រដ្ឋាភិបាល​ចិន​ជំទាស់​នឹង​សហរដ្ឋ​អាមេរិក​ដែល​ថា​ខ្លួន​តាមដាន​រដ្ឋាភិបាល​បរទេស

លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែទ​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។

រដ្ឋាភិបាល​ចិន​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បាន​ព្យាយាម​រារាំង​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​របស់​ខ្លួន ដោយសារ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ប្រទេស​ចិន​អាច​ប្រើ​ឧបករណ៍​របស់​ខ្លួន​ដើម្បី​តាមដាន​អតិថិជន​បរទេស។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Geng Shuang បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា សហរដ្ឋ​អាមេរិក​កំពុង «ប្រឌិត​រឿង​ដោះ​សារ» និង​កំពុង​ប្រើប្រាស់​នយោបាយ​ដើម្បី​គាប​សង្កត់​ឧស្សាហកម្ម​របស់​ចិន ដោយ​លោក​ហៅ​ទង្វើ​ទាំង​នោះ​ថា «គ្មាន​ភាព​ស្មោះត្រង់ អសីលធម៌ និង​គំរាមកំហែង​គេ​ឯង»។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​សង្ស័យ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រើ​បណ្ដាញ​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា Huawei ដែល​ជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ដើម្បី​តាមដាន​រដ្ឋាភិបាល​បរទេស។

កន្លង​មក សហរដ្ឋ​អាមេរិក​មិន​បាន​ផ្ដល់​ភស្តុតាង​ច្បាស់លាស់​ណា​មួយ​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់​របស់​ខ្លួន​នោះ​ទេ ហើយ​ក្រុមហ៊ុន Huawei បាន​បញ្ជាក់​ថា ខ្លួន​នឹង​ប្រឆាំង​នឹង​ការ​ទាមទារ​ណា​មួយ​ដែល​ឲ្យ​រដ្ឋាភិបាល​ចិន​ធ្វើ​រឿង​នេះ។

ប៉ុន្តែ នៅ​ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់ កាល​ពី​សប្ដាហ៍​មុន អនុ​ប្រធានាធិបតី​អាមេរិក​លោក Mike Pence បាន​ព្រមាន​បណ្ដា​ប្រទេស​អឺរ៉ុប​នានា​កុំ​ឲ្យ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ការ​គំរាមកំហែង​របស់​ចិន នៅ​ពេល​ដែល​បណ្ដា​ប្រទេស​ទាំង​នោះ​ស្វែងរក​ក្រុមហ៊ុន​ណា​មួយ​ដើម្បី​ផលិត​បណ្ដាញ​ទូរស័ព្ទ​ចល័ត 5G៕