ប្រទេសចិនបានយល់ព្រមតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន សម្រាប់ការបន្តបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីរបស់ខ្លួនចូលទៅក្នុងប្រទេសដែលស្ថិតនៅក្នុងតំបន់ទន្លេមេគង្គក្រោម ខណៈដែលគ្រោះរាំងស្ងួតបានបន្តកើតមាននៅក្នុងតំបន់នេះ។ នេះបើយោងទៅតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។
ការយល់ព្រមរបស់ភាគីចិននេះ កើតមានផងដែរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាសាធារណៈកាលពីច័ន្ទម្សិលមិញនេះ ថាលោកបានស្នើឲ្យភាគីចិនបន្តបង្ហូរទឹកពីទំនប់វារីអគ្គិសនីជីងហុងមកកាន់ប្រទេសស្ថិតក្នុងតំបន់ទន្លេមេគង្គ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា ភាគីចិនបានយល់ព្រមបន្តបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនីរបស់ខ្លួន។ នេះគឺជាលើកទីបី ដែលរដ្ឋាភិបាលចិនព្រមបន្តបង្ហូរទឹកមកក្នុងប្រទេសស្ថិតតំបន់ទន្លេមេគង្គ។ ការបង្ហូរលើកទីមួយ ត្រូវបានធ្វើឡើងកាលពីខែមករា រហូតដល់កុម្ភៈ និងលើកទីពីរ ពីថ្ងៃទី១៥ មីនា មកដល់ថ្ងៃទី ១០ ខែមេសា។
អ្នកនាំពាក្យរូបនេះ ថ្លែងប្រាប់ VOA ថា៖
«រដ្ឋាភិបាលចិនបានសម្រេច បានសម្រេចបន្តបង្ហូរទឹក ទន្លេមេគង្គហ្នឹងបន្តទៅទៀត បានន័យថា នៅពេលដែលផុតថ្ងៃ១០ហ្នឹង ចូលថ្ងៃ១១មេសាហ្នឹងគឺ ភាគីចិនគឺនៅតែបន្តបង្ហូរទឹកទន្លេមេគង្គហ្នឹង ចូលមកមេគង្គក្រោមបន្តទៀត»។
លោកមិនអាចបញ្ជាក់បានទេ ថារដ្ឋាភិបាលចិននឹងបញ្ឈប់ការបង្ហូរទឹកពីទំនប់វារីអគ្គិសនីរបស់ខ្លួន នៅពេលណានោះ។
រដ្ឋាភិបាលចិនបានបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីជីងហុងកាលពីថ្ងៃទី១៥ខែមីនាកន្លងទៅនេះ ដើម្បីជួយសម្រាលផលប៉ះពាល់ដែលបណ្តាលមកពីភាពរាំងស្ងួតនៅក្នុងប្រទេសតំបន់មេគង្គក្រោមក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
លោក សម វិទូ នាយកប្រតិបត្តិនៃអង្គការសេដាក (CDAC) ថ្លែងថា គ្រោះរាំងស្ងួតនៅក្នុងប្រទេសកម្ពុជា នៅពេលនេះ គឺមានស្ថានភាពកាន់តែអាក្រក់ បើធៀបទៅនឹងឆ្នាំមុនៗ ដោយសារបម្រែបម្រួលអាកាសធាតុនៅទូទាំងសាកលលោក។ លោកបញ្ជាក់ថា កង្វះប្រព័ន្ធតភ្ជាប់ទៅប្រឡាយមេដែលជាប់នឹងជាប់ទន្លេ អាចបង្កផលវិបាកដល់ការទាញយកទឹកដែលបង្ហូរពីប្រទេសចិន ហើយ កង្វះប្រព័ន្ធប្រកាសភាពអាសន្នអាចនឹងធ្វើឲ្យដំណាំកសិករនៅមាត់ទន្លេជួបការជន់លិច។
លោក សម វិទូ ពន្យល់ថា៖
«យើងអាការភ្ជាប់ទៅនឹងប្រព័ន្ធទន្លេហ្នឹងជាមួយប្រឡាយមេរបស់យើង គឺអត់មានទេ ហើយមាន មានតិចតួចណាស់ ដែល ដែលអាចធ្វើឲ្យយើងទាញទឹកយកមកប្រើប្រាស់បានបាទ។ អាហ្នឹងទីមួយ ហើយ ទីពីរតំបន់ខ្លះដែលគាត់កំពុងដាំដំណាំនៅតាមមាត់ទន្លេ ឬអីហ្នឹង ប្រសិនបើយើងអត់មានប្រព័ន្ធប្រកាសអាសន្នមុនអីទេ វាអាចទឹកធ្វើឲ្យជន់ខូចដំណាំរបស់គាត់វិញ»។
លោកបន្តថា រដ្ឋាភិបាលត្រូវបង្កើនការរៀបចំប្រព័ន្ធស្រោចស្រពឲ្យបានច្រើន ដូចជាការកសាងបន្ថែមប្រឡាយតូចៗ សម្រាប់តភ្ជាប់ទៅនឹងប្រឡាយមេធំៗ ដែលការណ៍នេះ អាចជួយបន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត ដែលនឹងអាចអូសបន្លាយទៅដល់ឆ្នាំខាងមុខទៀត។ លោកសង្កត់ថា ខេត្តដែលកំពុងរងផងប៉ះពាល់ខ្លាំងពីគ្រោះរាំងស្ងួតនៅពេលនេះ គឺជាខេត្តផលិតស្រូវធំៗរបស់កម្ពុជា។ ខេត្តទាំងនោះរួមមាន ខេត្តកំពង់ស្ពឺ ព្រៃវែង តាកែវ និងខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ព្រះវិហារ នៅក្នុងខេត្តព្រៃវែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា លោកបានស្នើឲ្យភាគីប្រទេសនៅក្នុងតំបន់មេគង្គលើ បើកការបង្ហូរទឹកមកកាន់ប្រទេសក្នុងតំបន់មេគង្គក្រោមផងដែរ ដើម្បីសម្រួលដល់ការរាំងស្ងួតក្នុងតំបន់នេះ ក្រៅពីការស្នើសុំរដ្ឋាភិបាលចិនឲ្យបើកទំនប់បង្ហូរទឹកចេញនេះ។
លោក ហ៊ុន សែន ថ្លែងថា៖
«ខ្ញុំព្រះករុណាខ្ញុំក៏បានស្នើសុំឲ្យប្រទេសភូមា ប្រទេសមីយ៉ាន់ម៉ា ប្រទេសថៃ និងប្រទេសឡាវ កុំទប់ស្កាត់ទឹកនឹងច្រើនពេក ដើម្បីទម្លាក់ឲ្យមកដល់កម្ពុជា និងវៀតណាមផងដែរ វៀតណាមផងដែរ។»
លោកបានបញ្ជាក់ផងដែរថា គម្រោងសាងសង់ និងសំណង់ទំនប់វារីអគ្គិសនីធំៗ ដូចជាគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ក្នុងប្រទេសឡាវនិងមិនអាចជាមូលហេតុនៃការបង្កឲ្យមានគ្រោះរាំងស្ងួតនោះទេ តែមូលហេតុចម្បងនោះ គឺការធ្លាក់ភ្លៀងដែលមានភាពមិនប្រក្រតី។
«បញ្ហាមានទឹក ឬអត់ទឹក វាក៏ចំណុះនៅលើមេឃ នៅលើមេឃឯណោះ។ ប៉ុន្តែមេឃរបស់យើងនេះ វានាំទឹកភ្លៀងទៅធ្លាក់កន្លែងណា ដែលវា គេមិនត្រូវការរហូតដល់ស្លាប់មនុស្សទៀតផង។ ព្យុះកន្លងទៅនៅហ្វីលីពីន ក៏ប្រទះនឹងព្យុះ ហើយនៅប្រទេសឥណ្ឌា នៅប្រទេសប៉ាគីស្តង់ (ប៉ាគិស្ថាន) ទៅជាមានទឹកជំនន់ ទៅមានទឹកជំនន់ទៅកន្លែងមួយចំនួនដែលមិនធ្លាប់ជន់ ទៅប្រទេសឯហ្នុងវិញ។ ឯយើងនេះ ដែលធ្លាប់មានទឹកជំនន់ធ្លាប់មានភ្លៀងធ្លាក់គ្រប់គ្រាន់បែរជាអត់ទឹក។»
កាលពីខែមីនាកន្លងទៅ គណៈកម្មការទន្លេមេគង្គបានបង្ហាញ ការសាទរនិងគាំទ្រចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលចិនក្នុងការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីដើម្បីជួយសម្រាលបញ្ហារាំងស្ងួតនៅក្នុងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់ទន្លេមេគង្គ។ ប្រទេសស្ថិតក្នុងតំបន់ទន្លេមេគង្គដែលកំពុងជួបប្រទះនឹងភាពរាំងស្ងួតនោះ រួមមានប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម។
VOA ព្យាយាមទាក់ទងលោក ចាន់ យុទ្ធថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ដើម្បីសុំការអធិប្បាយទាក់ទិនផែនការឆ្លើយតបចំពោះការត្រៀមជួយប្រជាកសិករ ប្រសិនបើទឹកដែលបង្ហូរពីប្រទេសចិននោះ មិនអាចរួមចំណែកដល់ការសម្រាលគ្រោះរាំងស្ងួត តែនៅមិនទាន់អាចទាក់ទងបាន ដោយទូរស័ព្ទរបស់លោករោទ៍ គ្មានអ្នកទទួល។
លោក ហ៊ីង ហុន ប្រធានបណ្តាញកសិករធម្មជាតិក្នុងស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ស្ថានភាពរាំងស្ងួតឆ្នាំនេះ គឺអាក្រក់ជាងឆ្នាំមុន ដោយសារតែប្រជាកសិករនៅពេលនេះ ពុំទាន់មានលទ្ធភាពធ្វើការដាំដុះបានទេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ លោកបញ្ជាក់ថា បើទោះជាប្រទេសចិនបានបង្ហូរទឹកពីទំនប់វារីអគ្គិសនីរបស់ខ្លួនក៏ដោយ ក៏ប្រជាពលរដ្ឋនៅក្នុងស្រុកឧត្តុង្គនៅមានក្តីបារម្ភអំពីអវត្តមាននៃភ្លៀងកក់ខែ ដែលគួរតែកើតមាននៅក្នុងខែនេះ។ លោកស្នើឲ្យរដ្ឋាភិបាល និងអ្នកជំនួញធំៗ ចូលរួមចំណែកជួយប្រជាពលរដ្ឋ ប្រសិនបើពុំមានភ្លៀងកក់ខែច្រើន នៅក្នុងរយៈពេលពីរ ទៅបីខែទៀត។
«ខ្ញុំចង់សំណូមពរដែរ ទីមួយគឺរដ្ឋាភិបាល ឬក៏ក្រសួងណា ឧកញ៉ាណា ឯកឧត្តមណា ដើម្បីត្រៀម សម្រាប់ដល់ពេល ពីរ បីខែហ្នឹងណ៎ា។ ពីរ បីខែទៅមុខហ្នឹង បើអត់កក់ខែទេ ឲ្យគាត់ត្រៀមដើម្បីថាដឹកទឹក ដឹកអីជួយ ជួយកសិករហ្នឹងណ៎ាដែលគាត់ខ្វះខាតទឹកណ៎ា»។
លោកក៏បានស្នើឲ្យរដ្ឋាភិបាលធ្វើការជីកស្រះធំៗនៅតាមភូមិ ឃុំ ដើម្បីស្តុកទឹក ប្រយោជន៍ជួយដល់ប្រជាកសិករ មានទឹកប្រើប្រាស់ និងស្រោចស្រពដំណាំរបស់ខ្លួន ជាជាងតែការពឹងផ្អែកទាំងស្រុងទៅលើទឹកភ្លៀង។
ដោយឡែក ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន អំពីការកើនកម្តៅខ្លាំងពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ខែមេសានេះ។ សេចក្តីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា តំបន់វាលទំនាប សីតុណ្ហភាពអតិបរមា នឹងមានពី៣៧ ទៅ៤០ អង្សារសេ តំបន់មាត់សមុទ្រ សីតុណ្ហភាពអតិបរមានឹងមានពី៣៤ ទៅ៣៧អង្សារសេ និងតំបន់ខ្ពង់រាប សីតុណ្ហភាពនឹងមានពី៣៦ ទៅ៣៩អង្សារសេ៕