ប្រទេសចិន បានបញ្ចប់ការស្ថាបនាកប៉ាល់ដែលមានទម្ងន់១ម៉ឺន៤ពាន់៣រយតោន ដែលមានឈ្មោះថា «Peace Ark» ដែលអាចជួយកប៉ាល់បរទេសពេលមានអាសន្នក្នុងសមុទ្រដែលមានជម្លោះខ្លាំងបំផុតក្នុងតំបន់អាស៊ី និងដើម្បីជួយធ្វើឲ្យប្រសើរឡើងនូវកិត្យានុភាពដែលរងការខូចខាតរបស់រដ្ឋាភិបាលក្រុងប៉េកាំងក្នុងចំណោមរដ្ឋាភិបាលនៅក្នុងតំបន់។
រដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើឲ្យបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីមានការមិនសប្បាយចិត្តចាប់តាំងពីឆ្នាំ២០១០មកដោយការចាក់ដីធ្វើប្រជុំកោះតូចៗនៅក្នុងសមុទ្រចិនខាងត្បូងដែលមានការប្រទាញប្រទង់គ្នាដើម្បីប្រើការខាងយោធា។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ វៀតណាម និងប្រទេសហ្វីលីពីន បានទាមទារផ្នែកនានានៃតំបន់ជាន់គ្នានៃដែនសមុទ្រដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការ៉េជាមួយចិន។ ចិនបានទាមទារសមុទ្រនោះប្រហែល៩០ភាគរយជារបស់ខ្លួន។
កប៉ាល់ពេទ្យដែលមានប្រវែង១៧៨ម៉ែត្រដែលបានចាប់ផ្តើមផលិតនៅឆ្នាំ២០០៨ នឹងផ្តល់ជំនួយមនុស្សធម៌អន្តរជាតិ ធ្វើការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិនិងធ្វើការផ្លាស់ប្តូរការសិក្សាវេជ្ជសាស្រ្ត។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការនៃប្រទេសចិនដែលបានរាយការណ៍កាលពីថ្ងៃសុក្រ ទី២០ ខែកញ្ញា។
លោក Trung Nguyen ជាព្រឹទ្ធបុរសសាលាទំនាក់ទំនងអន្តរជាតិនៅឯសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គមនិងមនុស្សជាតិក្នុងទីក្រុងហូជីមិញ បាននិយាយថា៖ «ខ្ញុំគិតថា ចិនចង់ស្តារកិត្យានុភាពរបស់ខ្លួន ជាមហាអំណាចដែលមិនបង្កគ្រោះថ្នាក់នៅក្នុងតំបន់។ ចិនចង់ឲ្យប្រទេសផ្សេងៗទៀតមានការទុកចិត្តលើខ្លួនថាជាប្រទេសមួយដែលមើលថែទាំពួកគេដើម្បីជំនួសសហរដ្ឋអាមេរិកនៅក្នុងតំបន់»។ ទីភ្នាក់ងារព័ត៌មានស៊ីន ហួ បានរាយការណ៍ថា កប៉ាល់ពេទ្យពណ៌សនោះដែលត្រូវបានប្រតិបត្តិការដោយកងនាវាកងទ័ពរំដោះប្រជាជនចិន មានកម្ពស់៣៥ម៉ែត្រកន្លះ ហើយមាន៨ជាន់។
លោក Carl Thayer ជាសាស្ត្រាចារ្យខាងនយោបាយនៅឯសាកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី និយាយថា ក្រុមមន្រ្តីចិនអាចសង្ឃឹមថា នៅទីបញ្ចប់កប៉ាល់របស់ពួកគេ អាចប្រៀបធៀបទៅនឹងកប៉ាល់ពេទ្យ USNS Mercy របស់សហរដ្ឋអាមេរិក។
លោក Thayer មានប្រសាសន៍ទៀតថា កប៉ាល់ USNS Mercy មានទីតាំងនៅទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ាដើម្បីគាំទ្រកងទ័ពសហរដ្ឋអាមេរិក រួមមានទាំងនាវាហើយអាចផ្តល់ការថែទាំខាងមនុស្សធម៌ក្នុងអំឡុងពេលសន្តិភាព។ កងនាវាសហរដ្ឋអាមេរិកនៅមហាសមុទ្រប៉ាស៊ីហ្វិក បានប្រាប់ឲ្យដឹងនៅឆ្នាំ២០១៦ថា កប៉ាល់ពេទ្យ USNS Mercy នឹងត្រូវបញ្ជូនទៅកាន់តំបន់អាស៊ី រួមមានវៀតណាមនិងហ្វីលីពីនដើម្បីហ្វឹកហាត់ផ្តល់ជំនួយសង្គ្រោះ។ កប៉ាល់នោះដឹកបុគ្គលិកមកពីប្រទេសជាច្រើននៅពេលបំពេញបេសកកម្ម។
លោក មានប្រសាសន៍ទៀតថា៖ «កប៉ាល់ជួយសង្គ្រោះនោះ អាចត្រូវរៀបចំបម្រុងធ្វើដូចជាកប៉ាល់ពេទ្យអាមេរិកដែរ។ កប៉ាល់ពេទ្យនោះមិនត្រូវតែជារបស់ចិនទេ។ វាអាចជារបស់រដ្ឋចម្រុះ ដូច្នេះ ចិន ឥឡូវនេះបានស្ថិតនៅក្នុងសម្ព័ន្ធភាពធំៗនោះដែរ»។
បើតាមកម្មវិធីកិច្ចផ្តួចផ្តើមនៅក្រោមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិដែលជាអង្គការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ប្រទេសទាមទារដែនសមុទ្រផ្សេងទៀត មិនមានកម្លាំងខាងយោធា ឬបច្ចេកវិទ្យាដូចរដ្ឋាភិបាលក្រុងប៉េកាំងនៅក្នុងសមុទ្រដែលលាតសន្ធឹងពីកោះ Borneoទៅដល់ទីក្រុងហុងកុង។ នៅលើកោះ៣ដ៏សំខាន់នៅក្នុងប្រជុំកោះ Spratly ចិនបានស្ថាបនាផ្លូវយន្តហោះ និងកន្លែងសម្រាប់ទុកយន្តហោះ។
ចិនក៏ប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅលើដែនសមុទ្រនោះដែរ ហើយកាលពីខែសីហា កប៉ាល់ដែលដឹកជញ្ជូនទំនិញ៨ពាន់តោន បានឆ្លងកាត់សាកល្បងដែលអាចដឹកគ្រឿងផ្គត់ផ្គង់ទៅកាន់កោះតូចៗទាំងនោះ។
លោក Oh Ei Sun អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិក្នុងប្រទេសសិង្ហបុរី បាននិយាយថា កប៉ាល់ពេទ្យរបស់ចិន នឹងចូលរួមជាមួយអង្គភាពយោធាផ្សេងទៀតដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួននៅក្នុងសមុទ្រដូចជាជួយផ្តល់ប្រយោជន៍សាធារណជនផងដែរ។
ប្រទេសទាមទារដែនសមុទ្រទាំងអស់ឲ្យតម្លៃសមុទ្រត្រូពិកនោះចំពោះការសម្បូរត្រី ថាមពលនិងផ្លូវនាវាចរណ៍។ ចិននិងវៀតណាម បានប៉ះទង្គិចគ្នាជារឿយៗនៅសមុទ្រនោះចាប់តាំងពីទសវត្សរ៍១៩៧០មក។ ប្រទេសហ្វីលីពីនកំពុងក្តៅក្រហាយកាន់តែខ្លាំងឡើងអំពីសកម្មភាពចិននៅប្រជុំកោះ Spratly ដែលនៅទីនោះរដ្ឋាភិបាលក្រុងម៉ានីល ក៏បានទាមទារកោះតូចៗចំនួន១០ដែរ។
ដោយសារតែមានការដាក់គំនាបពីបរទេសធ្វើឲ្យមានទំនាក់ទំនងប្រសើរឡើងជាមួយប្រទេសទាមទារផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៦មក ចិនបានចាប់ផ្តើមការវិនិយោគទុននិងជំនួយដល់ប្រទេសខ្លះនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានប្រទេស១០ជាសមាជិក កំពុងជំរុញនៅពេលឥឡូវនេះឲ្យមានក្រមប្រតិបត្តិដើម្បីបញ្ចៀសគ្រោះថ្នាក់ជាអកុសលនៅតាមដែនសមុទ្រ ហើយរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាធម្មតាបានបញ្ជូននាវាចម្បាំងទៅព្រមានចិនដែលបានប្រឆាំងនឹងប្រទេសផ្សេងទៀតមិនឲ្យប្រើប្រាស់ផ្លូវទឹកនេះ។
លោក Oh បានមានប្រសាសន៍ទៀតថា «ប្រសិនបើ ចិន ធ្វើឲ្យប្រសើរឡើងនូវកិត្យានុភាពនិងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសទាមទារដែនសមុទ្រចិនខាងត្បូងផ្សេងៗទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ចិន ត្រូវតែផ្តល់ប្រយោជន៍សាធារណៈកាន់តែច្រើនឡើងថែមទៀតក្នុងទម្រង់ដូចជាកប៉ាល់ពេទ្យនេះ»។
លោក Oh ប្រមើលមើលថា កប៉ាល់ពេទ្យនេះ ធ្វើការជួយសង្គ្រោះដើម្បីទាក់ទាញការចាប់អារម្មណ៍ដូចជាការបើកចម្ងាយជាង១ពាន់គីឡូម៉ែត្រដើម្បីជួយអ្នកនេសាទនោះ។
លោក Nguyen បាននិយាយទៀតថា៖ «ក៏ប៉ុន្តែ សម្រាប់វៀតណាមដែលជាប្រទេសមួយជំទាស់ប្រឆាំងយ៉ាងខ្លាំងដល់ការត្រួតត្រារបស់ចិននៅសមុទ្រចិនខាងត្បូងមានការសង្ស័យចំពោះគោលបំណងពិតនៃកបាល់ពេទ្យចិននេះ»៕
ប្រែសម្រួលដោយជឹង ប៉ូជីន