ចិន​ប្រកាន់​ជំហរ​តឹងរ៉ឹង​ក្នុង​ការ​បង្ក្រាប​ការ​បោក​បញ្ឆោត​នៅ​តាម​ការិយាល័យ​លក់​សំបុត្រ​កុន

តារាសម្តែង​ស្រីហុងកុង​នាង Angelababy និង​តារា​សម្តែង​ប្រុស​ចិន​ដី​គោក Jing Borah សើច​នៅ​អំឡុងពេល​សន្និសីទ​សារព័ត៌មាន​សម្រាប់​ភាពយន្ត «Love O2O» នៅ​ក្រុង​ប៉េកាំង កាល​ពី​ថ្ងៃ​ចន្ទ ទី០៨ ខែ​សីហា ឆ្នាំ​២០១៦។

ចំនួន​សំបុត្រ​កុន​លក់​ចេញ​តាម​ការិយាល័យ​លក់​សំបុត្រ​នៅ​ប្រទេស​ចិន​កំពុង​កើន​ឡើង​យ៉ាង​លឿន​ គឺ​ជិត​ស្មើ​នឹង​នៅ​សហរដ្ឋ​អាមេរិក។ អ្នក​ខ្លះ​ថែម​ទាំង​បាន​និយាយ​ថា​ ប្រទេស​ចិន​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ដល់​ទៅ​១,៣៥​ពាន់​លាន​នាក់​នោះ​ ​អាច​មាន​សក្តានុពល​នាំ​មុខ​សហរដ្ឋ​អាមេរិក​យ៉ាង​លឿន​បំផុត​នៅ​ដើមឆ្នាំ​ក្រោយ​នេះ។

ប៉ុន្តែ​ ស្រប​ពេល​ដែលតម្រូវការ​ខ្សែ​ភាពយន្ត​ក្នុង​ស្រុករបស់​ចិន​កំពុង​កើន​ឡើង​ខ្លាំង​នោះ ពួក​គេ​កំពុង​អនុវត្ត​សកម្មភាព​ទាំង​ឡាយ​ដែល​បំប៉ោង​ចំនូន​សំបុត្រ​លក់​ចេញ​នៅ​តាម​ការិយាល័យ​លក់​សំបុត្រ។

ថ្មីៗ​នេះ​ ប្រទេស​ចិន​កំពុង​ប្រកាស​កែ​តម្រូវ​សេចក្តី​ព្រៀង​ច្បាប់​មួយ​ ដែល​មាន​គោល​បំណង​រឹត​បន្តឹង​ការ​ពិន័យ​ចំពោះ​ការ​ឆបោក​នៅ​តាម​ការិយាល័យ​លក់​សំបុត្រ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ សមាជិក​សភា​ប្រជាមានិត​ (NPC)​ បាន​ស្នើ​សុំ​ការអនុវត្ត​ការ​ផាក​ពិន័យ​អប្បបរមា​ពី​ ៥០.០០០​ យ័ន​ (៧.៣៩៣​ដុល្លារ) ​រហូត​ដល់​ ៥០០.០០០​យ័ន​ (៧៣.៩៣២​ដុល្លារ)​ ទៅ​លើ​ក្រុមហ៊ុន​ខ្សែ​ភាពយន្ត​ដែល​បន្លំ​ចំនួន​សំបុត្រ​លក់​ចេញ។

ការពិន័យ​តឹងរ៉ឹង​ជាងមុន

លើសពី​នេះ​ទៅ​ទៀត​ ប្រាក់​ពិន័យ​អាច​កើន​ឡើង​ទៅ​ដល់​ ៥​ ដង​នៃ​«ការ​ប្រព្រឹត្ត​ខុស​ច្បាប់» ​ប្រសិន​បើ​ខ្សែ​ភាពយន្ត​ទាំង​នោះ​ទទួលបាន​ចំណូល​ខុស​ច្បាប់​លើសពី​៥០០.០០យ័ន​(៧៣.៩៣២​ដុល្លារ) នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ។ ​ក្នុង​ករណី​ខ្លះ​ និយតករ​មូលដ្ឋាន​(អ្នក​គ្រប់​គ្រង​ក្នុង​មូលដ្ឋាន) អាច​បញ្ឈប់​ដំណើរ​ការ​ជំនួញ​របស់​អ្នកប្រព្រឹត្ត​ល្មើស​ច្បាប់​ ឬ​ដក​ហូត​លិខិត​អនុញ្ញាត​ដំណើរ​ការ​ពាណិជ្ជកម្ម​តែម្តង នេះ​បើ​យោង​តាម​សេចក្តី​ព្រៀង​ច្បាប់​ដែល​បាន​កែ​តម្រូវ​រួច​ហើយ​ប៉ុន្តែ​មិនទាន់​ឆ្លងកាត់​សហសភា។

អ្នក​ប្រកប​ជំនួញ​ក្នុងវិស័យ​នេះ​ បាន​ព្យាករណ៍​ថា ​ការរឹត​បន្តឹង​ការពិន័យ​នឹង​ជួយ​បំបាត់​ភាព​មិន​ច្បាស់​លាស់​នៃ​ចំនួន​សំបុត្រ​ខ្សែ​ភាពយន្ត​របស់​ប្រទេស​ចិន។ ​អ្នក​រកស៊ី​ក្នុង​វិស័យ​នេះ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ VOA ​ថា៖ «ការ​ឆបោក​របស់​ការិយាល័យ​លក់​សំបុត្រ​មាន​សភាព​ធ្ងន់ធ្ងរ។ ខ្សែ​ភាពយន្ត​ខ្លះ​ប្រើ​វិធី​សាស្រ្ត​ក្លែង​បន្លំ​ដើម្បី​ជំរុញ​ការ​លក់​ចេញ​របស់​ខ្លួន»។

ឧទាហរណ៍ អ្នក​ចែក​ចាយសំបុត្រ​អាច​សូក​ប៉ាន់រោង​ភាពយន្ត​ឲ្យ​ចេញ​សំបុត្រ​កុនសម្រាប់​កុន​មួយ​ដែល​ខុស​ពី​កុន​ដែល​អ្នក​ទស្សនា​បាន​មើល​ជាក់​ស្តែង ដើម្បី​បំប៉ោង​ប្រាក់​ចំណូល​ពី​ការ​លក់​សំបុត្រ​របស់​ខ្សែ​ភាព​យន្ត​នោះ​ នេះ​បើ​តាម​អ្នក​ដែល​ស្ថិត​ក្នុង​វិស័យ​នេះ។

ខ្សែភាពយន្ត​ដែលលក់​សំបុត្រ​ដាច់​បាន​ច្រើន​ អាច​ទាក់​ទាញ​អ្នកមើល​កាន់​តែ​ច្រើន​ ឬ​អាច​បង្កើន​ឱកាស​ផលិត​ខ្សែ​ភាពយន្ត​ភាគ​បន្ត​ទៀត។ ចំនួន​លក់​សំបុត្រ​ក៏​អាច​បង្កើន​ចំណាប់​អារម្មណ៍​របស់​អ្នក​វិនិយោគទុន​ទៅ​លើ​ផលិតផល​ដែល​មាន​ការធានា ហើយ​អ្នកវិនិយោគ​ទុន​ទាំង​នេះ​បាន​ប្រាក់​ចំណូល​ភាគច្រើន​ពី​ខ្សែ​ភាពយន្ត។

លោក​ Wang Jianlin នាយក​ក្រុមហ៊ុន​ Wanda Group និយាយ​ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​សម្រាប់​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន FIBA និង​ក្រុមហ៊ុន Wanda Group ក្នុង​ក្រុង​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មិថុនា ឆ្នាំ​២០១៦។ ក្រុមហ៊ុន Wanda Group បាន​ទិញ​ផលិតកម្ម Dick Clark Productions ក្នុង​តម្លៃ​មួយ​ពាន់លានដុល្លារ។

