) ខាង​លិច​ កាល​ពី​ដើម​សប្តាហ៍​នេះ។​

រដ្ឋ​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ​បាន​យល់​ព្រម​គ្នាថា​ ស្ថាន​ភាព​បច្ចុប្បន្ន​ នៅ​តំបន់​ព្រំដែន​នោះ​ ពុំ​មែន​ជាផល​ប្រយោជន៍​នៃ​ភាគី​ណា​មួយ​នោះ​ឡើយ។ ​អាស្រ័យ​ដូច​នេះ​ ពួក​គេ​ឯកភាព​គ្នា​ថា​ កង​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ​ គួរ​បន្ត​ការ​សន្ទនា​គ្នា​ បញ្ឈប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​ និង​ស្ថិត​នៅក្នុង​គម្លាត​មួយ​សមស្រប​ពី​គ្នា​ ដើម្បី​កាត់​បន្ថយ​ភាពនូវតាន​តឹង។ នេះ​បើ​តាម​ការការ​បញ្ជាក់​បន្ថែមរបស់​សេច​ក្តី​ថ្លែង​ការ​ណ៍​រួម​របស់​ប្រទេស​ទាំង​ពីរ៕