ចិនបានឲ្យដឹងថា ថវិកាសម្រាប់វិស័យការពារប្រទេសរបស់ខ្លួននឹងកើនឡើង ៧ភាគរយក្នុងឆ្នាំនេះ ដែលជាឆ្នាំទី២ជាប់គ្នាហើយ ដែលចិនបង្កើនភាគរយនៃថវិកាចំណាយយោធារបស់ខ្លួននៅខ្ទង់រាយ។
ថវិកាជាក់លាក់សម្រាប់វិស័យការពារប្រទេសរបស់ចិនសម្រាប់ឆ្នាំ២០១៧ នឹងចេញផ្សាយនៅថ្ងៃអាទិត្យនេះ នៅពេលដែលសភាចាប់ផ្តើមសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន។
ទោះជាយ៉ាងនេះក្តី ប្រទេសជិតខាងរបស់ចិនកាន់តែមានមន្ទិលសង្ស័យទៅលើយុទ្ធសាស្ត្រយោធារបស់ចិន ក្រោយពេលដែលចិនបានពង្រីកទ័ពរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងសមុទ្រចិនខាងត្បូង ដែលចិនបានបង្កើតកោះសប្បនិម្មិតដែលអាចសាងសង់មូលដ្ឋានយោធានៅទីនោះបាន។
អ្នកនាំពាក្យសភាចិនលោកស្រី Fu Ying បានព្យាយាមច្រានចោលមន្ទិលសង្ស័យរបស់ប្រទេសជិតខាងរបស់ខ្លួន។ លោកស្រីបានថ្លែងថា៖«មើលកាលពីទសវត្សរ៍កន្លងទៅ មានជម្លោះជាច្រើន មានតាំងពីសង្គ្រាមនៅជុំវិញពិភពលោកដែលបានបណ្តាលឲ្យមានមនុស្សស្លាប់បាត់បង់ជីវិត បាត់បង់ទ្រព្យសម្បតិ្ត ហើយមានជនភៀសខ្លួនដែលបាត់បង់អ្វីៗគ្រប់យ៉ាងនិងគ្មានផ្ទះសម្បែង។ តើសង្គ្រាមមួយណាដែលបង្កឡើងដោយចិននោះ»?
ប្រទេសព្រុយណេ ប្រទេសហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាម ក៏បានទាមទារដែនទឹកទាំងស្រុងនិងផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងដែលមានទំហំ ៣លាន៥សែនគីឡូម៉ែត្រការ៉េ ដែលសម្បូរទៅដោយមច្ឆជាតិ ក៏ដូចជាធនធានថាមពលដែលស្ថិតក្រោមបាតសមុទ្រផងដែរ។
ព័ត៌មានស្តីពីថវិកាយោធារបស់ចិនត្រូវបានរាយការណ៍ប៉ុន្មានថ្ងៃបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានថ្លែងថា អាមេរិកដែលមានអំណាចយោធារឹងមាំបំផុតនៅលើពិភពលោក នឹងបង្កើនការចំណាយថវិកាទៅលើវិស័យយោធារបស់ខ្លួន ១០ភាគរយ បើទោះបីជាអាមេរិកកំពុងចាប់ផ្តើមបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននិងអ៊ីរ៉ាក់ក៏ដោយក្តី៕