រដ្ឋាភិបាលចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា សេដ្ឋកិច្ចរបស់ខ្លួនមានការរីកចម្រើនយឺតយ៉ាវបន្តិចបន្តួចនៅត្រីមាសទីពីរនៃឆ្នាំ ២០១៨ នេះ ស្របពេលដែលជម្លោះពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកកាន់តែកើនឡើង។ រដ្ឋាភិបាលចិនក៏បានព្រមានផងដែរថា ប្រសិនបើជម្លោះពាណិជ្ជកម្មនេះនៅតែបន្ត នោះវានឹងប៉ះពាល់ដល់ពិភពលោកទាំងមូល។
សេដ្ឋកិច្ចរបស់ប្រទេសចិនដែលជាប្រទេសសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកបានកើនឡើងចំនួន ៦,៧ ភាគរយ នៅចន្លោះខែមេសា និងខែមិថុនា ដែលមានការថយចុះពីចំនួន ៦,៨ ភាគរយកាលពីត្រីមាសទីមួយនៃឆ្នាំ ២០១៨ នេះ។
រដ្ឋាភិបាលចិនបានផ្សព្វផ្សាយទិន្នន័យនេះនៅចំពេលដែលប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បាននិយាយនៅឯកិច្ចប្រជុំរបស់សហភាពអឺរ៉ុបជាមួយនឹងប្រទេសចិននៅក្នុងទីក្រុងប៉េកាំងថា ភាពតានតឹងផ្នែកពាណិជ្ជកម្មអាចឈានទៅដល់ «ជម្លោះដ៏ក្ដៅគគុក» មួយ ដោយលោកបានអំពាវនាវឲ្យសហរដ្ឋអាមេរិក ចិន និងរុស្ស៊ីស្វែងរកដំណោះស្រាយចំពោះបញ្ហានេះ។
ទោះបីជាមានការប្រកាសដូចនេះក៏ដោយ ក៏គេឃើញថា ការរីកចម្រើនសេដ្ឋកិច្ចរបស់ចិនគឺនៅតែខ្ពស់ជាងគោលដៅប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិនដែលចង់ឲ្យសេដ្ឋកិច្ចមានការរីកចម្រើនក្នុងកម្រិតប្រហែល ៦,៥ ភាគរយដដែល។
រដ្ឋាភិបាលក្រុងប៉េកាំងប្រឈមនឹងសមរភូមិជួរមុខជាច្រើនដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន ដោយត្រូវប្រឹងប្រែងកាត់បន្ថយគំនរបំណុលរបស់ខ្លួនស្របពេលដែលរូបិយវត្ថុយ័នរបស់ខ្លួន និងទីផ្សារភាគហ៊ុនរបស់ខ្លួនមានការធ្លាក់ចុះ។
លោក Mao Shengyong អ្នកនាំពាក្យការិយាល័យស្ថិតិជាតិនៃប្រទេសចិនបាននិយាយថា៖ «ទស្សនៈគាំពារនិយមតែផលិតផលក្នុងប្រទេសនៃពាណិជ្ជកម្មពិភពលោកនៅតែបន្តកើនឡើង ដែលបង្កជាបញ្ហាប្រឈមដ៏ចម្បងមួយសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក និងជាការបន្ថែមនូវការប្រឈម និងភាពស្រពិចស្រពិលសម្រាប់ប្រទេសចិន»៕