ការក្លែង​បន្លំ​រីក​ដូច​ផ្សិត

ក្នុង​ករណី​ខ្លះ​ គឺ​រោង​ភាពយន្ត​ជាអ្នក​កែ​ចំនួន​ប្រាក់​ចំណូល​ពី​ខ្សែ​ភាពយន្ត​ដោយ​រាយការណ៍​ពី​ចំនួន​សំបុត្រ​លក់​ចេញ​តិច​ជាង​ការពិត​ ក្នុង​គោលបំណង​គេច​ពី​ការបង់​ពន្ធ​ ឬ​បង់​ប្រាក់​ចំណេញ​ទៅ​ក្រុមហ៊ុន​ភាពយន្ត​ដែល​មាន​ភាគហ៊ុន។ បន្ទាប់​មកពួកគេ​យក​ចំនួន​សំបុត្រ​ដែល​បាន​លាក់​ទុក​ទៅបំពេញ​ក្នុង​ការ​លក់​សំបុត្រ​នៅ​បញ្ជរ​របស់​ខ្សែភាពយន្ត​ផ្សេង​ទៀត​ដែល​ក្រុមហ៊ុនរបស់​គេ​ទាមទារ​ចំណែក​នៃ​ប្រាក់​ចំណូល​តិច​ជាង។ យុទ្ធវិធី​ខ្លះ​ មាន​គោល​បំណង​បង្កើន​ប្រាក់​ចំណូល​ឲ្យរោងភាពយន្តផ្ទាល់​ ក្នុង​កម្រិត​អតិបរមា។ នេះ​ក៏​ជាការ​រៀបរាប់​របស់​អ្នក​ដែល​បម្រើ​ការ​នៅ​ក្នុង​ជំនួញ​នេះ។

ទង្វើ​លួច​លាក់​ទាំងនេះ​ បាន​បន្ថែម​ការ​ក្លែងបន្លំ​តួលេខ​នៃ​ការ​លក់​សំបុត្រ​នៅ​តាម​បញ្ជរ​កាន់តែ​ច្រើន។ ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា​ ចំណូល​ពី​ខ្សែ​ភាពយន្ត​នៅ​ប្រទេសចិន​បានកើនឡើង​ជិត​៥០%​ ដែល​ស្មើ​នឹង ​៤៤ ពាន់​លាន​យ័ន្ត ​(៦,៥ពាន់​លាន​ដុល្លារ)​នៅ​ឆ្នាំ​២០១៥​ ប្រៀប​ធៀប​នឹង​ចំណូល​ក្នុង​វិស័យ​នេះ​នៅ​ទីផ្សារ​ក្នុង​ទ្វីប​អាមេរិក​ខាងជើង​ដែល​មាន​តែ ១១ ​ពាន់​លាន​ដុល្លារ។

កាល​ពី​ខែ​មិនា និយ័តករ​ខ្សែភាព​យន្ត​របស់​ប្រទេស​ចិន​ បាន​ចាប់​ផ្តើម​ការបង្ក្រាប​ដំបូង​របស់ប្រទេស​នេះ​ទៅ​លើ​ការឆបោក​នៅ​ការិយាល័យ​លក់​សំបុត្រ។ ការ​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា​ ​ខ្សែ​ភាពយន្ត​ក្បាច់​គុន​របស់​ហុងកុង​មាន​ចំណង​ជើង​ Ip Man 3 ដែលត្រូវ​បាន​គេរាយការណ៍​ថា​មាន​ចំណូល​សរុប​៧២​លាន​ដុល្លារ​នៅ​ចុងសប្តាហ៍​ដំបូង​នោះ​ តាម​ពិត​បាន​បន្លើស​ចំនួន​លក់​សំបុត្រ​នៅ​តាម​បញ្ជររហូត​ដល់ ​៣២ លានយ័ន​ (៤,៧លាន​ដុល្លារ)​ តាម​រយៈ​«ការ​បញ្ចាំង​គ្មាន​អ្នក​មើល»​ និង​ពន្លើល​ចំនួន​ ៥៦ ​លាន​យ័ន​(៨,៣លាន​ដុល្លារ)​ទៀត​ តាម​រយៈ​ការ​ឧបត្ថម្ភជា​សំបុត្រ។

