ចិន​ផ្តល់​​ជំនួយ​ឥតសំណង​ប្រមាណ ​២៧០ លានដុល្លារ​អាមេរិក​ដល់​កម្ពុជា ខណៈ​​កម្ពុជា​ត្រៀម​ធ្វើ​ជា​​ប្រធាន​អាស៊ាន

រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី (Wang Yi) (ឆ្វេង) ឈរ​នៅ​ជិត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​និង​ទទួល​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ដែល​​ជា​ជំនួយ​របស់​សមភាគី​ចិន នៅ​​ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។​​ (រូបថត​ Facebook/Samdech Hun Sen, Cambodian Prime Minister)

មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន(ASEAN)​ក្នុង​ឆ្នាំ​២០២២ រដ្ឋមន្រ្តី​ការបរទេស​ចិន និងជាទីប្រឹក្សារដ្ឋ​ លោក វ៉ាង យី (Wang Yi) បាន​មក​បំពេញ​ទស្សនកិច្ចនៅ​កម្ពុជា ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​ជំនួយ​ឥត​សំណង​ប្រមាណ​២៧០លាន​ដុល្លារអាមេរិក។ នេះ​ជា​ការ​ប្រកាស​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នា​រសៀល​ថ្ងៃ​អាទិត្យ​នេះ នៅ​ក្នុង​ពិធី​ប្រគល់-ទទួល«​ពហុ​កីឡដ្ឋាន​មរតក​តេជោ»​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ចិន​ក្នុង​តម្លៃ​ប្រមាណ​១៥០លាន​ដុល្លារ​អាមេរិក។

នៅ​មុន​ពិធី​ចុះ​ហត្ថលេខាលើ​ការ​ផ្តល់​ជំនួយ​ឥតសំណង​ និង​ឯកសារ​ផ្សេង​ទៀត​ លោក ហ៊ុន សែន​ បាន​ថ្លែងថា​ដោយសារ​កម្ពុជា​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចិន ទើប​កម្ពុជា​ទទួល​បាន​ពហុកីឡដ្ឋាន​សម្រាប់​រៀបចំ​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣ និង​ហេដ្ឋារចនាសម្ព័ន្ធក្នុង​ប្រទេស​ផ្សេង​ទៀត ដែល​មាន​ផ្លូវថ្នល់ជាង​២ពាន់​គីឡូម៉ែត្រ​ និង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​មួយ​ចំនួន។

លោក ហ៊ុន សែន​ បាន​ថ្លែង​ថា៖ «ប៉ុន្តែ​បន្តិច​ទៀតនេះ ក្រោម​អធិបតីភាព​ខ្ញុំ​ និង​ឯកឧត្តម ​វ៉ាង យី យើង​នឹង​ចុះហត្ថលេខា​លើជំនួយ​ឥត​សំណង​របស់​មិត្ត​ចិន​ ចំនួន​១៧៥០លាន​យ័ន​ ស្មើ​ប្រហាក់​ប្រហែល​២៥០លាន​ដុល្លារ​អាមេរិក​ទៀត។ នេះ​ជាជំនួយ»។

ប៉ុន្តែ​នៅ​ក្នុង​ពិធី​ចុះ​កិច្ចព្រមព្រៀង​នៅ​វិមាន​សន្តិភាព វេលាម៉ោង​ជាង​៧​ល្ងាច​ថ្ងៃអាទិត្យ​នេះ លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ជំនួយ​ឥត​សំណង​ដែល​ភាគី​ចិន​ផ្តល់​ឲ្យ​នេះ មាន​ប្រមាណ​ ២៧០​លាន​ដុល្លារអាមេរិក។

ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្រ្តី​ការ​បរទេស​ចិនមក​កម្ពុជា ​និង​ប្រទេស​បី​ទៀត​នៅ​អាស៊ី គឺ​វៀតណាម សិង្ហបុរី និង​កូរ៉េ​ខាង​ត្បូង កើត​ឡើង​ក្នុង​គ្រាសហរដ្ឋ​អាមេរិក​បង្កើន​ទំនាក់ទំនង​ជាមួយ​អាស៊ាន ​គឺ​បន្ទាប់​ពី​មាន​ដំណើរ​ទស្សន​កិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក​ទៅ​កាន់​ប្រទេស​វៀតណាម និង​សិង្ហបុរី កាល​ពី​ខែ​សីហា។ ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នា​ពេល​នេះ ក៏​ធ្វើ​ឡើង​មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្លាស់​វេននៅ​ឆ្នាំ​២០២២​ខាង​មុខផង​ដែរ។

លោក អៀ សុផល អ្នក​តាម​ដាន​នយោបាយ​កម្ពុជា និង​ជា​ព្រឹទ្ធបុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកលវិទ្យា​ល័យ Arizona State University បាន​ប្រាប់​វីអូអេ​នា​សប្តាហ៍​នេះ​ថា ចិនជា​«មិត្ត​ដែក​ថែប»របស់​កម្ពុជា​ ដូច្នេះ​ជានិច្ចកាល​នឹង​មើល​ថែ​គ្នា​ទៅ​វិញ​ទៅ​មក។ ក្នុង​ន័យ​នេះ លោក​លើក​ឡើង​អំពី​«របៀបវារៈ​របស់​ចិន» នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន។

លោក​និយាយ​ថា៖ «ជា​ប្រធាន​អាស៊ាន កម្ពុជា​នឹង​គាំទ្រ​របៀបវារៈ​របស់​ចិន ហើយ​ទទួល​បាន​មក​វិញ​នូវ​ជំនួយ​របស់​ចិន ដែល​នឹង​ហូរ​ចូល​មក​កម្ពុជា​អំឡុង​ពេល​វិបត្តិ​ជំងឺ​ជា​សាកល​[កូវីដ១៩]»។

នៅ​ថ្ងៃ​អាទិត្យ​នេះ ភាគី​ចិន​ក៏​បាន​ប្រកាស​ផ្តល់​ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​មក​កម្ពុជា​ចំនួន៣លាន​ដូស​បន្ថែម​ទៀត​ផង​ដែរ។ នេះ​បើតាមលោក ប្រាក់​ សុខុន រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ​ដែលបាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​ជាមួយរដ្ឋមន្រ្តី​ការបរទេស​ចិន​លោក​ វ៉ាង យី។

កម្ពុជា​ធ្លាប់​រង​ការ​រិះគន់​អំឡុងពេល​ធ្វើ​ជា​ប្រធាន​ឆ្លាស់​វេន​អាស៊ាន​នៅ​ឆ្នាំ​២០១២ ដែល​កាល​នោះ នាំ​ឲ្យ​កើត​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​អាស៊ាន​មិន​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​បាន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ប៉ះ​ពាល់​ដល់​ប្រទេស​ចិន។

ទិដ្ឋភាព​ទូទៅ​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​ក្នុង​ពិធី​ប្រគល់​ពហុកីឡដ្ឋាន​ជាតិ​នេះ​ដល់​គណៈកម្មាធិការ​រៀបចំ​កីឡា​ស៊ីហ្គេម​កម្ពុជា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ (Tang Chhin Sothy/Pool Photo via AP)

អ្នក​វិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា លោក​ សេង សារី បាន​ប្រាប់​វីអូអេ​នា​សប្តាហ៍​នេះ​ថា​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្រ្តី​ការបរទេស​ចិន ​ជា​«ការ​បោះ​ប្រ៊ីយ៉ុង»ដល់​កម្ពុជា មុន​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន ហើយ​លោក​ជំរុញ​ឲ្យ​កម្ពុជា​គួរ​ធ្វើ​តុល្យភាព​នៃ​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​ចិន និង​សហរដ្ឋ​អាមេរិក។

លោក​ប្រាប់​វីអូអេ​ថា៖ «អញ្ចឹង​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ទទួល​បាន​ប្រយោជន៍​ច្រើន​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​កម្ពុជា​នេះ គឺ​លុះត្រា​តែ​គោល​នយោបាយ​ការ​បរទេស​របស់​យើង​ហ្នឹង គឺ​មាន​លក្ខណៈ​ត្រឹម​ត្រូវ ហើយ​មិន​មាន​ភាព​លម្អៀង​ទៅ​ប្រទេស​មហា​អំណាច​ណាមួយ ដើម្បី​បញ្ចៀស​ទៅ​លើ​បញ្ហា​ទំនាក់ទំនង​ទ្វេ​ភាគី ដូច្នេះ​ការ​ធ្វើ​តុល្យភាព​រវាង​មហា​អំណាច​ទាំង​ពីរ​នេះ ជា​រឿង​សំខាន់​ណាស់។ ហើយ​កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូច​ជា​បង្ហាញ​និន្នាការ មាន​ភាព​លម្អៀង​ទៅ​ចិន ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​បារម្ភ​ទៅ​លើ​ទំនាក់​ទំនង​ការ​បរទេស​របស់​ប្រទេស​កម្ពុជា»។

កាល​ពី​ដើម​ខែ​មិថុនា នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​អនុរដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋអាមេរិក​អ្នកស្រី ​Wendy Sherman បាន​ទទូច​ឲ្យ​ថ្នាក់​ដឹកនាំ​កម្ពុជា​«រក្សា​គោល​នយោបាយ​ការបរ​ទេស​ឯករាជ្យ​និង​រក្សា​តុល្យភាព​ដើម្បី​ផលប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​ពលរដ្ឋ​កម្ពុជា»។ អ្នកស្រី​អះអាង​ថា​អាមេរិក​មាន​បំណង​ធ្វើ​ការ​ជាមួយ​ប្រទេស​កម្ពុជា នៅ​ក្នុង​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ហើយ​ជួយ​ធានា​ឲ្យ​កម្ពុជា​អាច​ដើរ​តួនាទី​ប្រកប​ដោយ​ន័យ​ស្ថាបនា នៅ​ក្នុង​ការ​ដោះ​ស្រាយប​ញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ និង​នយោបាយ​សំខាន់ៗ​នៅ​ក្នុង​តំបន់ ដូច​ជា​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​បញ្ហា​តំបន់​ទន្លេ​មេគង្គ​ជាដើម។

