ប្រទេសចិននៅថ្ងៃព្រហស្បតិ៍បានថ្កោលទោសសេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ដែលបានគាំទ្រដែនកោះតៃវ៉ាន់ ហើយដែលបានហៅរដ្ឋាភិបាលក្រុងប៉េកាំងថាមានភាពគឃ្លើននោះ ថាជាការចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ នេះបើតាមការរាយការណ៍របស់ Reuters។ បច្ចុប្បន្ននេះ ចិនកំពុងទាមទារគ្រប់គ្រងកោះតៃវ៉ាន់ ។
ក្រុមរដ្ឋមន្ត្រីការបរទេសG7 ថ្លែងក្នុងសេចក្តីប្រកាសរួមមួយ ក្រោយកិច្ចប្រជុំកំពូលក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេសថា ប្រទេសចិនបានប្រព្រឹត្តកំហុសក្នុងការរំលោភសិទ្ធិមនុស្សនិងបានប្រើប្រាស់«គោលនយោបាយសេដ្ឋកិច្ចបង្ខិតបង្ខំ» ហើយថា ក្រុមប្រទេស G7 នឹងប្រើប្រាស់កិច្ចប្រឹងប្រែងរួមគ្នារបស់ពួកគេ ដើម្បីបញ្ឈប់អំពើរបស់ចិនទាំងនោះ។
នៅក្នុងចំណាត់ការដ៏កម្ររបស់ខ្លួន ក្រុមប្រទេស G7 ក៏បានសម្តែងការគាំទ្រឱ្យដែនកោះតៃវ៉ាន់អាចចូលរួមក្នុងវេទិកាអង្គការសុខភាពពិភពលោក WHO និងសន្និបាតសុខាភិបាលពិភពលោក។ ក្រុមប្រទេស G7 ក៏បានសម្តែងនូវក្តីបារម្ភអំពី «សកម្មភាពជាឯកតោភាគីណាមួយដែលធ្វើឲ្យមានភាពតានតឹងកើនឡើង» នៅក្នុងច្រកសមុទ្រតៃវ៉ាន់នោះ។ សកម្មភាពនោះគឺសម្តៅដោយប្រយោលលើសកម្មភាពយោធារបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្កោលទោសនូវសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ដោយលើកឡើងថា វាជាការចោទប្រកាន់មួយដែលគ្មានមូលដ្ឋាននិងបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
អ្នកនាំពាក្យចិនរូបនេះបន្តទៀតថា៖ «នេះជាការបំផ្លាញដោយព្រៃផ្សៃមួយលើបទដ្ឋានទំនាក់ទំនងអន្តរជាតិ»។
លោកថា ក្រុមប្រទេស G7 គួរជំរុញសកម្មភាពស្តារសេដ្ឋកិច្ចសកលលោកឡើងវិញ ជាជាងការធ្វើឲ្យរាំងស្ទះនូវដំណើរការនេះ៕