អតីតរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ហោ ណាំហុង បានថ្លែងថា កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)ជាមួយប្រទេសចិននៅខែក្រោយនេះឲ្យបានមុនថ្ងៃដែលប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប(EBA)ត្រូវដក។
លោក ហោ ណាំហុង ដែលជាប្រធាននៃក្រុមការងារចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយភាគីចិន បានថ្លែងបែបនេះ កាលពីសប្តាហ៍មុន ក្រោយការសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី (Wang Yi)តាមប្រព័ន្ធវីដេអូអនឡាញ។
លោក ហោ ណាំហុង បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិននេះនឹងត្រូវចុះហត្ថលេខានៅប្រទេសចិនឲ្យបានមុនថ្ងៃទី១២ខែសីហាដោយលោកបញ្ជាក់ថា ចុះឲ្យបានមុនពេលដែលសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធEBA ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសចិន។ មន្រ្តីកម្ពុជាមិនទាន់អាចបញ្ជាក់ពេលវេលាជាក់លាក់នៅឡើយទេ។
លោក ហោ ណាំហុង ឲ្យដឹងទៀតថា រដ្ឋមន្ត្រីការបរទេសចិនក៏បានសន្យាថា នឹងជួយកម្ពុជា«ជាបន្ទាន់និងជាអាទិភាព»លើការស្ថាបនាផ្លូវ ធ្វើប្រព័ន្ធទឹក រោងចក្រស្តុកនិងសម្ងួតស្រូវនិងការបន្តពង្រីកទីផ្សារកសិផលរបស់កម្ពុជា រួមមានស្រូវ ស្វាយ ចេក ទុរេន ផ្លែមៀនប៉ៃលិន កៅស៊ូ ម្សៅដំឡូងមី និងទឹកមាត់ត្រចៀកាំជាដើម។
លោកបន្តថា៖«ទីមួយ គាត់[រដ្ឋមន្រ្តីការបរទេសចិន]ស្នើឲ្យក្រសួងកសិកម្មរៀបចំផែនការបន្ទាន់បំផុត។ ទីមួយផែនការអភិវឌ្ឍន៍ទំនើបកម្មកសិកម្ម។ ទីពីរ ធ្វើសួនកសិ-ឧស្សាហកម្ម ដោយសារកសិកម្មយើង វាអាចក្លាយជាកសិឧស្សាហកម្មហើយ»។
អតីតរដ្ឋមន្រ្តីការបរទេសរូបនោះបញ្ជាក់ថា មិត្តភាពរវាងកម្ពុជាចិនបានដល់«កម្រិតខ្ពស់បំផុត»នៅពេលនេះ ហើយថ្នាក់ដឹកនាំប្រទេសចិនប្តេជ្ញាជួយកម្ពុជា«តាមការត្រូវការរបស់កម្ពុជា»។
ប្រទេសកម្ពុជានិងចិនធ្លាប់បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។
កិច្ចព្រមព្រៀងនេះធ្វើឡើងស្របពេលដែលកម្ពុជានឹងរងគ្រោះ ដោយសារការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខាងមុខ ដែលនឹងនាំឲ្យកម្ពុជាខាតបង់ទឹកប្រាក់អនុគ្រោះពន្ធដែលត្រូវកាត់២០%ក្នុងមួយឆ្នាំ ហើយកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ។ ការដកទណ្ឌកម្ម EBAនេះធ្វើឡើងដោយសារសហភាពអឺរ៉ុបរកឃើញការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិនមានទឹកប្រាក់ប្រមាណ ៧,៤ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ២០១៨។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា។ នៅក្នុងនោះកម្ពុជាមានឱនភាពដោយសារតែការនាំចូលពីប្រទេសចិនមានទំហំប្រមាណ ៦ ពាន់លានដុល្លារទៅហើយ ដែលខុសគ្នាប្រមាណ ៨០ ភាគរយ។ ប្រទេសទាំងពីរគ្រោងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២៣៕