ជន​​បក្ស​កុម្មុយនីស្ត​និយម​ចិន​បារម្ភ​ខ្លាច​​ក្រុម​​នាយ​ទុន​ជំនាន់​ថ្មី​ផ្តល់​ជំនួយ​ថវិកា​ខុស​គោលការណ៍

ស្ថាបនិក​ក្រុមហ៊ុន Alibaba លោក Jack Ma (កណ្តាល) ថត​រូប​នៅ​ពេល​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​បើក​នៅ​ទីក្រុង​ញូវ​យ៉ក​កាល​ពី​ឆ្នាម២០១៤។

ក្រុម​នាយ​ទុន​របស់​ប្រទេស​ចិន​បាន​ជាប់​ឈ្មោះ​ក្នុង​លំដាប់​អ្នក​មាន​បំផុត​លើ​ពិភព​លោក​រួច​ទៅ​ហើយ​ និង​កំពុង​ផ្តល់​ជំនួយ​លើក​កម្ពស់​មនុស្សជាតិ​ និង​បង្កើត​មូលនិធិ​ឯកជន​ដើម្បី​ជួយ​ដល់​កិច្ចការ​សប្បុរស​ធម៌។

ប៉ុន្តែ​រដ្ឋាភិបាល​ចិន​បាន​អនុម័ត​ច្បាប់​ថ្មី​មួយ​ស្តី​ពី​ជំនួយ​សប្បុរសធម៌​ ដែល​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ទីក្រុង​ប៉េកាំង​ដឹក​នាំ​លំហូរ​នៃ​ថវិកា​មូលនិធិ​ទាំង​នោះ​ទៅ​ឲ្យ​អង្គការ​សប្បុរសធម៌​ដែលរដ្ឋ​គាំទ្រ។​ វិធានការ​ច្បាប់​នេះ​ ទាមទារ​ឲ្យ​ម្ចាស់​ជំនួយ​ចាំ​បាច់​ត្រូវ​តែ​ផ្តល់​ដំណឹង​ឲ្យ​រដ្ឋាភិបាល​ដឹង​រាល់​ជំនួយ​ឧបត្ថម្ភ​របស់​ពួក​គេ។

ការ​ធ្វើ​ដូច្នេះ​ អាច​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ ​និង​ឯករាជ្យភាព​របស់​មូលនិធិ​ឯកជន​ទាំងឡាយ​ ដែល​ជា​របស់​ក្រុម​អ្នក​ជំនួញ​ធំៗ​ និង​អ្នក​មាន​ជាច្រើន។ ​ពី​ដំបូង​ អង្គការ​មូលនិធិ​របស់​នាយទុន​ភាគ​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ដោយសារ​ពួក​គេចង់​គ្រប់គ្រង​ការ​ប្រើ​ប្រាស់​ថវិកា​របស់​ពួក​គេ​ ជា​ជាង​ពឹង​ផ្អែក​ទៅ​លើ​អង្គការ​សប្បុរសធម៌​គាំទ្រ​ដោយ​រដ្ឋ​ដែល​មិន​សូវ​មាន​តម្លាភាព។

ក្រុម​អ្នក​មាន​មួយភាគធំ​រកប្រាក់​បាន​ដោយសារ​រដ្ឋាភិបាល​គាំទ្រ​ និង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បក្ស​កុម្មុយនីស្ត។ ប៉ុន្តែ​ អ្នក​មាន​ជា​ច្រើន​បាន​ចាប់​យក​ទស្សនវិជ្ជា​របស់​នាយទុក​លោក​ខាង​លិច ដែល​ចាប់​ផ្តើម​ធ្វើ​រឿង​មនុស្សធម៌​ក្រោយ​ពី​បាន​ក្លាយជា​អ្នកមាន។

លោក​ Anthony Saich ​នាយក​មជ្ឈមណ្ឌល ​Ash សម្រាប់​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ ​និង​ការ​បង្កើត​ថ្មី​ នៅ​សាកល​វិទ្យាល័យ​ Harvard Kennedy​ បាន​ប្រាប់ ​VOA ​ថា៖ «ខ្ញុំ​បាន​និយាយ​ជា​មួយ​ពួក​អ្នក​មានៗ​ជា​ច្រើន។​ ពួក​គេ​បាន​អាន​ស្នាដៃ​របស់​លោក​ Rockefeller លោក​ Carnegie ​ហើយ​យល់​ថា ​ពួក​គេ​មាន​តួនាទី​ដូច​គ្នា​អ៊ីចឹង​ដែរ។​ ពួក​គេ​រក​លុយ​បាន​ភាគ​ច្រើន​តាម​រយៈ​ការ​ធ្វើ​ជំនួញ​ផ្តាច់​មុខ​ ឬ​តាម​វិធី​ផ្សេងៗ ​ហើយ​ឥឡូវ ​ពួក​គេ​គិតគូរ​ពី​ការ​ជួយ​ដល់​សង្គម​វិញ។ វា​ជា​ទំនោរ​កំពុង​តែ​ពេញ​និយម​មួយ​នៅ​ក្នុង​ប្រទេស​ចិន»។

លោក​បាន​និយាយ​ថា ​នៅ​ក្នុង​ចំណោម​កំពូល​សប្បុរស​ជន​ ១០០​នាក់​នៅ​ក្នុង​ប្រទេស​ចិន​ មាន​សប្បុរសជន​ស្ទើរ​តែ​ពាក់​កណ្តាល​បាន​បង្កើត​មូលនិធិ​ផ្ទាល់​ខ្លួន​ ឬ​កំពុង​គ្រោង​នឹង​បង្កើត​វា​ឡើង។

មជ្ឈមណ្ឌល ​Ash​ ដែល​បាន​បង្កើត​តារាង​ស្តីពីសទ្ធាទាន​របស់​កំពូល​សប្បុរសជន​ចិន​១០០​នាក់​ បាន​រក​ឃើញ​ថា​ សប្បុរជន​ជា​ច្រើន​បានបញ្ជូន​វិភាគទាន៦០ភាគរយ​ទៅ​ខេត្ត​ដែល​ជា​ស្រុក​កំណើត​របស់​ពួកគេ។

ការ​ប្រែប្រួល​ក្នុង​ការ​ផ្តល់​មូលនិធិ

នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​ Hurun ​ដែល​ស្រាវ​ជ្រាវ​អំពី​ទ្រព្យ​សម្បត្តិ​បាន​បង្ហាញ​ថា​ ម្ចាស់​ជំនួយ​ចំនួន​៣៤​ភាគរយ ​នៅចិន​ដីគោក​ បាន​ផ្តល់​ជំនួយ​វិភាគ​ទាន​របស់​ខ្លួន​ តាម​រយៈ​អង្គការ​មូល​និធិ​ដែល​ពួក​គេ​ជា​អ្នក​បង្កើត​ផ្ទាល់។

លោក ​Rupert Hoogewerf ​នាយក​ដឹក​នាំ​ផ្នែករបាយការណ៍ ​និង​ជា​ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​នៃ​មជ្ឈមណ្ឌល​ Hurun ​បាន​និយាយ​ថា៖​ «កាល​ពី​មុន​ ពួក​អ្នក​មាន​បាន​ផ្តល់​ជំនួយ​ទៅអង្គការ​កាក​បាទ​ក្រហម​ ឬ​អង្គការ​សប្បុរសធម៌​ដែល​រដ្ឋាភិបាល​បាន​អនុម័ត។​ ឥឡូវនេះ​ ពួក​គេ​កំពុង​ស្វែង​រក​វិធី​បង្កើត​ថ្មី ដើម្បី​ធ្វើ​ឲ្យ​សទ្ធាទាន​របស់​ពួក​គេ​មានផល​ពិត​ប្រាកដ​ដល់​សង្គម ដូចជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្មី​ ដើម្បី​អភិរក្ស​និង​ការពារ​បរិស្ថាន​ជា​ដើម។​ ប្រធាន​ក្រុមហ៊ុន​ធំៗ​ ដូចជា ​Alibaba ​ និង ​Tencent​ កំពុង​ព្យាយាម​ប្រើ​ប្រាស់​កម្ម​វិធី​បច្ចេកវិជ្ជា​តាម​អ៊ីនធឺណិត​របស់​ពួកគេ​ ដើម្បី​ពង្រីក​ការងារ​មនុស្សធម៌។​ ឧទាហរណ៍​ មាន​មនុស្ស​៧០០​លាន​នាក់​ ដែល​ភាគ​ច្រើន​ជាអ្នក​ទិញ​ឥវ៉ាន់​ បាន​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​កម្មវិធី​តាម​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​ Alibaba»។

របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​ Hurun ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ៀងហៃ​ បាន​រក​ឃើញ​ថា​មាន​សប្បុរសជន​ចិន​ចំនួន​៥១​នាក់​ ​ដែល​ម្នាក់ៗ​បាន​ផ្តល់​ជំនួយ​ជាង​៨០លាន​ដុល្លារ​ នៅ​ក្នុង​ឆ្នាំ​២០១៥។

កំពូល​អ្នក​មាន​ផ្នែក​ជំនួញ​បួន​នាក់​ ដែលរួម​មាន​លោក Li Ka-shing ​មកពី​ហុងកុង ​លោក ​Jack Ma ម្ចាស់​ក្រុម​ហ៊ុន Alibaba​ លោក​ Pony Ma ​ម្ចាស់​ក្រុមហ៊ុន ​Tencent​ និង​លោកស្រី ​Priscilla​ Chan​ ម្ចាស់ Facebook ​ពី​សហរដ្ឋ​អាមេរិក​ បាន​បរិច្ចាគ​វិភាគ​ទាន​ចំនួន​១.៥​លាន​លាន​ដុល្លារ (ប៊ីលាន) ក្នុង​ម្នាក់ៗ។ សប្បុ​រស​ជន​មួយ​ចំនួន​ដូច​ជា​លោក​ Jack Ma ជា​ដើម ​បាន​បរិច្ចាគ​ភាគហ៊ុន​ខ្លួន​ទៅ​ឲ្យ​មូល​និធិ​របស់​ពួក​គេ ចំណែក​សប្បុរសជន​ខ្លះ​ទៀត​ដូច​ជា​លោក​ Pony​ Ma បាន​បង្កើត​កម្ម​វិធី​រៃ​អង្គាស​ថវិកា​ផង​ដែរ។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ បញ្ហា​ចោទ​សំខាន់​មួយ​គឺ​ថា​ តើ​ច្បាប់​ថ្មី​ស្តី​ពី​អង្គការ​សប្បុរស​ធម៌​នេះ នឹង​ធ្វើ​ឲ្យ​ម្ចាស់​ជំនួយ​ជាច្រើន​ខ្លាច​រអា​ និង​ដក​ខ្លួន​ចេញ​ពី​ការ​ផ្តល់​ជំនួយ​ដែរ​ឬ​ទេ ​ដើម្បី​ចៀសវាង​មិន​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធ​នឹង​ប្រភព​ថវិកា​របស់​ពួក​គេ ជា​ពិសេស​នៅ​ក្នុង​កាលៈ​ទេសៈ​ដែល​មាន​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ កំពុង​តែ​ដំណើរការ។​ ដោយ​ឡែក​ តាម​យន្តការ​ណែ​នាំ​របស់​រដ្ឋាភិបាល​ ម្ចាស់​ជំនួយ​នឹង​ត្រូវ​បាត់​បង់​សេរីភាព​មួយ​ចំនួនក្នុង​ការ​ជ្រើសរើស​វិស័យ​ណា​មួយ​ដែល​ពួក​គេ​ចង់​ផ្តល់​ជំនួយ​ទៅ​ឲ្យ​នោះ។

លោក​ Saich ​បាន​និយាយ​ថា៖​ «ពួក​អ្នក​មាន​មួយ​ចំនួន ​ប្រហែល​ជា​មិន​ចង់​ឲ្យ​គេ​ដឹង​ពី​ចំនួន​ទ្រព្យ​សម្បត្តិ​ដែល​ពួក​គេ​មាន​នោះ​ទេ​ ហើយ​ក៏​ប្រហែល​ជា​មិន​ចង់​ឲ្យ​មាន​ការ​សួរ​ពួក​គេ​ថា​តើ​ទ្រព្យ​សម្បត្តិ​ទាំង​នោះ​បាន​មក​ពី​ណា​ដែរ ​ជាពិ​សេស​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​នា​ពេល​បច្ចុប្បន្ន​នេះ។​ ដូច្នេះ​ បញ្ហា​នេះ​បាន​កាត់​បន្ថយ​ទឹក​ចិត្ត​ដែល​ចង់​បរិច្ចាគ​នោះ​ខ្លះ​ហើយ»។

ការ​ភ័យ​ខ្លាច​របស់​បក្ស​កុម្មុយនីស្ត

បក្ស​កុម្មុយនីស្ត​ក៏​មាន​ការ​បារម្ភ​របស់​ខ្លួន​អំពី​អកប្ប​កិរិយា​របស់​អ្នក​មាន​ជំនាន់​ថ្មី​ ដែល​បាន​បង្កើត​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​បស្ចឹម​ប្រទេស​តាម​រយៈ​ជំនួញ​អាជីវកម្ម ​និង​តាម​ការ​បញ្ជូន​កូនៗ​របស់​ពួក​គេ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស។​ ទាំងនេះ​ធ្វើ​ឲ្យ​ពួក​គេ​ព្រួយ​បារម្ភ​ថា​ ពួក​អ្នក​មាន​មួយ​ចំនួន​អាច​នឹង​គាំទ្រ​ដល់​គោល​បំណង​របស់​អ្នក​រិះ​គន់​រដ្ឋាភិបាល​ ឬ​ព្រួយ​បារម្ភ​នឹង​មូលហេតុ​នានា​ពាក់​ព័ន្ធ​នឹង​ការងារ​ពលកម្ម។

លោក​ Saichបាន​បន្ត​ថា៖​ «រដ្ឋាភិបាល​ចិន​ភ័យ​ខ្លាច​ថា ​ក្រុម​អ្នក​មាន​ទ្រព្យសម្បត្តិ​ដែល​ឯករាជ្យ​មិន​ចំណុះ​រដ្ឋ ​អាច​កើត​មាន​ឡើង​ ហើយ​ពួក​គេ​អាច​ផ្តល់​ជំនួយ​ទៅ​ឲ្យ​ក្រុម​អ្នក​ប្រឆាំង​នឹង​រដ្ឋ។ ​មន្រ្តី​បក្ស​កុម្មុយនីស្ត​កំពុង​ធ្វើ​ការ​ប្រៀប​ធៀប​មិន​ត្រឹម​ត្រូវ​មួយ​ចំនួន​ អំពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​មានការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​នៅ​ប្រទេស​អេហ្ស៊ីប​ ដែល​នាំ​ឲ្យ​កើត​មានបដិវត្តន៍​ពណ៌។​ ពួក​គេ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ នៅ​ខណៈ​ដែល​អង្គការ​សង្គម​សីវិល​កំពុង​រីល​លូត​លាស់​ ពួក​គេ​អាច​គ្រប់​គ្រង​បាន​ល្អ​ទៅ​លើ​សកម្មភាព​របស់​អង្គការ​ស៊ីវិល​ទាំងនេះ»។

លោក​ Edward ​Cunningham ​នាយកកម្ម​វិធី​ស្តីពី​ប្រទេស​ចិន​របស់​មជ្ឈមណ្ឌល​ Ash បាន​និយាយនៅ​ក្នុង​របាយការណ៍​ស្រាវ​ជ្រាវ​នោះ​ថា៖ «ចម្ងល់​ដ៏​ធំ​មួយ​នោះ​គឺ​ថា ​តើ​ក្រុម​បុគ្គល​អ្នក​មាន​ទាំង​នេះ​នឹង​ដើរ​តួនាទី​អ្វីនៅ​ក្នុងកិច្ច​ភិភាក្សា​ដើម្បី​ឲ្យ​មាន​អភិវឌ្ឍ​ទៅ​មុខ​ផ្នែក​សេដ្ឋកិច្ច ​សង្គម​ និង​នយោបាយ​ដ៏​ទូលំ​ទូលាយ​របស់​ចិន​នោះ»។

ក្រុម​មនុស្ស​ដែល​គេ​មិន​បាន​គិត​ដល់

របាយការណ៍​ដដែល​បង្ហាញ​ថា​ លំហូរ​នៃ​មូល​និធិស​ប្បុរសធម៌​នៅ​ក្នុង​ប្រទេស​ចិន​នៅ​តែ​មាន​ភាព​លំអៀង​នៅ​ឡើយ ​នៅ​តំបន់​ក្រីក្រ​បំផុត​របស់​ប្រទេស​ចិន​ដូចជា​នៅ​តំបន់​ទីបេ តំបន់​ស្វ័យត​ Xinjiang, តំបន់​ស្វ័យត ​Ningxia ​ខេត្ត Gansu និង​ខេត្ត​ Yunnan ​ដែល​ជារួម​តំបន់​ទាំង​នេះទទួល​មូល​និធិ​ពី​ម្ចាស់​ជំនួយ​កំពូលៗ​ទាំង​១០០ ​បាន​ត្រឹម​តែ​១,៩៦​ភាគ​រយប៉ុណ្ណោះ។

ដោយ​ឡែក​ ក៏​មាន​ការ​ព្រួយ​បារម្ភ​ជាច្រើន​ផង​ដែរ​ អំពី​វិធី​អនុវត្ត​ច្បាប់​ថ្មី​នេះ ​ហើយ​ថា​តើ​មូល​និធិ​ទាំង​អស់នោះ​នឹង​បាន​ទៅ​ដល់​ក្រុម​អ្នក​ទីទ័ល​ក្រ​ដែរ​ឬ​ទេ។

លោក​ Saich​ បាន​និយាយ​ថា៖ «នៅ​ក្នុង​សង្គម​ចិន​ ក្រុម​មនុស្ស​ដែល​គេ​ចាត់​ទុក​ថា​ជា​ក្រុម​ដែល​សង្គម​បំភ្លេច​ចោល​ ​អ្នក​រិះគន់​រដ្ឋាភិបាល និង​អ្នក​មាន​ផ្ទុក​ជំងឺ​អេដស៍​អ៊ីចឹង​ ខ្ញុំ​មិន​គិត​ថា​ ពួក​គេ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ពី​អ្នក​មាន និង​សប្បុរសធម៌​ជំនាន់​ថ្មី​នេះ​ឡើយ»។

ចំណុចវិជ្ជមាន

ក្រុម​អ្នក​វិភាគ​ខ្លះ​យល់​ថា​ ច្បាប់​ថ្មី​នេះ​នឹង​បញ្ជាក់​ឲ្យ​ឃើញ​ថា​ វា​មាន​ប្រយោជន៍​នៅ​ក្នុង​វិស័យ​សប្បុរសធម៌។ លោក​ Matthias Stepan​ ប្រធាន​កម្មវិធី​នយោបាយ​ក្នុង​ស្រុក​នៃ​វិទ្យាស្ថាន​ Mercator សម្រាប់​ការ​សិក្សា​អំពី​ប្រទេស​ចិន​នៅ​ទីក្រុង​ប៊ែកឡាំងមានប្រសាសន៍​ថា៖ «នៅ​ក្នុង​ច្បាប់​ស្តី​ពី​ជំនួយ​សប្បុរសធម៌ត្រង់​ចំណុច​«ការ​បើក​ចំហរ​ព័ត៌មាន»​ មាន​ការ​ជំរុញ​ឲ្យ​មាន​តម្លាភាព​ និង​ការ​ទទួល​ខុស​ត្រូវ​កាន់​តែ​ខ្លាំង​ នៅ​ក្នុង​ចំណោម​អង្គការ​សប្បុរសធម៌​ទាំង​អស់។​ ច្បាប់​នេះ​ពង្រឹង​ជំហរ​របស់​ម្ចាស់​ជំនួយ​ ដោយ​សារ​ពួក​គេ​អាច​តាម​ដាន​ដឹង​ថា​ តើ​ជំនួយ​របស់​ពួក​គេ​ត្រូវ​បាន​យក​ទៅ​ប្រើ​ដើម្បី​ធ្វើ​អ្វី​ខ្លះ»។

ទាក់​ទង​នឹង​ច្បាប់​ស្តីពី​ជំនួយ​សប្បុរសធម៌​ និង​ច្បាប់ស្តី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​ លោក​ Stepan បាន​និយាយ​ថា៖​ «ច្បាប់​ថ្មី​ទាំង​ពីរ​នេះ​ គឺ​ជា​កត្តា​ផ្លាស់​ប្តូរ​មួយ​សម្រាប់​ដំណើរប្រតិបត្តិការ​របស់​ពួក​គេ​នៅ​ក្នុងប្រទេសចិន។ អង្គការក្រៅ​រដ្ឋាភិបាល​អន្តរជាតិ​និង​ម្ចាស់​ជំនួយ​អន្តរជាតិ​ធំៗ​ នឹង​ពិចារណា​ឡើង​វិញ​ទៅ​លើ​ប្រភេទ​និង​ទំហំ​ប្រតិបត្តិការ​របស់​ពួក​គេ នៅ​ក្នុង​ប្រទេស​នេះ»។

លោក​បន្ថែម​ថា ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្តរជាតិ នឹង​បន្ថយ​ជំនួយ​ថវិកា​ទៅ​ប្រទេស​ចិន​ ជាពិសេស​ទៅ​អង្គការ​សប្បុរសធម៌​ដែល​គាំទ្រ​ដោយ​រដ្ឋ។ «អ្វី​ដែល​ខ្ញុំ​រំពឹង​នោះ​គឺ​ថា ពួក​គេ​នឹង​ផ្តោត​ទៅ​លើ​កម្មវិធី​កសាង​សមត្ថភាព​ឲ្យ​បាន​កាន់​តែ​ច្រើន»៕​

ប្រែ​សម្រួល​ដោយ​ សើ​ សាយ្យាណា