នៅ​ថ្ងៃ​អាទិត្យ​នេះ​ដែរ​ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ការបរទេស​ចិន​ថាទំនាក់ទំនង​កម្ពុជា និង​ចិន បាន​បន្សល់​ទុក​តាំង​ពី​ជំនាន់​ព្រះ​បាទ​នរោត្តម​សីហនុ ហើយ​រូប​លោក​ផ្ទាល់​នឹងបន្ត​រក្សា​ទំនាក់ទំនង​ល្អនេះ។

លោក​ ហ៊ុន សែន បញ្ជាក់​ថា​៖ «បន្ទាប់​ពី​ព្រះអង្គ​ទៅ នៅ​មានព្រះរាជបុត្រ​របស់​ព្រះ​អង្គ​កំពុង​គ្រងរាជ្យសព្វថ្ងៃ គឺ​ព្រះ​បាទ​បរមនាថ នរោត្តម ​សីហមុនី ក៏ដូចជា​កូនចៅ​របស់​ព្រះអង្គ រួម​មាន​រូបខ្ញុំ​ផង​ដែរ ​បន្ត​អនុវត្ត​នយោបាយ​ចិន[តែ]​មួយ និង​បន្ត​នូវ​ការ​គ្រប់គ្រង​ទំនាក់ទំនង​ដ៏ល្អ​នេះ​បន្ថែម​ទៀត»។ ​

បន្ថែម​ពី​នេះ លោក​ក៏បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថាកម្ពុជា​លម្អៀង​ទៅ​ចិន ហើយ​ថា​កុំ​«មើល​មក​កម្ពុជា​នៅ​ក្នុង​ក្រសែ​ភ្នែក​មិន​ត្រឹមត្រូវ»។ លោក​អះអាង​ថា កម្ពុជា​ក៏ស្វាគមន៍​ជំនួយ​ពី​ប្រទេស​ផ្សេង​ទៀ​តដែរ​ ហើយ​មិន​យក​ប្រទេស​ណា​ជា​សត្រូវ​នោះ​ទេ។​

លោក​ ហ៊ុន សែន​ ថ្លែង​ថា៖ «តើ​ខ្ញុំ​មាន​កំហុស​ទេ នៅ​ពេល​ដែល​ខ្ញុំ​ទៅ[មាន]​ទំនាក់​ទំនង​ជាមួយនឹងមិត្ត​ចិន ហើយ​បាន​មក​នូវ​សមិទ្ធ​ផល​បែប​នេះ?»។

នៅ​ក្នុង​ពិធី​ប្រគល់ និង​ទទួល«ពហុកីឡដ្ឋាន​មរតក​តេជោ» លោក វ៉ាង យី ក៏បាន​ថ្លែងសរសើរ​អំពី​ទំនាក់ទំនងល្អរវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​«​មិត្ត​ដែកថែប» និង​«មិត្តភាព​ដ៏​ជ្រាល​ជ្រៅ​បំផុត»​។ រដ្ឋមន្រ្តី​ការបរទេស​ចិន​រូប​នោះ​ ក៏​បាន​ប្រកាស​ថាប្រទេស​ចិន​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ និង​សង្ឃឹម​ថា​កម្ពុជា​នឹង​បន្ត​រីកចម្រើន។

បើ​តាមសេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួង​ការបរទេស​កម្ពុជា​ស្តីពី​ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរនឹង​ពិភាក្សា​លើ​ទិដ្ឋភាពផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ពាណិជ្ជកម្ម​និង​ការ​វិនិយោគ ការអប់រំ សន្តិសុខ និង​ការ​ការពារជាតិ ព្រមទាំង​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​ដែល​ជា​ប្រយោជន៍ និង​កង្វល់​រួម​ផងដែរ។ ក្រសួង​ការបរទេស​បញ្ជាក់​ថាដំណើរ​ទស្សនកិច្ចនេះ​«នឹង​បន្តពង្រឹង​បន្ថែម​ទៀត​នូវមិត្តភាព​ជា​ប្រពៃណី​និង​កិច្ចសហប្រតិបត្តិការ​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​ក្នុង​បរិបទ​នៃ​បញ្ហា​ប្រឈម​ជា​សកល​ដែល​កំពុង​កើត​មាន»៕