ចិន​ពង្រឹង«ទំនុកចិត្ត​ខាង​នយោបាយ»​ជាមួយ​វៀតណាម​នៅ​មុន​ទស្សនកិច្ច​របស់​លោក Biden ទៅ​វៀតណាម

  • ​Reuters

លោកប្រធានាធិបតី Joe Biden ថ្លែងសុន្ទរកថានៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ខាងកើតនៃសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

ប្រទេស​ចិន​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៅ​កាន់​ប្រទេស​វៀតណាម​ដើម្បី​ពង្រឹង​«ទំនុក​ចិត្ត​ខាង​នយោបាយ​»រវាង​ប្រទេស​ទាំងពីរ នៅមុន​ទស្សនកិច្ច​ដែល​បាន​គ្រោងទុក​ជាមុន​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​រៀបចំ​ឡើង​ដើម្បី​បង្កើន​ទំនាក់ទំនង​ការទូត​រវាង​រដា្ឋភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ហាណូយ។

ប្រធាន​នាយកដ្ឋាន​អន្តរជាតិ​នៃ​បក្ស​កុម្មុយនិស្ត​ចិន លោក Liu Jianchao បាន​ជួប​ជាមួយ​មេដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong នៅ​ក្នុង​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ចំនួន៣ថ្ងៃ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន Xinhua។

ក្នុង​អំឡុង​ពេល​នៃ​ទស្សនកិច្ច​របស់​លោក ដែល​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ពុធ លោក Liu ក៏​បាន​ជួប​ជាមួយ​សម​ភាគី​វៀតណាម​របស់​លោក ហើយ​បាន​ជួប​ជាមួយ​អ្នកស្រាវជ្រាវ ព្រម​ទាំង​អ្នកសារព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ។

ភាគី​ទាំង​សង​ខាង​បាន​និយាយ​ថា ពួកគេ​បាន​យល់​ស្រប​គ្នា​ដើម្បី​ពង្រឹង​ការ​ទុកចិត្តទៅវិញ​ទៅ​មក​ខាង​នយោបាយ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ដើម្បី​ដោះស្រាយ​បញ្ហា​នានា។

លោក Biden គ្រោង​នឹង​ទៅ​ដល់​ប្រទេស​វៀតណាម នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​បំពេញ​ទស្សនកិច្ច​មួយ​ដែល​គេ​រំពឹង​ថា​នឹង​នាំ​ឱ្យ​មាន​ការ​បង្កើន​ចំណង​ទាក់ទង​ទ្វេ​ភាគី ហើយ​ទាញ​ប្រទេស​វៀតណាម​ចេញ​ពី​រង្វង់​របស់ប្រទេស​ចិន។

ប្រទេស​ចិន​និង​ប្រទេស​វៀតណាម​មាន​ចំណង​ទាក់ទង​ជិតស្និទ្ធ​នឹង​គ្នា​ជា​យូរ​មក​ហើយ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ដែនទឹក​ជាមួយ​នឹង​គ្នា​ទាក់ទិន​នឹង​សមុទ្រ​ចិន​ខាង​ត្បូង។ សហរដ្ឋអាមេរិក ដែល​ជា​ទីផ្សារ​នាំចេញ​ធំ​ជាង​គេ​របស់​វៀតណាម​ស្រាប់​ហើយ​នោះ ក៏​មិន​ចាញ់​ចិន​ដែរ ដោយសារ​សហរដ្ឋ​អាមេរិក​មាន​ធនធាន​និង​បច្ចេកវិទ្យា ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​វៀតណាម។

លោក Biden បាន​និយាយ​ថា ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​វៀតណាម មាន​គោលបំណង​បង្កើន​ចំណងទាក់ទង​របស់​ប្រទេស​ទាំងពីរ និង​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក ក្លាយ​ជា​ដៃគូ​ធំ​មួយ។

លោក​នឹង​ជួប​ជាមួយ​អគ្គលេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​លោក Nguyen Phu Trong នៅ​ក្នុង​ទស្សនកិច្ច​នេះ៕

ទីក្រុង​ប៉េកាំង ប្រទេស​ចិន