ការ​បញ្ចាំង​គ្មាន​អ្នក​មើល​ សំដៅ​លើ​ស្ថានភាព​ដែល​រោង​ភាពយន្ត​រាយការណ៍​ថា​ ពួក​គេ​បាន​លក់​សំបុត្រកុន​«Ip Man 3»​អស់​រៀង​រាល់​១០​នាទី​នៅ​ពេលរំលង​អាធ្រាត​ ដែល​នេះ​គឺ​ជា​រឿង​មិន​អាច​ទៅ​រួច​ទេ​សម្រាប់​ខ្សែភាពយន្ត​ដែល​មានរយៈ​ពេល​ ១០៥​ នាទីនោះ។ ម្យ៉ាង​ទៀត​ សំបុត្រ​ទាំង​នេះ​មាន​តម្លៃ​ថ្លៃ​ជាង​ការ​ចាក់​បញ្ចាំង​នៅ​ម៉ោង​ផ្សេងៗ។

ចំណែក​ឧបត្ថម្ភ​ជា​សំបុត្រ​កុន​ ជា​យុទ្ធសាស្រ្ត​ទីផ្សារ​ដែល​ត្រូវបាន​ក្រុមហ៊ុន​ខ្សែ​ភាព​យន្ត​ប្រើ​ប្រាស់​ជា​ញឹក​ញាប់​មួយ​ ដែល​រាប់​បញ្ចូល​ទាំង​ការ​លក់​សំបុត្រ​កុន​បញ្ចុះ​តម្លៃ​ជា​កញ្ចប់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ជា​ការ​អនុវត្ត​មួយស្រប​ច្បាប់​ និង​មាន​ប្រសិទ្ធភាព​ជាង​ការផ្សាយ​ពាណិជ្ជកម្ម។ ប៉ុន្តែ​ ការ​ធ្វើ​បែប​នេះ​ក៏​រួម​ចំណែក​ក្នុងការ​ក្លែង​បន្លំ​ចំនួន​សំបុត្រ​លក់​ចេញ​ដែរ។

ការបង្ក្រាប​របស់​រដ្ឋាភិបាល​

ដើម្បីចាត់​វិធានការ​ម៉ឹងម៉ាត់​លើ​ការឆបោក​នេះ​ និយ័តករ​ខ្សែ​ភាពយន្ត​របស់​ប្រទេស​ចិន​បាន​បង្ក្រាប​ការ​ក្លែង​បន្លំ​របស់​ការិយាល័យ​លក់​សំបុត្រ​នានា។ នេះ​បើតាម​លោក​ Jiang Tao​ ប្រធាន​គណៈកម្មាធិការ​ជាតិ​មួយ​ដែល​គ្រប់គ្រង​ការអភិវឌ្ឍវិស័យ​ខ្សែ​ភាពយន្ត។

លោក Jiang បាន​ប្រាប់​ទូរទស្សន៍ CCTV ថា៖ «ទីភ្នាក់ងារ​ភាពយន្ត​ដែល​ស្ថិត​នៅ​ក្រោម​រដ្ឋបាលសារព័ត៌មាន​ ការផ្សព្វផ្សាយ​ វិទ្យុ​ ខ្សែ​ភាពយន្ត​ និង​ទូរទស្សន៍​នៃ​រដ្ឋាភិបាល​ចិន​ បាន​រៀបចំ​វិធានការ​ដើម្បី​ដាក់​បញ្ជូល​ក្នុង​បញ្ជី​ខ្មៅ​ សម្រាប់​អ្នក​គ្រប់គ្រងរោង​ភាពយន្ត​ទាំង​ឡាយ​ណាដែល​បាន​បោក​ប្រាស់​អំពី​ចំនួន​សំបុត្រ​ដែល​បាន​លក់។ ​អ្នក​ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​នេះ​ហើយ​ ​គ្មាន​រោងភាពយន្ត​ណា​នឹង​ទទួល​ជាបុគ្គលិក​ទៀត​ទេ»។
មធ្យោបាយ​ផ្សេង​ទៀត​ រួម​មាន​ការ​តម្លើង​ឧបករណ៍​តាម​ដាន​ក្នុង​រោងភាពយន្ត​ ដើម្បី​ផ្ទៀងផ្ទាត់​ចំនួន​អ្នក​មើលកុន​ជាក់ស្តែង​ និង​ចំនួន​សំបុត្រ​លក់​ចេញ។

លោក​ Jiang​ និយាយ​ថា៖ «ឧបករណ៍​នេះ​ អាចប្រៀបធៀប​ចំនួនអ្នក​មក​មើល​ជាក់​ស្តែង​ ទៅ​នឹង​ចំនួន​សំបុត្រ​ដែល​ត្រូវ​បាន​លក់​ចេញ។ ឧទាហរណ៍​ថា​ បើ​សិន​មាន​ការ​លើស​ខ្វះ​គ្នា​ ១ ភាគរយ​ ​គេ​អាច​អធ្យាស្រ័យ​បាន ប៉ុន្តែ​បើ​មាន​ការ​លើស​ខ្វះ​គ្នា​លើសពី​១ភាគរយ​ គេ​នឹងរាយការណ៍​ទៅ​ប៉ូលស​ភ្លាមៗ»។

ការលក់​សំបុត្រ​មាន​ការ​ថយចុះ

ក្រោយពី​មាន​ការបង្ក្រាប​របស់​រដ្ឋាភិបាល​ ចំនួន​សំបុត្រ​កុន​នៅ​ការិយាល័យ​លក់​សំបុត្រ​បាន​ថយ​ចុះ​ជា​លំដាប់​ តាំង​ពី​ត្រីមាស​ទី១​នៃ​ឆ្នាំ២០១៦​នេះ។ ក្រោយពី​មាន​ការ​កើន​ឡើង​ចំនួន​៥០ភាគរយ​នៅ​ត្រីមាស​ទី១​ ចំនួន​សំបុត្រ​លក់​ចេញ​នៅ​ត្រីមាស​ទី២​ និង​ទី៣​ថយ​ចុះ​៩​ភាគរយ​ និង​១៥​ភាគរយ​ជា​បន្ត​បន្ទាប់​ក្នុង​ការ​ប្រៀប​ធៀប​ប្រចាំ​ឆ្នាំ។ នេះបើយោង​តាម​បញ្ជី​ចំណូល​ចំណាយ​ពី​បណ្តាញ​សង្គម​សម្រាប់​ភាពយន្ត​មួយឈ្មោះ​ថា Mtime។

ការ​លុប​ចោល​នូវ​ការឧបត្ថម្ភ​សំបុត្រ​កុន​ពី​បណ្តាញ​លក់​សំបុត្រ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ធំៗ​ទាំង​៤​ ដែល​ភាគ​ច្រើន​លក់​សំបុត្រ​បញ្ចុះ​តម្លៃច្រើនៗ​ក្នុងឆ្នាំ​ទៅមិញ ក៏​ជា​មូលហេតុ​មួយ​នៅ​ពី​ក្រោយ​ការ​ថយចុះចំនួន​សំបុត្រ​លក់​ចេញ​នៅ​ឆ្នាំ​នេះ​ដែរ។

ការ​បំប៉ោ​ង​ចំនួន​សំបុត្រ​លក់​ចេញ​ក៏​ជួយ​បង្កើន​តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ភាពយន្តជា​ច្រើន​ ក្នុង​នោះ​មាន​ដូចជា​ ក្រុម​ហ៊ុន​ភាព​យន្ត​ Wanda Cinema Line Group។ ក្រុមហ៊ុន​ដំណើរ​ការ​រោង​ភាព​យន្ត​ធំ​បំផុតរបស់​ប្រទេស​ចិន​មួយ​នេះ​ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ភាគហ៊ុន​របស់​ខ្លួន។

កាល​ពី​ខែ​មករា​ ក្រុមហ៊ុន​ Wanda Group​ ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ភាព​យន្ត ​Wanda Cinema​ ដែល​មាន​លោក​ Wang Jianlin​ ជា​ឧកញ៉ា​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ជាង​គេ​នោះ​ បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​យក​ Legendary​ Entertainment​ ដែល​ជា​ស្ទូឌីយោ​ភាពយន្ត​របស់​សហរដ្ឋ​អាមេរិក​មួយ​ ក្នុង​តម្លៃ​ ៣.៥​ពាន់​លាន​ដុល្លារ៕

ប្រែសម្រួលដោយ​ វិញ សុជាតា