ចំណែកច្រើនជាងមុនបន្តិចបន្តួចនៃកញ្ចប់ថវិកាឆ្នាំ ២០២៣ របស់ប្រទេសចិនគឺចំណាយលើវិស័យការពារជាតិ។ នេះបើយោងតាមពង្រាងថវិកាដែលបានដាក់ជូនសម័យប្រជុំសភាប្រចាំឆ្នាំរបស់ចិនកាលពីថ្ងៃទី ៥ ខែមីនាកន្លងទៅនេះ។
នេះជាអ្វីដែលអ្នកវិភាគនានាបាននិយាយថាជាផ្នែកមួយនៃការអះអាងម្ដងហើយម្ដងទៀតរបស់រដ្ឋាភិបាលចិនក្នុងការក្លាយជាមហាអំណាចយោធានៅក្នុងតំបន់។
ចិននឹងបង្កើនការចំណាយលើវិស័យការពារជាតិចំនួន ៧,២% នៅក្នុងឆ្នាំនេះ ច្រើនជាងការបង្កើនចំនួន ៧,១% កាលពីឆ្នាំមុន។ នេះបើយោងតាមពង្រាងថវិកាដែលក្រសួងហិរញ្ញវត្ថុចិនបានដាក់ជូនសភាចិន។ ករណីនេះបង្ហាញឱ្យឃើញពីការកើនឡើងនូវកញ្ចប់ថវិកាយោធារបស់ចិនក្នុងរយៈពេល ៨ ឆ្នាំជាប់ៗគ្នា ដែលឥឡូវនេះកញ្ចប់ថវិកានេះបានក្លាយជាកញ្ចប់ថវិកាយោធាធំបំផុតទីពីរនៅលើពិភពលោក។
កញ្ចប់ថវិកាជាតិរបស់ចិនបានបង្ហាញថា ថវិកាចំនួន ២២៤ ពាន់លានដុល្លារគឺសម្រាប់ការចំណាយខាងយោធា។ នេះបើយោងតាមពង្រាងថវិការបស់ចិន។ ដូចឆ្នាំមុនៗដែរ គេមិនឃើញមានការបង្ហាញព័ត៌មានណាមួយអំពីការចំណាយផ្សេងៗទៀតនៃកញ្ចប់ថវិកានេះទេ។ នៅរវាងឆ្នាំ ២០១១ និង ២០១៥ ចិនបានរាយការណ៍ថាថវិកាការពារជាតិរបស់ខ្លួនបានកើនឡើងជារៀងរាល់ឆ្នាំពី ១០% ទៅ ១២%។
ចំនួនថវិកាសេដ្ឋកិច្ចនិងការពារជាតិរបស់ចិននេះត្រូវបានអ្នកវិភាគនៅខាងក្រៅជាច្រើនពិចារណាដោយមន្ទិលសង្ស័យអំពីភាពស្មោះត្រង់របស់រដ្ឋាភិបាលចិនលើប្រធានបទដ៏រសើបនេះ។
កាលពីខែមុន ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) របស់សហរដ្ឋអាមេរិកលោក William Burnsបាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានបង្ហាញថាប្រធានាធិបតីចិនលោក Xi Jinpingបានប្រាប់យោធាចិន «ឱ្យប្រុងប្រៀបនៅត្រឹមឆ្នាំ ២០២៧» ដើម្បីឈ្លានពានកោះតៃវ៉ាន់ បើទោះបីជាលោក Burnsបានបញ្ជាក់ថាបទពិសោធន៍របស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនអាចធ្វើឱ្យរដ្ឋាភិបាលចិននៅមានមន្ទិលអំពីផែនការនេះក៏ដោយ។
លោក Chen Daoyin ដែលជាអតីតសាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនិងច្បាប់នៃសាកលវិទ្យាល័យសៀងហៃ (Shanghai University) ដែលនៅពេលបច្ចុប្បន្ននេះកំពុងរស់នៅបរទេស បាននិយាយថា ការបង្កើនការចំណាយខាងយោធារបស់ចិននៅឆ្នាំនេះមានចំនួនច្រើនជាងគោលដៅនៃការរីកចម្រើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលបន្តិចបន្តួច ដែលគោលដៅនៃការរីកចម្រើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលគឺមានចំនួនប្រហែល ៥%។ ប៉ុន្តែ លោកបានបន្ថែមថា វាជា «រឿងធម្មតាទេ» បើនិយាយអំពីសេចក្ដីប្រាថ្នាផ្នែកយោធារបស់ចិន។
លោកបាននិយាយដូច្នេះថា៖ «វាជាគោលដៅសម្រាប់គណបក្សកុម្មុយនីស្តចិននៅក្នុងការពង្រឹងយោធា នៅពេលដែលខ្លួនប្រាថ្នាក្លាយជាមហាអំណាចយោធាក្នុងតំបន់ដើម្បីបង្កើនឥទ្ធិពលរបស់ខ្លួននៅលើពិភពលោក»។
លោក Wen-Ti Sung ដែលជាអ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australian National University) បាននិយាយថា ការបង្កើនថវិការបស់ចិនគឺបណ្ដាលមកពីកត្តាមួយចំនួន។
លោកបញ្ជាក់ដូច្នេះថា៖ «ការខំប្រឹងទាំងលំបាករបស់រុស្ស៊ីក្នុងអំឡុងពេលនៃសង្គ្រាមនៅអ៊ុយក្រែនទំនងជាផ្តល់ទិន្នន័យដ៏សំខាន់មួយអំពីទម្រង់នៃសង្គ្រាមនៅពេលបច្ចុប្បន្ននិងអំពីផ្នែកអ្វីខ្លះដែលកងទ័ពចិនចាំបាច់ត្រូវធ្វើឱ្យប្រសើឡើង។ នេះជាការបន្ទាន់ពីព្រោះលោក Xi Jinping ចង់ធ្វើឱ្យចិនក្លាយជាមហាអំណាចយោធាថ្នាក់ពិភពលោកយ៉ាងពិតប្រាកដមួយនៅឆ្នាំ ២០២៧ ខាងមុខ»។
លោកបាននិយាយទៀតថា ការចំណាយខាងយោធានេះក៏អាចជាផ្នែកមួយនៃផែនការស្តារសេដ្ឋកិច្ចរបស់ចិនឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ នៅក្នុងការបង្កើនការងារនៅក្នុងផ្នែកស៊ីវិលផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖ «សម្រាប់កោះតៃវ៉ាន់និងប្រទេសមហាអំណាចផ្សេងទៀត ការបង្កើនថវិកាចំណាយផ្នែកការពារជាតិរបស់ចិននេះមិនចាំបាច់សុទ្ធតែជាសញ្ញាប្រកបដោយគ្រោះថ្នាក់នោះទេ។ វាអាចមានន័យថាចិនកំពុងស្ថិតក្នុងដំណាក់កាលនៃការស្ថាបនាសមត្ថភាពយោធា ជាជាងការប្រើកម្លាំងយោធានោះបន្ទាន់ភ្លាមៗ»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន