ចិន​និង​ស.រ.អា​ថ្កោលទោស​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង

មេដឹកនាំកូរ៉េខាងជើង​លោក Kim Jong Un (កណ្តាល)។ ចិន​និង​ស.រ.អា​ថ្កោលទោស​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

ការ​សាក​ល្បង​គ្រាប់បែក​អ៊ីដ្រូសែន​របស់​កូរ៉េ​ខាង​ជើង​បាន​បន្សល់​ទុក​ឲ្យ​ពិភពលោក​នូវ​ជម្រើស​តិចតួច​ប៉ុណ្ណោះ​ ដែល​មិន​ទាន់​ត្រូវ​បាន​ជ្រើស​យក​មក​ប្រើ​ នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​របប​ដឹកនាំ​ប្រទេស​នោះ​បោះបង់​ចោល​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។ ស.រ.អា​និយាយ​ថា​ ចិន​គួរ​ដាក់​សម្ពាធ​ខ្លាំង​ជាង​មុន​ទៅ​លើ​កូរ៉េ​ខាង​ជើង ដែល​ជា​ប្រទេស​ជិត​ខាង​ប៉ែក​ឦសាន​របស់​ខ្លួន។​

ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរដោយ​ប្រទេស​កូរ៉េ​ខាង​ជើង​ គឺ​ជា​ការ​សាក​ល្បង​សារ​ជា​ថ្មី​ទៅ​លើ​ក្រុម​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​ ដោយ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​អាមេរិក​លោក​ចន​ ឃឺរី (John Kerry) បាន​ធ្វើ​ការ​ព្រមាន​ទៅ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ ខ្លួន ​(រដ្ឋាភិបាល​ក្រុង​ប៉េកាំង) ​ត្រូវ​ពង្រឹង​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​ជំរុញ​ឲ្យ​របប​ដឹកនាំ​នៅ​កូរ៉េ​ខាង​ជើង​បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

ប៉ុន្តែ​សម្រាប់​ចិន​ ការ​ព្រួយបារម្ភ​ផ្សេងៗ​អំពី​ការ​ដួល​រលំ​ដែល​អាច​កើត​មាន​ឡើង​នៃ​របប​ដឹកនាំ​នៅ​កូរ៉េ​ខាង​ជើង​ នៅ​តែ​មាន​ទំនោរ​ខ្ពស់​ជាង​ការ​ព្រួយបារម្ភទៅ​លើ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

លោក Victor Teo គឺ​ជា​ជំនួយការ​សាស្រ្តាចារ្យ​នៅ​មហាវិទ្យាល័យ​ហុងកុង (University of Hong Kong)។

លោក​បាន​និយាយ​ថា «ការណ៍​នេះ​បាន​ដាក់​ប្រទេស​ចិន​នៅ​ក្នុង​គោលជំហរ​ដ៏​លំបាក​មួយ។​ ចិន​គឺ​ជា សម្ព័ន្ធមិត្ត​ដ៏​សំខាន់​បំផុត​មួយ​របស់​កូរ៉េ​ខាងជើង​ ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៥០មក។ ចិន​គឺ​ជា​ប្រទេស​ផ្គត់ផ្គង់​ចម្បង​ទៅ​លើ​ផ្នែក​ថាមពល​ និង​ស្បៀងអាហារទៅ​កាន់​ប្រជាជន​កូរ៉េ​ខាង​ជើង»។

ចិន​គឺ​ជា​ប្រទេស​ជិត​ខាង​របស់​កូរ៉េ​ខាង​ជើង​ ហើយ​នៅ​ស្រប​ពេល​ដែល​ទំនាក់ទំនង​ការ​ទូត​បាន​ថមថយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​ភាព​រឹងមាំ។ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​សរុប​៦.៤០០​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៤។

សហរដ្ឋអាមេរិក​និយាយ​ថា ចិន​អាច​ដាក់​សម្ពាធ​ទៅ​លើ​កូរ៉េ​ខាង​ជើង​តាមរយៈ​ការ​កាត់​បន្ថយ​ថាមពល​ទៅ​លើ​ប្រទេស​នោះ និង​ការ​ដាក់​កំហិត​ទៅ​លើ​ពាណិជ្ជកម្ម។ ចិន​បាន​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​ឆៅ​ទៅ​កូរ៉េខាងជើង​នៅ​ក្នុង​ឆ្នាំ២០១៣ បន្ទាប់​ពី​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​កាល​ពី​គ្រា​មុន។​ ប៉ុន្តែ​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ជា​ច្រើន​បែប​ ដែល​ភាគ​ច្រើន​មាន​គោល​ដៅ​ដាក់​ទៅ​លើ​យោធា​កូរ៉េ​ខាង​ជើង​ បាន​បរាជ័យ​នៅ​ក្នុង​ការ​ជះ​ឥទ្ធិពល​ទៅ​លើ​របប​ដឹកនាំ​នៅ​ក្នុង​ប្រទេស​នោះ។ កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ចំនួន​បួន​លើក​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​មក។​

លោក​ Wang Dong គឺ​ជា​សាស្រ្តាចារ្យ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​មហាវិទ្យាល័យ​ប៉េកាំង​ (Peking University)។

លោក​បាន​និយាយ​ថា៖ «យើង​ត្រូវ​តែ​ទទួល​ស្គាល់​ថា​ បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ គឺ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ ហើយ​តាម​ពិត​ទៅ​ វា​មិនមែន​គ្រាន់​តែ​ជា​បញ្ហា​របស់​ចិន​នោះ​ទេ។​ ចិន​តែ​ម្នាក់​ឯង​មិន​អាច​ដោះស្រាយ​បញ្ហា​នោះ​បាន​ទេ»។

ចិន​មាន​ទំនោរ​នៅ​ក្នុង​ការ​តតាំង​នឹង​ការ​ដាក់​សម្ពាធ​ពី​ស.រ.អា​នៅ​ក្នុង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​ទៅ​លើ​គោលនយោបាយ​របស់​ខ្លួន​ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង។

របប​ដឹកនាំ​នៅ​កូរ៉េ​ខាង​ជើង​បាន​ផ្តល់​ជា​ថ្នាល​យុទ្ធសាស្រ្ត​មួយ​នៅ​តាម​បណ្តោយ​ព្រំដែន​ភាគ​ឦសាន​របស់ចិន ហើយ​ការ​ដួល​រលំ​របស់​កូរ៉េ​ខាង​ជើង​នឹង​នាំ​មក​នូវ​អស្ថេរភាព​ទៅ​លើ​ចិន​ ដែល​កំពុង​តែ​ជួប​ប្រទះ​នូវ​ការ​ថយ​ចុះ​កំណើន​សេដ្ឋកិច្ច​ ការ​កើន​ឡើង​នៃ​ចំនួន​បាតុកម្ម​តវ៉ា​ផ្នែក​ពលកម្ម​ពាសពេញ​ប្រទេស ក៏​ដូចជា​ភាព​វឹកវរ​នៅតំបន់​ទីបេ​ និង​ខេត្ត Xinjiang​ នៅ​ព្រំដែន​ភាគខាង​លិច​របស់​ខ្លួន។

លោក Xiache Cheng ជា​សាស្រ្តាចារ្យ​មក​ពី​សាកលវិទ្យាល័យ Renmin។

លោក​បានមាន​ប្រសាសន៍​ថា៖ «ពិត​ណាស់ ចិន​នឹង​សហការ​ជាមួយ​នឹង​ស.រ.អា ប៉ុន្តែ​ចិន​មិន​ស្ថិត​នៅ​ក្នុង​គោលជំហរ​មួយ​នៅ​ក្នុង​ការ​អនុវត្ត​សំណើ​ណែនាំ​ដោយ​ស.រ.អា​ទាំង​ស្រុង​នោះ​ទេ។ ចិន​នឹង​លើក​ឡើង​ពី​សំណើ​ផ្ទាល់​របស់​ខ្លួន​»។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ថ្កោលទោស​កូរ៉េ​ខាង​ជើង​ពី​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ ប៉ុន្តែ​បាន​និយាយ​ថា​ ចិន​មិន​មាន​ការ​ទទួល​ខុសត្រូវ​តែ​ម្នាក់​ឯង​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​ទៅ​លើ​របប​ដឹកនាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ​ទេ។ នៅ​ក្នុង​បទ​វិចារណកថា​មួយ​ សារព័ត៌មាន China Daily បាន​ធ្វើ​ការ​ព្រមាន​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ «មិន​គួរ​លី​សែងបញ្ហា​ជាប់គាំង» រវាង​ស.រ.អា​ និង​កូរ៉េ​ខាង​ជើងដែល​កើត​មាន​បន្ទាប់​ពី​សង្រ្គាម​កូរ៉េ​នោះ​ទេ៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា