ចិនបានបណ្តេញលោក Guo Boxiong មេដឹកនាំយោធាអាយុ៧៣ឆ្នាំចេញពីគណបក្សកុម្មុយនិស្ត ដែលជាគណបក្សកាន់អំណាច ដោយចោទប្រកាន់លោកពីការប្រព្រឹត្តអំពើពុករលួយ។ លោក Guo ជាមន្រ្តីយោធាជាន់ខ្ពស់បំផុតដែលត្រូវបានបណ្តេញចេញពីដំណែងដោយយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ខ្លាំងរបស់លោកប្រធានាធិបតីស៊ី ជីងពីង។
បណ្តាញផ្សាយព័ត៌មានចិនបានរាយការណ៍ថា លោក Guo បានត្រូវដកចេញពីគណបក្សកាលពីថ្ងៃព្រហស្បតិ៍ ហើយបានត្រូវប្រគល់ខ្លួនទៅឲ្យរដ្ឋអាជ្ញាកងទ័ព ដែលនេះជាចំណាត់ការមួយដែលគេរំពឹងទុកចាប់តាំងពីលោកបានស្ថិតនៅក្រោមការស៊ើបអង្កេតនៅដើមឆ្នាំនេះ។
លោកត្រូវគេរំពឹងថា នឹងត្រូវកាត់ទោសនៅក្នុងប្រព័ន្ធតុលាការ ដែលត្រួតត្រាដោយគណបក្សកុម្មុយនិស្ត ដែលទំនងកាត់ឲ្យជាប់គុក។
លោក Guo បានរងការចោទប្រកាន់ពីការទទួលសំណូកនៅក្នុងការដោះដូរនឹងការតម្លើងបុណ្យសក្តិនៅក្នុងជួរកងទ័ព។ ខណៈដែលលោក Guo បានស្ថិតនៅក្រោមការស៊ើបអង្កេតចាប់តាំងពីខែមេសាមក កូនប្រុសរបស់លោកឈ្មោះ Guo Zhenggang បានស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរនៅក្នុងខែមិនា ដោយរងការចោទប្រកាន់ពីការទទួលសំណូក និងសកម្មភាពឧក្រិដ្ឋកម្មដែលមិនត្រូវបានបញ្ជាក់ជាក់លាក់៕