ប្រទេសចិនបានរាំងខ្ទប់មនុស្សរាប់សែននាក់បន្ថែមទៀតនៅថ្ងៃអង្គារនេះដើម្បីព្យាយាមទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណាដែលកាន់តែធ្ងន់ធ្ងរទៅៗ ខណៈដែលការឆ្លងបានកើនឡើងដល់កម្រិតខ្ពស់ថ្មីនៅក្នុងរដ្ឋជាច្រើននៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
ការកើនឡើងនូវជំងឺកូវីដ១៩បានបំផ្លិចបំផ្លាញជុំវិញពិភពលោកដោយប្រទេសជាច្រើននៅតំបន់អឺរ៉ុបនិងអាមេរិកខាងជើងកំពុងព្យាយាមរក្សាតុល្យភាពរវាងវិធានការសេដ្ឋកិច្ចនិងការ ទប់ទល់ការរីករាលដាលនៃវីរុសនេះ។
សហរដ្ឋអាមេរិកបានកាត់បន្ថយរយៈពេលរាំងខ្ទប់សម្រាប់ករណីដែលគ្មានរោគសញ្ញាដើម្បីព្យាយាមទប់ទល់ការរំខាន រីឯប្រទេសបារាំងបានបញ្ជាឱ្យក្រុមហ៊ុនអនុញ្ញាតឱ្យបុគ្គលិកធ្វើការពីផ្ទះយ៉ាងហោចណាស់បីថ្ងៃក្នុងមួយសប្តាហ៍។
ទោះជាប្រទេសចិនប្រឈមមុខនឹងការឆ្លងតិចជាងទីកន្លែងចំណុចក្តៅក្នុងពិភពលោកក៏ដោយ ក៏ប្រទេសចិនមិនបានបន្ធូរបន្ថយយុទ្ធសាស្ត្រ«គ្មានជំងឺកូវីដ១៩»ឡើយដោយបញ្ជាឱ្យនៅផ្ទះនៅផ្នែកជាច្រើននៃទីក្រុង Yan'an។
អ្នកស្រុករាប់សែននាក់ដែលរងផលប៉ះពាល់នៅទីនោះបានចូលរួមជាមួយប្រជាជន១៣លាននាក់នៅក្នុងទីក្រុង Xi'an ដែលត្រូវនៅក្នុងផ្ទះបានចូលដល់ថ្ងៃទី៦ហើយខណៈប្រទេសចិនបានទប់ទល់នឹងការឆ្លងប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេល២១ ខែ។
អ្នកទីក្រុង Xi'an ម្នាក់បានសរសេរតាមបណ្តាសង្គម Weibo ដែលស្រដៀងនឹង Twitter ថា«ខ្ញុំស្រេកឃ្លានជិតស្លាប់ហើយ ។ អត់មានអាហារទេ។ គេមិនឲ្យខ្ញុំចេញទេ។ ខ្ញុំជិតអស់មីហើយ...ជួយផង!»។
អ្នកក្រុង Xi'an ជាច្រើនបានត្អូញត្អែរដូចគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីការរឹតបន្តឹងដែលរួមមានការហាមប្រាមការបើកបរហើយសមាជិកគ្រួសារតែមួយគត់អាចចេញទៅក្រៅដើម្បីទិញគ្រឿងទេសរៀងរាល់បីថ្ងៃម្តង។
ការបិទសកម្មភាពសង្គមនេះគឺជាវិធានការទូទៅបំផុតនៅក្នុងប្រទេសចិនចាប់តាំងពីទីក្រុងដែលមានទំហំប្រហាក់ប្រហែលទីក្រុង Wuhan នេះត្រូវបានរាំងខ្ទប់នៅដើមដំបូងនៃជំងឺរាតត្បាតនេះ៕