ប្រទេស​ចិន​ការពារ​សំណង់​កោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង

ចិន​ថា តំបន់​ដែលផាត់ពណ៌លឿន​​នៃសមុទ្រចិន​ជាដែនទឹក​របស់ខ្លួន។ រដ្ឋាភិបាល​ឯទៀត​ក៏ទាមទារ​យ៉ាងដូច្នេះ។

រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ចិន​គឺ​លោក​វ៉ាង យី ​(Wang Yi)​ បាន​និយាយ​ថា​ ប្រទេស​របស់​លោកមាន​សិទ្ធិ​ដើម្បី​សាងសង់​និង​អភិវឌ្ឍ​ដី​នៅ​ម្តុំ​កោះ​និង​ថ្ម​ប៉ប្រះ​ទឹក​ដែល​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

សកម្ម​ភាព​របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ពី​សហ​រដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ ​ប៉ុន្តែ​លោក​វ៉ាង​(Wang)​ បាន​និយាយ​ថា​ ប្រទេស​ចិន​នឹង​គាំទ្រ​សេរីភាព​នៃ​ការ​ធ្វើ​នាវាចរណ៍​នៅ​ក្នុង​ដែន​ទឹក​នេះ​ ហើយ​លោក​បដិសេធ​ថា ​ ការ​សាង​សង់​នេះ​មិន​ធ្វើ​ឡើង​ក្នុង​បំណង​ដើម្បីតម្រង់​គោល​ដៅ​ចំពោះ​ប្រទេស​ណា​មួយ​ឡើយ។​

ជាច្រើន​ខែ​មក​ហើយ​ មាន​ការ​ត្អូញ​ត្អែរ​អំពី​សកម្ម​ភាព​របស់​ប្រទេស​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ ​ហើយ​នៅ​ប៉ុន្មាន​សប្តាហ៍​កន្លង​មក​ ការ​វិភាគ ​និង​រូបថត​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន ​IHS Jane’s ​និង​មជ្ឈ​មណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធ​សាស្រ្ត​និង​អន្តរជាតិ​ បាន​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​ចិន​ទាក់ទង​នឹង​សកម្ម​ភាព​នេះ។

យោង​តាមការ​វិភាគ​ និង​រូបភាពផ្កាយ​រណប​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​កំពុង​តែ​ធ្វើ​សកម្ម​ភាព​សាងសង់​ថ្ម​ប៉ប្រះ​ទឹក​មួយ​ចំនួន​ដែល​ខ្លួន​គ្រប់គ្រង​ ដែល​មានចម្ងាយរាប់រយ​គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​របស់​ខ្លួន។ ​នៅ​លើ​ថ្ម​ប៉ប្រះ​ទឹក​មួយ​ ប្រទេស​ចិន​បាន​ចាក់​ដី​យ៉ាង​ច្រើន​ដែល​បាន​បង្កើត​ជា​កោះ​ថ្មី​មួយ​ឡើង។​ ប្រទេស​ចិន​បាន​សាងសង់​កន្លែង​សម្រាប់​ឧទ្ធម្ភាគ​ចក្រ​ចុះចត​នៅ​លើ​កោះមួយ​និង​វាល​យន្តហោះ​ចុះចត​មួយ​នៅ​លើ​កោះផ្សេង​មួយ​ទៀត។​

ទោះ​យ៉ាង​ណា​ រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​របស់ចិន​គឺ​លោក​វ៉ាងយី​(Wang Yi)​ បាន​មាន​ប្រសាសន៍​ថា ​ការ​សាងសង់​នេះ​គឺ​ជា​ការ​ចាំបាច់​ ហើយ​វាមិន​មែន​ជា​សញ្ញា​បង្ហាញ​ថា នយោបាយ​របស់​ចិនចំពោះ​តំបន់​នេះ​មានការផ្លាស់​ប្តូរ​នោះ​ទេ។

ថ្លែង​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​សភា​នៅ​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​នេះ ​លោក​វ៉ាង ​(Wang)​ ក៏បាន​មាន​ប្រសាសន៍​ថា​ ការ​សាងសង់​នេះ​មិន​មាន​គោល​បំណង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ណា​មួយ​នោះ​ទេ។​

លោក​វ៉ាង ​(Wang)​បាន​និយាយ​ថា​ ប្រទេស​ចិន​គឺ ​«មិនដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​សាងសង់​ខុស​ច្បាប់​នៅក្នុង​ផ្ទះ​របស់​នរណា​ម្នាក់​នោះ​ទេ» ​ហើយ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ «មិន​ទទួល​យក​ការ​រិះគន់​ពី​អ្នក​ដទៃ​ទេ​ ព្រោះថា​ យើង​គ្រាន់តែ​ធ្វើការ​សាងសង់​នៅ​ក្នុង​ទឹក​ដីរបស់​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ»។ ​លោក​បាន​និយាយ​ថា​ ប្រទេស​ចិន​មាន​ «សិទ្ធិ​គ្រប់​យ៉ាង​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ស្រប​ច្បាប់​ និង​មាន​យុត្តាធិការ»។​

ប្រទេស​ចិន​បាន​និយាយ​ថា​ ស្ទើរ​តែ​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ផ្នែក​នៃ​ទឹក​ដី​របស់​ខ្លួន​ ហើយ​ចិន​បាន​គូសបន្ទាត់ព្រំដែន​ដែលមានគំនូស​ប្រាំបួននៅ​លើ​ផែន​ទី​ផ្លូវការ​របស់​ខ្លួន​ដើម្បី​បង្ហាញ​ពីការ​ទាមទារថា​ តំបន់​នោះ​នៅ​ក្នុង​បូរណ​ភាព​ទឹកដី​របស់​ចិន។​

មិនមែន​មាន​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំងមួយ​ទេ​ដែល​ទាមទារ​យក​កោះ​និង​ថ្ម​ប៉ប្រះ​ទឹក​ក្នុង​សមុទ្រ​សម្បូរ​ទៅ​ដោយ​ធនធាន​ថាមពល​ ហើយ​ដែល​ជា​ផ្លូវ​ដឹក​ជញ្ជូន​ពិភព​លោក​ដ៏​សំខាន់​នេះ​ ​គឺមាន​បរទេស​ផ្សេង​ទៀត​ក៏​ទាមទារ​ថា​ តំបន់​នេះ​ជា​បូរណ​ភាព​ដែនដី​របស់​គេ​ដែរ។​ ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ ការ​សាង​សង់​នេះ​នឹង​ធ្វើ​ឲ្យ​ចិន​ងាយ​ស្រួល​ក្នុង​ការ​ការ​ពារ​ការ​ទាមទាររបស់​ខ្លួន​ និងត្រៀមកម្លាំង។

ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ ​លោក​វ៉ាង យី ​(Wang Yi)​ បាន​មាន​ប្រសាសន៍​ថា​ ប្រទេស​ចិន​នឹង​បន្ត​គាំទ្រ​សេរីភាព​នៃ​ការ​ធ្វើ​នាវា​ចរណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។​

លោក​បាន​និយាយ​ថា​ ប្រទេស​ចិន​«នឹង​បន្ត​ដោះ​ស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​តាម​រយៈ​ការ​ចរចា​ និង​ការ​ពិគ្រោះ​យោបល់ដោយ​ផ្ទាល់»​ ហើយ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​«នឹង​បន្ត​ដើរ​តួនាទី​ក្នុង​ន័យ​ស្ថាបនា​ក្នុង​ការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់»។​

សកម្មភាព​ និង​ការ​អះអាងរបស់​ប្រទេស​ចិន​ទាក់ទង​នឹង​ការ​ទាមទារ​ដែនដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​និង​សមុទ្រ​ចិន​ខាង​កើតជាមួយ​ប្រទេស​ជិត​ខាង​គឺ​ជប៉ុន​នោះ​គឺ​ជា​ប្រភព​នៃ​ការខ្វែង​គំនិត​គ្នា​ជា​រឿយៗ។​

ក្រៅ​ពី​ជម្លោះជាមួយ​រដ្ឋាភិបាល​ក្រុង​តូក្យូ​អំពីប្រជុំ​កោះ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​បាន​អន់​ចិត្ត​ជា​យូរ​មក​ហើយ​ជាមួយ​នឹង​អ្វី​ដែល​ចិន​មើល​ឃើញ​ថា​ ជប៉ុន​គ្មាន​ឆន្ទៈ​ទទួលកំហុសចំពោះ​សកម្ម​ភាព​របស់​ខ្លួន​ក្នុង​អំឡុងសង្រ្គាម​លោក​លើក​ទី​២។ ទំនាក់​ទំនង​របស់​ប្រទេស​ទាំងពីរ​បាន​ជាប់គាំង​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​នៅ​ខែ​ក្រោយ​នេះ​ប្រទេស​ទាំងពីរ​នឹង​ជួប​ពិភាក្សា​ផ្នែក​សន្ដិសុខ​ជាលើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល​បួន​ឆ្នាំ​កន្លងមក។ ​

នៅឯ​សន្និសីទ​មួយ​ ​លោក​វ៉ាង យី​ (Wang Yi) បាន​ផ្តល់​សញ្ញា​យ៉ាង​ខ្លាំងបំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ថា​ ប្រទេស​ចិន​អាច​អញ្ជើញ​ជប៉ុន​ ដែល​ជា​សត្រូវរបស់​ខ្លួននៅសម័យ​សង្គ្រាម​ មក​ចូល​រួម​ពិធី​រំឭក​ខួប​លើក​ទី៧០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​រៀបចំ​នៅ​ចុង​ឆ្នាំ​នេះ។​

នៅ​ពេល​សួរ​ថា​ តើ​លោក​ស៊ីនហ្សូ អាបេ (Shinzo Abe)​ នាយក​រដ្ឋមន្រ្តី​ជប៉ុននឹង​ត្រូវ​បាន​អញ្ជើញ​មក​ពិធី​នេះ​ឬ​ទេ​ គាត់​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ប្រទេស​ចិន​នឹង​ផ្តល់​ការ​អញ្ជើញ​ទៅ​កាន់​មេ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​ ដែល​ពាក់ព័ន្ធ​ទាំង​អស់។​

មេដឹក​នាំ​ចិន​គឺ​លោក​ស៊ី ជីនពីង ​(Xi Jingping)​ បានផ្តល់​គោល​នយោបាយថ្មី​នៅ​ក្នុង​នយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ដោយ​ប្រើ​វិធាន​ដែល​ផ្តល់​តួនាទី​កាន់តែ​ធំមួយ​ឲ្យ​ប្រទេស​ចិន​ក្នុង​កិច្ចការ​ពិភព​លោក​ គឺ​តួនាទី​សាកសម​នឹង​ឋានៈ​សេដ្ឋកិច្ច​របស់​ចិន​ ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំបំផុត​ទីពីរ​ក្នុង​ពិភព​លោក។

ទោះ​យ៉ាង​ណា ​សកម្ម​ភាព​របស់​លោក ​នៅ​ពេល​ខ្លះ​បាន​នាំឲ្យ​មានការ​សង្ស័យ​ថា​ ​ប្រទេស​ចិន​កំពុង​ស្វែងរក​ការ​បង្កើត​ច្បាប់​របស់​ខ្លួន​ ហើយមិន​អើពើ​នឹង​បទដ្ឋាន​អន្តរ​ជាតិ។​

​លោកវ៉ាង យី (Wang Yi)​ ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ចិន​ បាន​និយាយ​ថា​ ប្រទេស​ចិន​មិន​ចង់​ធ្វើឲ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​ពិភព​លោក​នាពេល​បច្ចុប្បន្ន​នេះ​ទេ​ ប៉ុន្តែ​ប្រទេស​ចិន​ជឿ​ថា​ ប្រព័ន្ធ​នាពេល​បច្ចុប្បន្ន​នេះ​ត្រូវតែ​ធ្វើ​ឲ្យ​ទាន់​បច្ចុប្បន្ន​ភាព​ ដើម្បី​ផ្តល់​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នូវ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​កាន់​តែ​ច្រើន​ជាង​មុន។​

ដោយប្រៀបធៀប​អង្គការ​សហ​ប្រជាជាតិ​ទៅនឹង​ទូក​មួយ លោកវ៉ាង​ (Wang)​បាន​និយាយ​ថា​ ប្រទេស​ចិន​នៅក្នុង​នាវា​នេះ​រួម​ជាមួយ​នឹង​ប្រទេស​ជាង​១៩០ទៀត​ ​ ហើយ​ចិន​មិនចង់​ឲ្យ​នាវា​នេះ​ក្រឡាប់​ទេ តែចង់ធ្វើការ​រួមគ្នា​ជាមួយ​នឹង​អ្នក​ដំណើរ​ដទៃ​ទៀត។​

នៅពេល​ជាមួយ​គ្នា​នេះដែរ ​លោក​បាន​បន្ថែម​ថា​ ប្រទេស​ចិន​ចង់​ធ្វើឱ្យ​ប្រាកដ​ថា​ នាវា​នេះ​នឹង​ធ្វើដំណើរ​ទៅ​មុខ​ជា​លំដាប់​ ហើយ​នៅក្នុង​ទិសដ៏ត្រឹមត្រូវ៕​

ប្រែសម្រួលដោយ​ហង្ស ​វុទ្ធីកា