ចិន​អំពាវនាវ​កុំ​ឲ្យ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​កម្ពុជា ​ខណៈ​មាន​ការ​បង្ហាញ​ក្តី​​បារម្ភ​អំពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស

រូបឯកសារ៖ ស្ត្រីម្នាក់កាន់ទង់ជាតិចិនក្នុងពេលចូលរួមស្តាប់ការថ្លែងសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធស្ពានមួយដែលឧបត្ថម្ភដោយចិន នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨។

នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី ​៤៥ ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការ​រឹត​បន្តឹង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ប្រមូល​ផ្តុំ និង​ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្តបន្ទាប់។

ប៉ុន្តែ​ ប្រទេស​ចិន​បាន​ថ្លែង​ការពារ​កម្ពុជា និង​អំពាវនាវ​កុំ​ឲ្យ​មាន​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​មួយ ដើម្បី​យក​បញ្ហា​សិទ្ធិ​មនុស្ស​ធ្វើ​ជា​លេស។

នៅ​ក្នុង​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស លោកស្រី រ៉ូណា ស្មីត ដែល​ធ្លាប់​ត្រូវ​បាន​រិះគន់​ដោយ​រដ្ឋាភិបាល​កម្ពុជា​ថា​ប្រមូល​ព័ត៌មាន​មិន​គ្រប់​ជ្រុង​ជ្រោយ លើក​ឡើង​ថា ​លោកស្រី​ទទួល​បាន​របាយការណ៍​នៃ​ការ​រឹត​ត្បិត​សេរីភាព​ប្រជាពលរដ្ឋ និង​ការ​ចាប់​ខ្លួន​មនុស្ស​ជា​បន្ត​បន្ទាប់។ លោកស្រី​បន្ត​ថា មាន​ការ​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ​ក្នុង​ការ​គាប​សង្កត់​ប្រជាជន​មិន​ឲ្យ​បញ្ចេញ​មតិ​របស់​ពួកគេ។​

លោកស្រី ​រ៉ូណា ស្មីត បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​របស់​លោកស្រីថា៖ «ដូច​ដែល​បាន​សរសេរ​នៅ​ក្នុង​របាយ​ការណ៍ ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​រឹតត្បិត​យ៉ាង​ខ្លាំង​លើ​សេរីភាព​ជា​មូលដ្ឋាន និង​សិទ្ធិ​នយោ​បាយ ជាមួយ​ការ​កើន​ឡើង​នៃ​ការ​ចាប់​ខ្លួន និង​ឃុំ​ឃាំង​សមាជិក​និង​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្រ្គោះជាតិ។ លំហ​សេរីភាពស៊ីវិល​កាន់​តែ​រួញ​ទៅៗ ខណៈ​ដែល​អ្នក​ការពារ​សិទ្ធិ​មនុស្ស សង្គម​ស៊ីវិល​និង​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​ពួកគេ បាន​រង​ការ​គំរាម​កំហែង យាយី និង​ចាប់​ខ្លួន»។

លោកស្រី​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​ការ​ពិភាក្សា​គ្នា​ជាមួយ​គ្រប់​ភាគី និង​ស្វះស្វែង​ការ​ពិភាក្សា​ដោយ​សន្តិវិធី​ ដែល​អនុញ្ញាត​ឲ្យ​សំឡេង​នយោបាយ​ខុសៗគ្នា​អាច​បញ្ចេញ​មតិ​បាន និង​បញ្ឈប់​ការ​បន្ត​រឹត​បន្តឹង​បន្ថែម​ទៀត​នូវ​សេរីភាព​ជា​មូលដ្ឋាន ហើយ​ចាំបាច់​ឲ្យ​ពួកគេ​អាច​រីករាយ​នឹង​សិទ្ធិ​ទាំង​នេះ។

បើ​តាម​របាយការណ៍​របស់​លោកស្រី​ ចាប់​ពី​ដើម​ខែ​មិថុនា ឆ្នាំ​២០១៩ ដល់​មិថុនា ឆ្នាំ​២០២០ អ្នក​រាយការណ៍​ពិសេស​បាន​កត់ត្រា​មនុស្ស ​១៥៦​ នាក់ ​ដែល​ពាក់ព័ន្ធ​នឹង​គណ​បក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន ហើយ ​១៤ នាក់ស្ថិត​ក្នុង​ការ​ឃុំឃាំង។

ក្រោយ​ការ​ថ្លែង​របស់​អ្នក​រាយការណ៍​ពិសេស តំណាង​សហភាព​អឺរ៉ុប ដាណឺម៉ាក បារាំង អូស្រ្តាលី និងជប៉ុន​ជាដើម ក៏​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក្នុង​នោះ​មាន​ករណី​លោក កឹម សុខា ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន មេដឹកនាំ​សហជីព ការ​បង្កើត​ច្បាប់​គ្រប់​គ្រង​ប្រទេស​ក្នុង​គ្រា​អាសន្ន សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សណ្តាប់​ធ្នាប់​សាធារណៈ និង​ឯកសារ​គតិយុត្តិនានា​ ទាក់ទង​នឹង​ការ​គ្រប់​គ្រង​អ៊ីន​ធឺណិត។ ពួកគេ​ក៏​បាន​ជំរុញ​ឲ្យ​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព​បញ្ចេញ​មតិ និង​ប្រមូល​ផ្តុំ។

