អង្គការ UNICEF រាយការណ៍ថាមនុស្សប្រមាណជាងពាក់កណ្តាលនៃចំនួនមនុស្ស២សែន៣ម៉ឺននាក់ដែលត្រូវបានផ្លាស់ប្តូរទីលំនៅចាប់តាំងពីខែមេសាមកគឺជាកុមារ។ របាយការណ៍នេះក៏បានបញ្ជាក់ថាប្រជាពលរដ្ឋកំពុងរស់នៅយ៉ាងកកកុញ គ្មានអនាម័យនិងប្រឈមនឹងការឆ្លងជំងឺនានា។
លោក Christophe Boulierac អ្នកនាំពាក្យអង្គការ UNICEF បានព្រមានថាកុមារដែលកើតជំងឺខ្វះអាហាររូបត្ថម្ភកំពុងប្រឈមនឹងស្ថានភាពគ្រោះថ្នាក់កើតជំងឺធ្ងន់ធ្ងរ និងអាចស្លាប់បាត់បង់ជីវិត។ លោក Christophe Boulierac បានថ្លែងថា៖ «ភ្លៀងធ្លាក់ជោគជាំបង្កឲ្យមានជំងឺឆ្លងនានារីករាលដាលនៅគ្រប់ទីកន្លែង ជាពិសេសចំពោះកុមារដែលកើតជំងឺខ្វះអាហាររូបត្ថម្ភដែលប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ខណៈដែលយើងមិនទាន់ឃើញមានការកើនឡើងនៅឡើយ គ្រោះថ្នាក់នៃការកើតឡើងនៃជំងឺឆ្លងនានាស្ថិតនៅកម្រិតខ្ពស់ និងធ្វើឲ្យមានសភាពកាន់តែធ្ងន់ធ្ងរឡើងដោយសារទឹកជំនន់»។
អង្គការ UNICEF រាយការណ៍ថាចំនួនកុមារដែលកើតជំងឺខ្វះអាហាររូបត្ថម្ភក្នុងចំណោមកុមារដែលបានផ្លាស់ប្តូរទីលំនៅ បានកើនឡើងលើសចំនួនដែលត្រូវប្រកាសអាសន្នត្រឹម១៥ភាគរយ។ បច្ចុប្បន្នចំនួនកុមារដែលកើតជំងឺខ្វះអាហាររូបត្ថម្ភបានកើនឡើងដល់ចំនួន២១ភាគរយ។ ក្នុងឆ្នាំនេះទីភ្នាក់ងាររបស់អង្គការ UNICEF បានព្យាបាលកុមារដែលកើតជំងឺខ្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរចំនួនជាង៨៨០០០នាក់ ដោយផ្តល់ជាអាហាររូបត្ថម្ភពិសេសដល់កុមារទាំងនោះ។
លោក Boulierac បានថ្លែងបន្ថែមថាគេអាចសង្គ្រោះជីវិតកុមារដែលកើតជំងឺខ្វះអាហាររូបត្ថម្ភជាច្រើននាក់ផ្សេងទៀតបាន ប្រសិនបើអង្គការ UNICEF ទទួលបានថវិការដែលត្រូវការដើម្បីជួយព្យាបាលកុមារទាំងនោះ។ លោកបានកត់សម្គាល់ឃើញថាក្តីរំពឹងទុកពីការទទួលបានថវិកាដែលត្រូវការទាំងនោះហាក់ដូចជាមិនសូវមានសង្ឃឹមនោះទេ។ លោកបានថ្លែងបន្តថាអង្គការ UNICEF បានទទួលថវិកាតិចជាង៣០ភាគរយនៃចំនួនថវិកា១៥៥លានដុល្លារដែលត្រូវបានអំពាវនាវរកសម្រាប់ជំនួយមនុស្សធម៌នៅក្នុងឆ្នាំនេះ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា