ប្រទេស​ចិន​ចាត់​ទុក​កំណើន​សេដ្ឋកិច្ច​យឺត​ជា​«ស្ថានភាព​ធម្មតា​ថ្មី​»

រូបថត​ឯកសារ៖ កម្មករ​ម្នាក់​ដើរ​នៅ​ការដ្ឋាន​សំណង់​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​មួយ​នៅ​ទីក្រុង​ប៉េកាំង កាលពីថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ២០១៤។

ប្រទេស​ចិន​និយាយ​ថា​ សេដ្ឋកិច្ច​របស់​ខ្លួន​បាន​កើន​ឡើង​៧,៤​ភាគរយ​នៅ​ក្នុង​ឆ្នាំ២០១៤ ដែល​ជាអត្រា​មួយខ្ពស់​ដែល​ប្រទេស​ឯទៀត​គួរ​តែ​ច្រណែន។ ក៏ប៉ុន្តែ​ ចិន​មិន​ដូច​ប្រទេស​ឯទៀតៗ​ទេ។ ប្រទេស​នេះ​បាន​ក្លាយ​ជា​ប្រទេស​ដែល​មាន​រោង​ចក្រ​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក​ ហើយ​ជា​ប្រទេសធំ​ទីពីរផ្នែក​សេដ្ឋកិច្ច​ផងដែរ។ ក្រុម​អ្នក​វិភាគ​និយាយថា​ តួលេខ​ទាបនេះ គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​អ្វី​ដែល​រដ្ឋាភិបាល​ចិន​ហៅថា«ស្ថានភាព​ធម្មតា​ថ្មី»​នោះ​ បាន​មក​ដល់​ហើយ។

ការិយាល័យ​ស្ថិតិ​ជាតិ​របស់​ចិន​និយាយ​ថា​ នៅ​ក្នុង​ឆ្នាំ២០១៤ សេដ្ឋកិច្ច​របស់​ចិន​បាន​កើន ៧,៤​ភាគ​រយ​ ដែល​ធ្លាក់ចុះ​ពី៧,៧ភាគរយ​កាល​ពីឆ្នាំ​២០១៣។

នេះ​ជា​ល្បឿនដ៏យឺត​បំផុតនៃ​កំណើត​ដែល​កើត​មាន​នៅ​ប្រទេស​ចិន​ គិត​ចាប់​តាំង​ពីឆ្នាំ​១៩៩០ គឺ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​នៃ​ប្រទេសនេះ​ព្យាយាម​ងើប​ចេញ​ពី​ទម្ងន់​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​ ក្រោយ​មាន​ការ​បង្រ្កាប​យ៉ាង​ឃោរឃៅ​ទៅលើ​ពួក​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ទីលាន​ទៀន​អានមែន (Tiananmen )។

ប្រធាន​នៃក្រុម​អ្នក​សេដ្ឋសាស្រ្ត​របស់​ក្រុម​ហ៊ុន​វិនិយោគទុន​ AMP Capital ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងស៊ីដនី (Sydney) លោក Shane Oliver ​មាន​ប្រសាសន៍ថា​ មនុស្ស​ជា​ច្រើន​បាន​និយាយ​អំពី​ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ចិន​ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ។ ក៏ប៉ុន្តែ​ សេដ្ឋកិច្ច​ចិន​ហាក់​ដូចជា​ត្រូវ​បាន​គ្រប់​គ្រង​ដ៏​ល្អប្រសើរ។

លោក​មាន​ប្រសាសន៍ថា៖ «វា​ជាអត្រា​លូត​លាស់​យឺត​បំផុត​មួយ​ក្នុង​រយៈ​ពេលជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​គិត​ចាប់​ពី​ឆ្នាំ​១៩៩០​ ក៏ប៉ុន្តែ​ ​វា​ជាការ​ធ្លាក់​ចុះមួយ​ដែល​រដ្ឋាភិបាល​ពិត​ជា​បាន​គ្រប់គ្រង​យ៉ាង​ល្អ​ប្រសើរ។ វា​មិន​មែន​ដោយសារ​តែ​ការ​ធ្លាក់​ចុះនៃ​កំណើន​នៅ​ពេល​ដែល​សេដ្ឋកិច្ច​បែក​ខ្ញែក​គ្នា​នោះ​ទេ។ វាជា​ការ​ធ្លាក់​ចុះ​ដែល​ត្រូវ​បាន​គ្រប់​គ្រង ហើយ​ខ្ញុំ​គិតថា​វា​ជា​សញ្ញា​វិជ្ជមាន​មួយ។»

សេដ្ឋកិច្ច​ចិន​ បានចាប់​ផ្តើម​ធ្លាក់ចុះ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ គឺ​ធ្លាក់​ពី​កំណើន​ពីរខ្ទង់​ ដោយសារ​តែ​អាជ្ញាធរ​បាន​បង្វែរ​ទិសដៅ​សេដ្ឋកិច្ច​ចិន​ពីការ​ពឹង​ពាក់​ទាំងស្រុង​លើ​ការ​នាំចេញ​ ទៅ​រក​គំរូ​សេដ្ឋកិច្ច​មួយ​ដែល​ជំរុញ​ដោយ​ការ​ប្រើប្រាស់​ក្នុង​ស្រុក។​

នៅ​ក្រោយ​ពេល​មាន​បាតុកម្ម​នៅទីលាន​ ទៀន​អាន​មែន ប្រទេស​ចិន​បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​កំណើន​សេដ្ឋកិច្ច​ ដើម្បី​ធានា​ឲ្យ​មាន​ស្ថិរភាពនិង​រក្សា​ការគ្រង់​គ្រង់​ដោយ​ឯក​បក្ស។ ក៏ប៉ុន្តែ​ នៅ​ពេល​ដែលសេដ្ឋកិច្ច​របស់​ខ្លួន​ធ្លាក់ចុះ​ មាន​ការ​ព្រួយបារម្ភថា​ ភាព​អត់ការងារ​ធ្វើ​អាច​កើន​ឡើង​ហើយ​អាច​នាំភាព​ចលាចល​មក​ជាមួយ​ផង។

នាយក​ការិយាល័យ​ស្ថិតិជាតិចិន ​លោក Ma Jiantang មាន​ប្រសាសន៍​ថា​ ចំណុច​ខ្ពស់​បំផុត​មួយ​នៃ​សេដ្ឋកិច្ច​របស់​ចិន​កាល​ពី​ឆ្នាំ​មុន​គឺ​កំណើន​នៃ​វិស័យ​សេវាកម្ម។ លោក​បន្ថែម​ថា​ ឥឡូវ​នេះ​ វិស័យ​សេវាកម្ម​មាន​ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​សេដ្ឋកិច្ច​របស់​ចិន។

លោក​ Ma ​មាន​ប្រសាសន៍ថា សេដ្ឋកិច្ច​របស់​ចិន​មាន​ការ​ជឿនលឿន​ទៅមុខ​យ៉ាង​ថិតថេរ​ នៅ​ឆ្នាំ​២០១៤​ ហើយ​បាន​បន្ត​ស្ថិរភាព​នោះ​ក្រោម​រូបភាព​មួយ​ដែល​ពួក​មន្រ្តី​ហៅថា​ «ស្ថានភាព​ធម្មតា​ថ្មី»នៃ​កំណើនយឺត។

លោក​ Ma ​មាន​ប្រសាសន៍​ថា​ បរិបទ​សេដ្ឋកិច្ច​ក្នុង​ស្រុក​និង​នៅ​លើ​ឆាក​អន្តរជាតិ​នៅ​តែ​មាន​ភាព​ស្មុគ្រស្មាញ ​ហើយ​ក្តី​សង្ឃឹម​នៃកំណើន​សេដ្ឋកិច្ច​នាពេល​អនាគត​ នៅតែ​មាន​បញ្ញា​ប្រឈម ​និង​ជួប​ការពិបាក។

ប្រទេស​ចិន​កំពុង​តែ​ព្យាយាម​ងើប​ពីស្ថានភាព​មួយដែល​ស្ថិត​ក្រោម​ទម្ងន់ដ៏​ធ្ងន់​នៃបំណុល​របស់​រដ្ឋាភិបាល​ក្នុង​ស្រុកនិង​បំណុល​សាជីវកម្ម។ ហើយ​ខណៈ​ដែល​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​ស្វាគមន៍​ អ្នក​វិភាគ​ខ្លះ​បាន​យល់​ឃើញ​ថា​ យុទ្ធនាការ​នេះបាន​បង្អាក់​ការ​ប្រើប្រាស់​។

កាល​ពី​ថ្ងៃ​អង្គារ​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​បាន​កែ​សម្រួល​ការ​ព្យាករណ៍​របស់​ខ្លួន​សម្រាប់​កំណើន​សេដ្ឋកិច្ច​ចិន​នៅ​ឆ្នាំ​២០១៥​ និង​ឆ្នាំ២០១៦ ដោយ​និយាយ​ថា​ ខ្លួន​រំពឹង​ថា​ការ​រីក​នៃ​សេដ្ឋកិច្ច​ប្រទេស​នេះ​នឹងធ្លាក់​ចុះក្រោម ៧​ភាគរយ​ក្នុង​ឆ្នាំ​នេះ​ ហើយ​បន្ត​ធ្លាក់​ទៅ​ដល់​៦,៣​ភាគរយ​នៅ​ឆ្នាំ​២០១៦៕

ប្រែសម្រួល​ដោយ នៀម ឆេង