ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ច​ប្រជុំ​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង

មេដឹកនាំ Kim Jong Un​ គ្រប់គ្រង​ការ​បាញ់​បង្ហើ​រ៉ុក្កែត​ផ្លោង​ កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បើក​កិច្ច​ប្រជុំ​បិទ​ទ្វារ​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មីៗ​នេះ ស្រប​ពេល​ដែល​ប្រទេស​ចិន​បាន​ស្នើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា។

នៅ​មុន​ការ​ប្រជុំ​នា​ថ្ងៃ​ពុធ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​លោក Wang Yi បាន​ស្នើ​កូរ៉េ​ខាង​ជើង​ឲ្យ​ផ្អាក​សកម្មភាព​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន និង​បាន​ស្នើ​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​បញ្ឈប់​នូវ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​របស់​ពួកគេ។

សកម្មភាព​របស់​ភាគី​នីមួយៗ​រង​ការ​ថ្កោល​ទោស​ពី​ភាគី​ប្រឆាំង​របស់​ខ្លួន ដែល​នេះ​ដូច​អ្វី​ដែល​លោក Wang Yi បាន​រៀប​រាប់​ថា វា​ប្រៀប​ដូច​ជា​រថភ្លើង​ពីរ​ខ្សែ​ដែល​បង្កើន​ល្បឿន​របស់​ខ្លួន​បើក​សំដៅ​ទល់​មុខ​គ្នា​ដោយ​មិន​ព្រម​ឈប់​អញ្ចឹង។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ថ្កោល​ទោស​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង និង​បាន​ព្រមាន​ថា ការ​ប្រយុទ្ធ​គ្នា​ផ្នែក​យោធា​អាច​នឹង​កើត​ឡើង​នៅ​ក្នុង​តំបន់។

សេចក្ដី​ប្រកាស​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​មាន​ការ​សោកស្ដាយ ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​បាន «បង្វែរ​ធនធាន​របស់​ខ្លួន​ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​សម្រេច​គោល​បំណង​គ្រាប់​ផ្លោង​មីស៊ីល ខណៈពេល​ដែល​ប្រជាពលរដ្ឋ​កូរ៉េ​ខាង​ជើង​កំពុង​រង​ទុក្ខ​វេទនា‍»។

កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល ៤ គ្រាប់ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលម្ង៉ៃ ដែល​ធ្វើ​ឡើង​ស្រប​ពេល​ជាមួយ​នឹង​ការ​ចាប់ផ្ដើម​នៃ​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​ប្រចាំ​ឆ្នាំ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង៕