ចិនដក​តំណែង​មន្រ្តី​ការ​​ទូត​ជាន់​ខ្ពស់​ដោយ​​​ចោទ​ប្រកាន់​ពី​បទ​ពុក​រលួយ​

មន្រ្តី​ការ​ទូត​ជាន់​ខ្ពស់​ចិន​លោក​ ហ្សាង​ ឃុន​សេង​ ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​ ដោយសារ​ពាក់​ព័ន្ធ​នឹង​បទ​ពុក​រលួយ​។

ក្រសួងការ​បរទេស​ចិន​និយាយថា​ខ្លួនបាន​ដកមន្ត្រី​ការទូត​ជាន់ខ្ពស់​ម្នាក់​ពីមុខតំណែង​ ខណៈពេល​ដែលមាន​ការស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹងការ​រំលោភ​វិន័យ​ដែល គេមិនបាន​បញ្ជាក់​ឲ្យដឹង​មួយ។​តែគេ​គិតថា​ទំនង​ជាពាក់ព័ន្ធ​នឹងអំពើ​ពុក​រលួយ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញផ្សាយ​នៅថ្ងៃសុក្រ​នេះ​ក្រសួងការ​បរទេស​ចិនមិន​បានបញ្ជាក់​ឲ្យដឹង​ពីព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ​ទាក់ទិន​នឹង​ការ​ដក​អនុរដ្ឋមន្ត្រី​ចិន ហ្សាង ឃុនសេង ​(Zhang Kunsheng)​។

លោក​ ហ្សាង​គឺជាអ្នកការ​ទូត​កំពូល​ដំបូង​ដែលត្រូវ​ដកចេញ​ពីមុខ​តំណែង​ក្នុង យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុក​រលួយ​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីពីង​ (Xi Jinping) ។

ការពោលពាក្យ​ រំលោភ​វិន័យ​ត្រូវគេ​ប្រើយ៉ាង​ទូលំទូលាយ​ដោយអាជ្ញាធរ​ចិន ដើម្បី​ពណ៌នា​អំពីអំពើ​ពុករលួយ៕