​​ចិន​បង្ហាញ​ការ​គាំទ្រ​រដ្ឋាភិបាល​លោក ​​ហ៊ុន សែន​ ​ពេល​​ប្រទេស​លោក​ខាង​លិច​រិះគន់​រឿង​ចាប់​មេ​បក្ស​ជំទាស់

  • នៅ វណ្ណារិន

រូបឯកសារ៖ នាយករដ្ឋមន្រ្តី​ហ៊ុន សែន ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាងបី​ទសវត្សរ៍​កន្លង​មក​នេះ។

​«លោក Wang​ ​បាន​បញ្ជាក់​ជម្រាប​សម្ដេច​តេជោ​ ​ផង​ដែរ​ថា​ ​ទំនាក់​ទំនង​កម្ពុជា-ចិន​ ​គឺ​ជា​បង​ប្អូន​ ​និង​ជា​មហា​គ្រួសារ​ ​ព្រោះថា​ ​ឧបសគ្គ​របស់​កម្ពុជា​ ​គឺ​ជា​ឧបសគ្គ​របស់​ចិន​ ​ហើយ​ជោគជ័យ​របស់​កម្ពុជា​ ​គឺ​ជា​ជោគជ័យ​របស់​ចិន​ផង​ដែរ។​ ​ប្រទេស​យើង​ទាំងពីរ​គឺ​មិន​អាច​មាន​អ្នក​ណា​មក​បំបែក​បំបាក់​បាន​ឡើយ»។​​

មន្ត្រី​ជាន់​ខ្ពស់​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ ​បាន​អះអាង​សារ​ជាថ្មី​នា​ថ្ងៃ​សុក្រ​នេះ​ ថា​ ប្រទេស​កុម្មុយនិស្ត​ចិន​ ​នៅ​តែ​រក្សា​ចំណង​មិត្តភាព​ និង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​ ដោយ​គ្មាន​ជន​ណា​ម្នាក់​អាច​បំបែក​បាន​នោះ​ទេ។​ នេះ​បើ​តាម​ព័ត៌មាន​ ដែល​ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ហ៊ុន សែន។​

ក្នុង​ព័ត៌មាន​ដែល​ចុះផ្សាយ​ជា​វីដេអូ​ ​និង​អត្ថ​បទ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​លោក​ ​ហ៊ុន សែន​ ​ឲ្យ​ដឹង​ថា​ ​លោក វ៉ាង ជារួយ (​Wang Jiarui​) អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ បាន​បន្ត​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ ​ហ៊ុន សែន​ ​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។​

​ក្នុង​វីដេអូ​ខ្លី​ស្ដីពី​ជំនួប​រវាង​លោក​ ​ហ៊ុន សែន​ ​និង​ ​លោក​ ​Wang Jiarui​ ​នៅ​វិមាន​សន្តិភាព​ ​អ្នក​អធិប្បាយ​ព័ត៌មាន​បាន​ស្រង់​សម្ដី​ដើម​របស់​លោក ​Wang​យ៉ាង​ដូច្នេះ​ថា៖

​«លោក Wang​ ​បាន​បញ្ជាក់​ជម្រាប​សម្ដេច​តេជោ​ ​ផង​ដែរ​ថា​ ​ទំនាក់​ទំនង​កម្ពុជា-ចិន​ ​គឺ​ជា​បង​ប្អូន​ ​និង​ជា​មហា​គ្រួសារ​ ​ព្រោះថា​ ​ឧបសគ្គ​របស់​កម្ពុជា​ ​គឺ​ជា​ឧបសគ្គ​របស់​ចិន​ ​ហើយ​ជោគជ័យ​របស់​កម្ពុជា​ ​គឺ​ជា​ជោគជ័យ​របស់​ចិន​ផង​ដែរ។​ ​ប្រទេស​យើង​ទាំងពីរ​គឺ​មិន​អាច​មាន​អ្នក​ណា​មក​បំបែក​បំបាក់​បាន​ឡើយ»។

នេះ​គឺ​ជា​ថ្ងៃ​ទី​ពីរ​នៃ​ដំណើរ​ទស្សន​កិច្ច​ដែល​គេ​មិន​បាន​ប្រកាស​ឲ្យ​ដឹង​ជា​មុន​របស់​ ​លោក​ ​Wang Jiarui​ ​អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន។​ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​លោក​ ​Wangបាន​ជួប​សន្ទនា​ជាមួយ​មន្ត្រី​សំខាន់ៗ​និងមេដឹកនាំ​ប្រទេស​មួយ​ចំនួន​ដើម្បី​បញ្ជាក់​ពី​គោល​ជំហរ​របស់​ប្រទេស​កុម្មុយនិស្ត​ចិន​ចំពោះ​កម្ពុជា។

​នៅ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយ​លោក​ ​ហេង សំរិន​ ​ប្រធាន​រដ្ឋ​សភាជាតិ​ ​លោក​ ​Wang Jiarui​ បាន​ប្រាប់​លោក ហេង សំរិន​ ថា​ ប្រទេស​ចិន​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​ ​លោក​ហ៊ុន សែន​ ​ក្នុង​ការ​ចាប់ខ្លួន​ មេ​បក្ស​ប្រឆាំង​ ​លោក​ ​កឹម សុខា។​

លោក​ ​Wang​ ​ក៏​ត្រូវ​បាន​គេ​ស្រង់​សម្ដី​ថា «ប្រទេស​ចិន​នឹង​ជួយ​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ នៅ​គ្រប់​កាលៈទេសៈ»។​

ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ​Wang Jiarui​ ​អនុ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជា​ជន​ចិន​ ​ក្នុង​ប្រទេស​កម្ពុជា​ ​កើត​ឡើង​ចំ​ពេល​ដែលប្រទេស​កម្ពុជា​កំពុង​រង​ការរិះគន់​ពី​សំណាក់​ប្រទេស​និយម​ប្រជាធិបតេយ្យ​ជា​ច្រើន​នៅ​លោក​ខាងលិច​ ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ ​ក្រោយ​ការ​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​កឹម សុខា​ ​ទាំង​កណ្ដាល​អាធ្រាត្រ។​ ​

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹក​នាំ​ដោយ​ ​លោក​ ​កឹម សុខា​ ​ត្រូវ​បាន​គេ​ដឹង​ថា​ ជា​គូ​ប្រជែង​ដ៏​ធំ​របស់​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​ក្នុង​ពេល​បោះឆ្នោត​ជាតិ​២០១៨។

លោក​ ​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​កាល​ពី​ថ្ងៃ​ពុធ​ និង​ដើម​សប្ដាហ៍​ ​នេះ ​បាន​ព្រមាន​ ​ប្រទេស​សេរីមួយ​ចំនួន​ដែល​លោក​អះអាង​ថា​ បាន​ចូល​ដៃ​សមគំនិត​ជាមួយ​លោក ​កឹម សុខា​ ​ក្នុង​ការ​រៀប​គម្រោង​ផ្ដួល​រំលំ​របប​ដែល​លោក​គ្រប់គ្រង​ ​ជាង​៣​ទសវត្សរ៍​មក​នោះ។​

លោក​ ​មាស នី​ ​អ្នកវិភាគ​និង​តាមដាន​ការ​វិវត្ត​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ​បាន​ប្រាប់​ ​VOA​ ​ថា​ក្នុង​ស្ថាន​ការណ៍​រិះគន់​ពី​សំណាក់​បរទេស​បែប​នេះ​ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រទេស​ចិន​សម្រាប់​បង្ហាញ​ការ​គាំ​ទ្រ​ដល់​ប្រទេស​កម្ពុជា​ ​និង​ភ្ជាប់​ចំណង​ការ​ទូត​ឱ្យ​កាន់​តែ​ជិត​ស្និត​ថែម​ទៀត។​ ​

ទោះ​ជា​យ៉ាង​ណា​ក្តី លោក​ ​មាស នី​ ក៏​បាន​គូស​បញ្ជាក់​ពី​លទ្ធផល​ដែល​កម្ពុជា​ ធ្លាប់​ទទួល​ក្នុង​ដើមឆ្នាំ​១៩៦០​ ​នៅ​ពេល​ដែល​កម្ពុជា​ផ្ដាច់​ចំណង​ទាក់​ទង​រវាង​មហា​អំណាច​អាមេរិក​ហើយ​ងាក​ទៅ​រក​ប្រទេស​កុម្មុយនិស្ត​ចិន។​

លោក​ មាស នី​ ​បន្ត​ថា៖

«បាទ!​ ​ហើយ​បើ​យើងមើល​មក​ក្នុង​ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន​នេះ​ទៀត​ ​ទោះបីចិន​វិនិយោគទុន​សន្ធឹក​សន្ធាប់​មក​ក្នុងស្រុក​យើង​ហ្អា៎​ ប៉ុន្តែ​បើ​យើង​មើល​វិស័យ​រ៉ែ​ និង​ថាមពល​អី​ ស្ទើរ​តែ​នៅ​ក្នុង​ដៃ​ចិន​ទាំង​អស់​បាទ!​ អ៊ីចឹង​យើង​មិន​ដឹង​ថា ​ការ​ហុច​ទំនាក់​ទំនង​ទៅ​ជាមួយ​កម្ពុជា-ចិន​ វា​នឹង​បាន​ប្រយោជន៍​អី​ទៅ​សម្រាប់​សង្គម​ជាតិ​យើង?»។​

​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា ​ឲ្យ​ដឹង​ថា​ កម្ពុជា​ទទួល​ការ​វិនិយោគ​ទុន​ពី​ប្រទេស​កុម្មុយនិស្ត​ចិន​ ​ប្រមាណ​១ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦។​ ​

លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​ប្រកាស​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ថា​ ​ជំនួញ​ទ្វេភាគី​រវាង​ប្រទេស​ចិន​ និង​កម្ពុជា​ មាន​តម្លៃ​សរុបជិត៥ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦ ​ដែល​ក្នុង​នោះ​ ​ប្រទេស​កម្ពុជា​បាន​នាំចេញ​ទៅ​ប្រទេស​ចិន​ត្រឹម​តែ​ជាង​៨០០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​សុក្រ​រវាង​ ​លោក​ ​ហ៊ុន សែន​ ​និង​លោក​ ​Wang Jiarui​ ​អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន​ ​លោក​ Wang ក៏​បាន​បញ្ជាក់​ពី​គោល​ជំហរ​របស់​ចិន​ ​ដែល​មិន​គាំទ្រ​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នោះ​ទេ​ ​ហើយ​ចិន​ក៏​ចង់​ឃើញ​ការ​ការ​ចរចា​មួយ​ប្រកប​ដោយ​សន្តិភាព​ ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ៕​