បណ្តាញទូរទស្សន៍ Bloomberg News បានរាយការណ៍នៅថ្ងៃពុធនេះថា ប្រធានក្រុមហ៊ុនអចលនទ្រព្យ China Evergrande Group កំពុងស្ថិតក្រោមការតាមដានរបស់ប៉ូលិស ដែលនេះបង្កឱ្យមានចម្ងល់អំពីអនាគតនៃក្រុមហ៊ុនអចលនទ្រព្យដែលរួមរឹតដោយបញ្ហានេះ ស្របពេលដែលក្រុមហ៊ុននេះព្យាយាមដោះស្រាយបញ្ហាគំរាមកើនឡើងនៃការលក់ក្រុមហ៊ុនដើម្បីសងបំណុល។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ដោយយោងលើអ្នកដែលដឹងអំពីរឿងនេះ សេចក្ដីរាយការណ៍របស់សារព័ត៌មាន Bloomberg News បានលើកឡើងថា លោក Hui Ka Yan ដែលបានបង្កើតក្រុមហ៊ុន Evergrande នេះនៅក្នុងឆ្នាំ ១៩៩៦ ក្នុងទីក្រុង Guangzhou នៃខេត្ត Guangdong នៅភាគខាងត្បូងប្រទេសចិន ត្រូវបានប៉ូលិសនាំខ្លួនទៅកាលពីដើមខែនេះហើយកំពុងត្រូវបានប៉ូលិសតាមដាននៅទីតាំងស្នាក់នៅដែលអាជ្ញាធរកំណត់ឱ្យ។
ក្រុមហ៊ុន Evergrande គឺជាក្រុមហ៊ុនអចលនទ្រព្យដែលជាប់បំណុលច្រើនជាងគេបង្អស់នៅលើពិភពលោក ដោយជាប់បំណុលសរុបជាង ៣០០ ពាន់លានដុល្លារ និងស្ថិតនៅចំណុចកណ្ដាលនៃវិបត្តិសាច់ប្រាក់ដែលមិនធ្លាប់មានពីមុននៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។ វិស័យអចលនទ្រព្យនេះមានចំនួនស្មើនឹងប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ចិន។
សារព័ត៌មាន Bloomberg News ថា គេនៅមិនទាន់ច្បាស់នៅឡើយទេថាតើហេតុអ្វីបានជាលោក Hui ត្រូវប៉ូលិសតាមដាន និងថាវិធានការនេះគឺជាប្រភេទនៃវិធានការរបស់ប៉ូលិសដែលមិនឈានដល់កម្រិតនៃការឃុំឃាំងផ្លូវការឬក៏ការចាប់ខ្លួននោះទេ ហើយក៏មិនមែនមានន័យថាលោក Hui នឹងត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋណាមួយនោះដែរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់បានភ្លាមៗនូវសេចក្ដីរាយការណ៍នេះបានទេ ដោយសារតែក្រុមហ៊ុន Evergrande ស្នងការដ្ឋាននគរបាលខេត្ត Guangdong និងក្រសួងសន្តិសុខសាធារណៈរបស់ចិនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំយោបល់នោះទេ។
មនុស្សម្នាក់ដែលស្និទ្ធនឹងក្រុមហ៊ុន Evergrande បាននិយាយថា លោក Hui បានឈប់ទាក់ទងបុគ្គលិកក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ រីឯប្រភពមួយទៀតផ្នែកអចលនទ្រព្យបានបញ្ជាក់ថា គេមិនអាចទាក់ទងលោកបានទាំងស្រុង។ ប្រភពទាំងពីរនេះបានបដិសេធមិនបញ្ចេញឈ្មោះ ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ៕