គម្រោងរបស់រដ្ឋាភិបាលចិននៅក្នុងការសាងសង់ស្ថានីយត្រួតពិនិត្យមួយនៅលើថ្មប៉ប្រះទឹកដ៏តូចមួយផ្ទាំងដែលតវ៉ាដោយរដ្ឋាភិបាលហ្វីលីពីន នឹងបំផ្លាញទំនុកចិត្តដែលប្រេះស្រាំរួចទៅហើយរវាងប្រទេសទាំងពីរ និងធ្វើឲ្យប្រធានាធិបតីហ្វីលីពីន ដែលមានបំណងស្វែងរកជំនួយសេដ្ឋកិច្ចរបស់ចិន មានអារម្មណ៍វិលវល់។
ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិនបានដកស្រង់សម្ដីរបស់អភិបាលក្រុង Sansha ខេត្ត Hainan របស់ចិន ដែលបាននិយាយកាលពីសប្ដាហ៍មុនថា រដ្ឋាភិបាលរបស់លោកនឹងចាប់ផ្ដើមរៀបចំកិច្ចការសាងសង់ស្ថានីយត្រួតពិនិត្យបរិស្ថាននៅលើថ្មប៉ប្រះទឹក Scarborough Shoalដែលស្ថិតនៅចម្ងាយ ២៣០ គីឡូម៉ែត្រពីកោះ Luzon ប្រទេសហ្វីលីពីន នៅក្នុងឆ្នាំនេះ។
ប្រសិនបើចិនអនុវត្តគម្រោងនេះមែន ចិននឹងធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្ត ដែលខ្លួនបានបង្កើតឡើងជាមួយនឹងប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពប្រេះឆាចាប់ពីឆ្នាំ ២០១២ ដល់ពាក់កណ្ដាលឆ្នាំ ២០១៦។ នេះបើយោងតាមការបញ្ជាក់របស់អ្នកវិភាគនានា។
លោក Duterte បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងកាលពីខែតុលា ឆ្នាំមុន និងបានសន្យាថា នឹងទុកបញ្ហាជម្លោះដែនសមុទ្រនេះមួយឡែក។ នៅពេលនោះ ចិនក៏បានប្ដេជ្ញាថានឹងផ្ដល់ថវិកាចំនួន ២៤ ពាន់លានដុល្លារអាមេរិក ទាំងផ្នែកជំនួយ និងទាំងផ្នែកវិនិយោគ។
លោក Jay Batongbacal ប្រធានវិទ្យាស្ថានសិក្សាកិច្ចការសមុទ្រ និងច្បាប់សមុទ្រ នៃសាកលវិទ្យាល័យ Philippines បាននិយាយថា លោកប្រធានាធិបតីហ្វីលីពីនកំពុងតែច្របូកច្របល់នាពេលឥឡូវនេះ ដោយសារតែលោកបានស្វាគមន៍ជំនួយរបស់ចិននៅក្នុងការកសាងផ្លូវរថភ្លើងមួយខ្សែ ដែលមានប្រវែង ៨៣០ គីឡូម៉ែត្រ នៅលើកោះ Mindanao៕