ទោះ​ជា​យ៉ាង​ណា តំណាង​របស់ប្រទេស​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ លោក Jiang Duan បាន​ថ្លែង​សរសើរ​កម្ពុជា និង​អំពាវនាវ​ឲ្យ​មាន​ការ​គោរព​អធិប​តេយ្យ និង​ឯករាជ្យ​របស់​កម្ពុជា។ លោក​អំពាវ​នាវ​កុំ​ឲ្យ​មាន​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់​ថា៖ «ប្រទេស​ចិន​ប្រឆាំង​ដាច់​ខាត​នឹង​ការ​អនុវត្ត​ដ៏​អាក្រក់​នៃ​ការ​ប្រើប្រាស់​ការការ​ពារ​សិទ្ធិ​មនុស្ស ជា​លេសមួយ​ក្នុង​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​មួយ​ក្នុង​ការ​ប៉ុន​ប៉ង ដើម្បី​បង្ក​ចលាចល ​និង​ភាព​វឹកវរ​ដែល​រំលោភ​សិទ្ធិ​ស្រប​ច្បាប់​របស់​អ្នក​ដទៃ»។

ចាប់​តាំង​ពី​ចុង​ខែ​កក្កដា មាន​ការចាប់​ខ្លួន​មនុស្ស​ជិត ​២០ ​នាក់ ដែល​រួម​មាន​មេ​ដឹក​នាំ​សហ​ជីព​លោក ​រ៉ុង ឈុន ​និង​អ្នក​ចូលរួម​ទាម​ទារ​រក​យុត្តិធម៌​ដល់​លោក ​រ៉ុង ឈុន។ នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ទៀត ក្រោយ​តុលាការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ចាប់​ខ្លួន តាម​ដាន​មន្រ្តី​ថ្នាក់​ក្រោម​របស់​គណបក្ស​នេះ រហូត​ពួកគេ​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស និង​អ្នក​ខ្លះ​គេច​ខ្លួន​ក្នុង​ប្រទេស។

ជា​ការ​ឆ្លើយ​តប ឯក​អគ្គរាជ​ទូត និងតំណាង​អចិន្ត្រៃយ៍​កម្ពុជា លោក អាន សុខខឿន បាន​ថ្លែង​ការពារនៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា ​រដ្ឋាភិបាល​កម្ពុជា​តែង​តែយក​ចិត្ត​ទុក​ដាក់​បញ្ហា​សិទ្ធិ​មនុស្ស។ លោក​បន្ត​ថា​របាយការណ៍​របស់​អ្នក​រាយការណ៍​ពិសេស ប្រមូល​បាន​ព័ត៌មាន​តែ​មួយ​ជ្រុង ហើយ​មិន​បាន​មើល​ទៅ​លើ​ការ​អភិវឌ្ឍ​វិជ្ជមាន​ផ្សេងៗទៀត ដោយ​ផ្តោត​តែ​លើ​សិទ្ធិ​ស៊ីវិល​របស់​ពលរដ្ឋ។

លោក​បន្ត​ថា លោក កឹម សុខា មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត និង​ការ​ជួប​តំណាង​ទូត​នានា ហើយ​ការ​ពន្យារ​ពេល​នៃសវនាការ​របស់​លោក ដោយ​សារ​ជំងឺ​កូវីដ​១៩។ លោក​ថា​ប្រទេស​កម្ពុជា​មាន​សារព័ត៌​មាន​ប្រមាណ ​២ ​ពាន់ ដែល​រួម​មាន​សារព័ត៌មាន​អាច​រិះគន់​រដ្ឋាភិបាល​ផង​ធ្វើ​ការ​ដោយ​សេរី និង​មិន​មាន​ការ​ត្រួត​ពិនិត្យ។

រូបឯកសារ៖ លោក កឹម សុខា ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសវនាការរបស់លោកលើសំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» នៅថ្ងៃទី៨នៃសប្ដាហ៍ទី៤ ដែលត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានបញ្ចប់។ (ទុំ ម្លិះ/វីអូអេ)

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​របស់ស្ថានបេសកកម្ម​អចិន្រ្តៃយ៍​របស់​កម្ពុជា​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ​ ចុះ​ថ្ងៃ​ទី​ ៣០ ខែកញ្ញា រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ឆ្លើយ​តប​នឹង​ការ​រិះគន់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស និង​ការ​ចង​ក្រង​របាយការណ៍​របស់​បណ្តាញ​អង្គការ​សហប្រជាជាតិ​ថា៖ «ទង្វើបែប​នេះ​ នឹង​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នូវ​សុច្ចរិត​ភាព​ឯករាជ្យ​ភាព និង​ភាព​ទុក​ចិត្ត​បាន​របស់​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​មួយ​នេះ»។

លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា របាយ​ការណ៍​របស់​អ្នក​រាយការណ៍​ពិសេស យោង​តាម​ស្ថានភាព​ជាក់​ស្តែង​ក្នុង​ប្រទេស​កម្ពុជា ហើយ​កន្លង​មក​លោកស្រី​ក៏​បាន​លើក​ឡើង​អំពី​កង្វល់​នៃ​ការ​រឹតត្បិតនេះផង​ដែរ។ លោក​បន្ត​ថា ​រដ្ឋាភិបាល​តែង​តែ​បដិសេធ​នូវ​របាយ​ការណ៍​របស់​អង្គការ​សហប្រជាជាតិ​ និង​អង្គការ​ជាតិ​អន្តរ​ជាតិ​នានា។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​បើ​យើង​មើល​ទៅ​ការ​បដិសេធ​ចោល​នូវ​របាយការណ៍​ទាំង​អស់​នេះ យើង​ឃើញ​ថា ​វា​មិន​មែន​ជា​ដំណោះស្រាយ​ល្អ​ទេ ពីព្រោះ​បញ្ហា​អ្វី​ក៏​ដោយ ​យើង​ត្រូវ​តែ​ពិនិត្យ​និង​ពិចារណា​ដែរ​ថា ​អ្វី​ដែល​ជា​ចំណុច​ខ្វះ​ខាត​ដែល​ត្រូវ​កែ​លម្អ គួរ​តែ​មាន​ការ​កែ​លម្អ​ឡើង​វិញ​សម្រាប់​ឲ្យ​មាន​ភាព​វិជ្ជមាន ហើយ​យើង​ទទួល​បាន​នូវភាព​ចំណេញ​ច្រើន»។

លោក ​អំ សំអាត បន្ត​ថា​ ការបដិសេធ​មិន​ទទួល​ស្គាល់ នាំ​ឲ្យ​កម្ពុជា​បាត់​បង់​ផល​ប្រយោជន៍​ដូច​ជា​ការ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ២០ ភាគរយ​ «គ្រប់​មុខ​ទំនិញលើក​លែង​សព្វាវុធ» ឬ​ Everything But Arms (EBA) របស់​សហភាព​អឺរ៉ុប ដោយ​សារ​មានការ​រក​ឃើញ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ និង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។

ចំណែក​នៅ​ថ្ងៃទី​៥ ខែ​តុលា សប្តាហ៍​ក្រោយ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក António Guterres នឹង​បង្ហាញ​របាយការណ៍​ស្តីពី​សិទ្ធិ​មនុស្ស​កម្ពុជា​ទៅ​ក្រុមបប្រឹក្សា​សិទ្ធិ​មនុស្ស។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា (OHCHR) លោក ​Guterres នឹង​បង្ហាញ​កង្វល់​ដែល​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​លើក​ឡើង​អំពី​ករណី​លោក កឹម សុខា ថា​ជា «​ហេតុ​ផល​នយោបាយ» និង​ «ជា​ផ្នែក​មួយ​នៃ​លំនាំ​ដ៏ធំ​មួយ​នៃ​ការ​ប្រើ​ប្រាស់​ច្បាប់​មិន​ត្រឹម​ត្រូវ ​ដែល​តម្រង់​គោល​ដៅ​ទៅ​លើ​គូ​ប្រជែង​នយោបាយ និង​អ្នក​រិះគន់​រដ្ឋាភិបាល»។

លោក​អគ្គ​លេខាធិការ​អំពាវនាវ​ដល់​រដ្ឋាភិបាល និងអ្នក​នយោបាយ​ដទៃ​ទៀត​ឲ្យ​ចូល​រួម​ក្នុង​ការ​សន្ទនា ដើម្បី​កាត់​បន្ថយ​ភាព​តាន​តឹង​ និង​ស្តារ​ឡើង​វិញ​ទាំង​ស្រុង​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ សិទ្ធិ​បង្កើត​សមាគម និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ចូលរួម​ដឹកនាំ​កិច្ច​ការ​សាធារណៈ។

របាយ​ការណ៍​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ក៏​បាន​គូស​បញ្ជាក់​ថា​អំពី​ការ​រឹត​ត្បិត​ហួស​ហេតុ​លើ​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ និង​ការ​ជួប​ប្រជុំ​ដោយ​សន្តិវិធី​ រួម​ទាំង​ការ​ចាប់​ខ្លួន​បុគ្គល​មួយ​ចំនួន ដោយ​សារ​តែ​ការ​អត្ថាធិប្បាយ​ជា​សាធារណៈ និង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ទាក់ទង​នឹង​ជំងឺ​កូវីដ១៩៕